កីឡាអន្តរជាតិ
អន្តរជាតិ
Pep Guardiola ប្ដូរផ្ដាច់​មិន​ទៅ​ចោល Man City ទេ ទោះ​ជាប់​បម្រាម UCL
21, Feb 2020 , 3:36 pm        
រូបភាព
​លោក Pep Guardiola នៅ​ថ្ងៃទី​១៩ កុម្ភៈ អះអាងថា​នឹង​នៅ​ជាមួយ Manchester City ហើយ​លោក​សង្ឃឹម​ខ្ពស់​ថា​នឹង​ឈ្នះ​ការប្តឹងតវ៉ា​ចំពោះ​ការហាមឃាត់​មិន​ឲ្យ​លេង Champions League រយៈពេល​២​ឆ្នាំ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី​សំណាក់​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA)​។​



UEFA បានដាក់​ពិន័យ Man City មិន​ឲ្យ​លេង Champions League ២​រដូវ​កាល ពោល​រហូតដល់​ឆ្នាំ​២០២២ និង​ប្រាក់​៣២​លាន​ដុល្លារ​អាមេរិក ក្រោយ​រកឃើញថា​ក្លិប​អង់គ្លេស​មួយ​នេះ បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​កំណត់​ហិរញ្ញវត្ថុ​លើ​ការចំណាយ (Financial Fair Play) បន្ទាប់ពី​ពួកគេ​បាន​ចំណាយ​ប្រាក់​ច្រើន​លើស​ចំណូល​ដើម្បី​ទិញដូរ​កីឡាករ​រយៈពេល​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​។​
 
​ការដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​នេះ​នឹងធ្វើ​ឲ្យ​ក្រុម​រហស្សនាម​មេឃ​ខៀវ​ខាតបង់​ប្រាក់ចំណូល​ប្រមាណ​ជាង​២០០​លាន​ដុល្លារ​ពី​ការលេង​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​រយៈពេល​ពីរ​រដូវ​កាល​។ ដោយសារ​ហេតុផល​នេះ បានធ្វើ​ឲ្យ​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester មួយ​នេះ ប្រតិកម្ម​យ៉ាងខ្លាំង និង​ប្ដេជ្ញា​ប្តឹង​ឧ​ទ្ធ​ណ៍​ទៅ​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS)​ផង​។​
 
​ចំពេល​បញ្ហា​កើតឡើង​បែបនេះ មានការ​លើកលើងថា​លោក Guardiola អាច​នឹង​លាលែង​ពី​តំណែង​អ្នកចាត់ការ Man City ប្រសិនបើ​ក្លិប​ប្តឹង​ឧទ្ធរណ៍​បរាជ័យ​។ ប៉ុន្តែ​ការលើកឡើង​នេះ​មិន​ពិត​ឡើយ អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​បាន​ចេញមក​អះអាង​ជា​សាធារណៈ​ថា​លោក​នឹងមិន​បោះបង់ចោល​ក្រុម​នេះឡើយ បើ​ទោះ​តុលាការ​សម្រេច​បែបណាក៏ដោយ​។​
 
​លោក Guardiola ប្រាប់​ទូរទស្សន៍ Sky Sports បន្ទាប់ពី​ទទួល​ជ័យជម្នះ ២-០ លើ​ក្រុម West Ham ថា​៖«​ប្រសិនបើ​ពួកគេ​មិន​បណ្តេញ​ខ្ញុំ ខ្ញុំ​នឹង​នៅទីនេះ​។ ទីមួយ​ពីព្រោះ​ខ្ញុំ​ចង់​ស្នាក់នៅ​។ វា​មាន​អ្វី​ពិសេស​ជាង​កិច្ចសន្យា​ដែល​ខ្ញុំ​មាន​។ ដូចដែល​ខ្ញុំ​បាន​និយាយ​ពីមុន និង​និយាយ​ឥឡូវនេះ គឺ​ខ្ញុំ​ចង់​នៅ និង​ជួយ​ក្លិប​ដើម្បី​រក្សា​កម្រិត​ឲ្យ​បាន​រឹងមាំ​តាមតែ​អាចធ្វើ​ទៅបាន​។ ខ្ញុំ​ស្រឡាញ់​ក្លិប​នេះ គ្មាន​ហេតុផល​ត្រូវ​ចាកចេញ​ទេ​»​។​
 
Man City ដែល​ស្ទើ​តែ​អស់​ឱកាស ដើម្បី​ការពារ​តំណែង​ជើងឯក Premier League រដូវ​កាល​នេះ នៅមាន​ភារកិច្ច​ប្រជែង​យកពាន​កំពូល​អឺរ៉ុប​ដើម្បី​លួង​ចិត្ត​ក្រុម​អ្នកគាំទ្រ​របស់​ពួកគេ​។ Man City ត្រូវធ្វើ​ដំណើរ​ទៅ​ជួប Real Madrid សម្រាប់​ជំនួប​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League នៅ​រាត្រី​ថ្ងៃទី​២៧ ខែកុម្ភៈ មុន​ត្រឡប់​ទៅ​ទឹកដី​ខ្លួន​នា​ជំនួប​ជើង​ទី​២​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០៕

Tag:
 Pep Guardiola
  Manchester City
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com