កីឡាអន្តរជាតិ
អន្តរជាតិ
បេក្ខជន​អភិបាលក្រុង​ឡុង​ដ៍​៖ ឡុង​ដ៍​ត្រៀម​រួចស្រេច​ដើម្បី​រៀប​អូឡាំពិក​ជំនួស​តូ​ក្យូ​ដែល​ប្រឈម COVID-19
21, Feb 2020 , 8:19 pm        
រូបភាព
​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស បាន​ត្រៀមខ្លួន​រួចស្រេច​ហើយ​ដើម្បី​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​រដូវក្តៅ ឆ្នាំ ២០២០ ជំនួស​ក្រុង​តូ​ក្យូ ប្រសិនបើ​ការរីក​រាលដាល​នៃ​កូ​រ៉ូ​ណាវី​រុស (COVID-19) បង្ខំ​ឲ្យ​ជប៉ុន​ផ្លាស់ប្តូរ​ទីតាំង​ប្រកួត​ចេញពី​ប្រទេស​ខ្លួន​។ លោក Shaun Bailey បេក្ខជន​ប្រជែង​តំណែង​អភិបាលក្រុង​ឡុង​ដ៍ និយាយ​បែបនេះ​។​


 
​ក្រុង​ឡុង​ដ៍ ធ្លាប់បាន​ធ្វើជា​ម្ចាស់ផ្ទះ​អូឡាំពិក​ក្នុង​ឆ្នាំ​២០១២ រួចមកហើយ ប៉ុន្តែ​មន្ត្រី​របស់​អង់គ្លេស​បានបង្ហាញ​ការចង់​រៀបចំ​ព្រឹត្តិការណ៍​នេះ​ទៀត ប្រសិនបើ​ផែនការ​របស់​ជប៉ុន​ដែ​ល​ទទួលបាន​សិ​ទិ្ធ​តាំងពី​៧​ឆ្នាំមុន តាមរយៈ​ការដេញថ្លៃ​នៅ​ឆ្នាំ ២០១៣ ត្រូវ​អាក់ខាន​វិញ ព្រោះ​តម្រូវ​ឲ្យ​ធ្វើ​នៅក្រៅ​តំបន់​អាស៊ី​នោះ​។​
 
​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) បានសម្លាប់​មនុស្ស ២២៤៥​នាក់​ហើយ​នៅក្នុង​ប្រទេស​ចិន​បើ​គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​២១ ខែកុម្ភៈ នេះ​។ ដោយឡែក​អ្នកមាន​ឆ្លង​មាន​ចំនួន​ជាង ៧៦ ០០០​នាក់​ស្ថិត​ក្នុងប្រទេស​ចំនួន​២៧ ដោយ​ភាគច្រើនបំផុត​នៅ​ចិន ជាពិសេស​នៅ​ក្រុង​វូ​ហាន​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​។ COVID-19 បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការប្រកួត​កីឡា​ជាច្រើន​នៅ​តំបន់​អាស៊ី ដោយ​ត្រូវ​លុបចោល និង​ពន្យារពេល​។​
 
​ស្របពេល​ការរីក​រាលដាល COVID-19 ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​កាល​ក្តៅ​ក៏​នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៤ ខែកក្កដា ខាងមុខនេះ​។ អ្នករៀបចំ​បាន​បង្កើត​ក្រុមការងារ​ដើម្បី​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​សុខាភិបាល​សាធារណៈ​ជុំវិញ​ជំងឺ​នេះ​ផងដែរ​។ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) ក៏បាន​អះអាង​ដែរ​ថា ខ្លួន​ត្រូវ​បានទទួល​ការផ្តល់​យោបល់​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ថា​ករណីនេះ​មិន​ឈានដល់​ការលុបចោល ឬ​ផ្លាស់ប្តូរ​ទីតាំង​ដើម្បី​បន្ត​ការប្រកួត​កីឡា​លំដាប់​ពិភពលោក​ឆ្នាំ​២០២០​នេះ​ទេ​។​
 
​ករណី​ដែល​ធ្វើ​ឲ្យ​ជប៉ុន​រឹតតែ​ពិបាក​ទៀត​នោះ គឺ​ជុំវិញ​ការ​រាលដាល​ជំងឺ COVIN-19 លើ​អ្នកដំណើរ​ក្នុង​នាវា Diamond Princess ដែល​ចត​នៅ​កំពង់ផែ​យ៉ូ​កូ​ហា​ម៉ា ប្រទេស​ជប៉ុន ដោយ​ក្នុង​នោះបាន​រកឃើញ​អ្នកស្លាប់​២​នាក់ និង​មាន​អ្នក​ឆ្លង​រហូតដល់​ជាង​៦០០​នាក់​។ បើទោះបី​មានការ​បញ្ជាក់ថា​អ្នកដំណើរ និង​បុគ្គលិក​លើ​នាវា​មួយចំនួន​ត្រូវបាន​ចាកចេញ ហើយ​អ្នក​ផ្ទុក COVIN-19 នឹង​ត្រូវគេ​ដាក់​នៅក្នុង​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​សារជាថ្មី​នោះ បានធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ថា ព្រឹ​តិ្ត​ការណ៍​អូឡាំពិក​លើក​នេះ​ប្រហែលជា​មិនអាច​ធ្វើ​នៅ​តូ​ក្យូ​ឡើយ​។​
 
​យ៉ាងណាក៏ដោយ តាមរយៈ​បណ្តាញ​សង្គម Twitter បេក្ខជន​ប្រជែង​តំណែង​អភិបាលក្រុង​ឡុង​ដ៍លោក Shaun Bailey បង្ហោះ​ថា «​ទីក្រុង​ឡុង​ដ៍​អាច​ធ្វើជា​ម្ចាស់ផ្ទះ​អូឡាំពិក​នៅ​ឆ្នាំ ២០២០»​។​
«​ដោយសារ​ការរអាក់រអួល​ដែល​បណ្តាលមកពី​ការឆ្លង COVIN-19 ដ៏​ខ្លាំងក្លា ខ្ញុំ​សូម​ជំរុញ​ឲ្យ​គណៈកម្មាធិការ​អូឡាំពិក​ពិចារណា​សម្រាប់​ឲ្យ​ទីក្រុង​ឡុង​ដ៍ដែល​បាន​ត្រៀមខ្លួន​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​អូឡាំពិក​ប្រសិនបើ​មានការ​ផ្លាស់ប្តូរ​ចាំបាច់​ណាមួយ​»​។ នេះ​ជាការ​អះអាង​របស់លោក Bailey ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters៕

លោក Shaun Bailey បេក្ខជនប្រជែងតំណែងអភិបាលក្រុងឡុងដ៍


Tag:
 COVID-19
  កីឡា​អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com