អន្តរជាតិ
ចិន និង​កូរ៉េខាងត្បូង យល់ព្រម​សហការគ្នា​ប្រយុទ្ធប្រឆាំង COVID-19
21, Feb 2020 , 9:59 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបភាព៖ AFP
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបភាព៖ AFP
​ចិន និង​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២០ ខែកុម្ភៈ បាន​យល់ព្រម​បង្កើត​កិច្ច​សហ​ប្រ​ត្តិ​ការ​ជាមួយគ្នា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី តាមរយៈ​ការចែករំលែក​ព័ត៌មាន និង​បទពិសោធន៍​ជាមួយគ្នា​ទៅវិញទៅមក​។


 
​តាមរយៈ​កិច្ចសន្ទនា​តាម​ទូរ​សព្ទ ប្រធានាធិបតី​ស៊ី ជិន​ភីង និង​សម​ភាគី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​យល់ព្រម​ចែករំលែក​បទពិសោធ​ពាក់ព័ន្ធ​នឹង​កូ​រ៉ូ​ណា​វីរុស​ជាមួយគ្នា ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Kang Min-seok នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​។​
 
​ជាមួយគ្នានេះ លោក​ប្រធានាធិបតី​ចិន បានស្នើ​កូរ៉េខាងត្បូង​ឲ្យ​ជួយ​ចែករំលែក​ព័ត៌មាន​សុខភាព​របស់​អ្នកជំងឺ​។ ជាការ​ឆ្លើយតប លោក មូ​ន បាន​បញ្ជាក់ថា កូរ៉េខាងត្បូង រំពឹងថា ភាគី​ទាំងពីរ នឹង​អាចឆ្លើយតប​រួមគ្នា ក្នុងការ​ប្រយុទ្ធ​ជាមួយ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ ហើយ​ការផ្លាស់ប្តូរ​ព័ត៌មាន ក៏​សំខាន់​សម្រាប់​ប្រទេស​ទាំងពីរ​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។​
 
​ដោយសារតែ​ជា​ប្រទេសជិតខាង​គ្នា ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​បញ្ជាក់ថា ការឈឺចាប់​របស់​ចិន ក៏​ជាការ​ឈឺចាប់​របស់​កូរ៉េខាងត្បូង ហើយ​ប្រជាជន​កូរ៉េខាងត្បូង ក៏​សូម​ចូលរួម​រំលែក​ទុក្ខ​ប្រជាជន​ចិន ដែល​បាន​បាត់បង់​ជីវិត​ដោយសារ COVID-19 ផងដែរ​។ ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​អរគុណ ប្រមុខរដ្ឋ​ចិន បាន​អះអាងថា ប្រទេសជិតខាង​ទាំងពីរ នឹង​សហការ​ជាមួយគ្នា ដើម្បី​កម្ចាត់​សត្រូវ​រួមគ្នា​មួយ​នេះ​។ 
 
​ក្រៅពី​និយាយ​ពី​បញ្ហា​កូ​រ៉ូ​ណាវី​រុស ប្រមុខរដ្ឋ​ទាំងពីរ ក៏បាន​លើកឡើង​ពី​បញ្ហា​កូរ៉េខាងជើង​ផងដែរ​។ បានសេចក្តីថា បើទោះបីជា​កូ​រ៉ូ​ណាវី​រុស កំពុង​អុកឡុក​នៅក្នុង​តំបន់​ក៏ពិតមែន ប៉ុន្តែ​បញ្ហា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​នៅតែ​សំខាន់​។ បើតាម​ការអះអាង​រប​ស់លោក ស៊ី គម្រោង​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​កូរ៉េខាងត្បូង នឹង​កើតមាន​ក្នុងពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ជជែក​ពី​បញ្ហា​កូរ៉េខាងជើង បើទោះជា COVID-19 បាន​ផ្ទុះឡើង​ក៏ដោយ​៕

Tag:
 ចិន​
  កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com