អន្តរជាតិ
ចិន នឹង​សាកល្បង​វ៉ាក់សាំង​COVID-19 នៅ​ចុងខែ​មេសា​
21, Feb 2020 , 10:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​លោក Xu Nanping អនុរដ្ឋមន្ត្រី​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ចិន នា​ថ្ងៃទី​២១ ខែកុម្ភៈ បាន​អះអាងថា វ៉ាក់សាំង​ការពារ​COVID-19 នឹងដាក់​សាកល្បង​នៅ​ចុងខែ​មេសា​ខាងមុខ​។ ការលើកឡើង​បែបនេះ គឺធ្វើឡើង​ក្រោយ​អង្គការ​សុខភាព​ពិភពលោក បាន​អះអាង​នៅ​ថ្ង​ទី​១៨ ខែកុម្ភៈ​ថា វា​ត្រូវការ​ពេល​ច្រើនជាង​មួយឆ្នាំ ដើម្បី​អភិវឌ្ឍ​វ៉ាក់សាំង​ការពារ COVID-19 ឲ្យ​មាន​ប្រសិទ្ធភាព​។


 
​នា​សន្និសីទ​សារព័ត៌មាន លោក Xu Nanping អនុរដ្ឋមន្ត្រី​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ចិន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​អ្នកជំនាញ ៣​ឬ​៤​ក្រុម កំពុង​ព្យាយាម​រក​វិធីសាស្ត្រ​ផ្សេងៗ ដើម្បី​អភិវឌ្ឍ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព ហើយ​វ៉ាក់សាំង​ដំបូង​គេ​បំផុត ត្រូវគេ​រំពឹងថា នឹងដាក់​ឲ្យ​សាកល្បង​នៅ​អំឡុង​ចុងខែ​មេសា​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។ 
 
​យ៉ាងណាក៏ដោយ លោក Xu បាន​បន្តទៀតថា ពេលនេះ ការអភិវឌ្ឍ និង​ការស្រាវជ្រាវ​វ៉ាក់សាំង​របស់​ចិន គឺ​ស្ថិតនៅ​ក្នុងដំណាក់កាល​មូលដ្ឋាន​ជាមួយ​ប្រទេស​ដៃគូ​ផ្សេងទៀត​ប៉ុណ្ណោះ​។​
 
​ចំណែក​នាយករង​គណៈ​កម្ម​ការ​សុខាភិបាល​ជាតិចិន Zeng Yixin ការអភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង​កូ​រ៉ូ​ណាវី​រុស ត្រូវបាន​ចិន​ប្រើប្រាស់ ៥​វិធីសាស្ត្រ​ផ្សេងៗ​គ្នា​។ ក្នុងនោះ​មាន​វិធីសាស្ត្រ​មួយចំនួន​ដូចជា ការប្រើប្រាស់​កូ​រ៉ូ​ណាវី​រុស​គ្មាន​ប្រតិកម្ម ដើម្បី​បង្កើត​វ៉ាក់សាំង និង​ការប្រើប្រាស់​ប្រព័ន្ធ​ហ្សែ​ន ដើម្បី​ប្រឆាំង​កូ​រ៉ូ​ណា​វីរុស​ជាដើម​។ ប៉ុន្តែ​បច្ចុប្បន្ននេះ ការអភិវឌ្ឍ​វ៉ាក់សាំង គឺ​ស្ថិតក្នុង​ដំណាក់កាល​អនុ​វត្ត​លើស​ត្វ​តែប៉ុណ្ណោះ​។​
 
​បើតាម​ការអះអាង​រប​ស់​អង្គការ​សុខាភិបាល​អន្តរជាតិ​នា​ថ្ងៃទី​១៨ ខែកុម្ភៈ ការអភិវឌ្ឍ​វ៉ាក់សាំង​លើ​កូ​រ៉ូ​ណាវី​រុស គឺ​ត្រូវការ​ពេល​រហូត​ពី ១២​ខែ រហូតដល់ ១៨​ខែ​ឯណោះ ដើម្បី​ឲ្យ​វា​មាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​កូ​រ៉ូ​ណាវី​រុស​។​
 
​សូមបញ្ជាក់ថា ករណី​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ប្រទេស​ចិន និង​បាន​រីកសាយ​ភាយ​ដល់​ប្រទេស​ជាង​២៥​នោះ ពេលនេះ ក្រុម​អ្នកជំនាញ​មិនទាន់​រកឃើញ​វ៉ាក់សាំង ឬ​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ ប៉ុន្តែ​អាជ្ញាធរ​ចិន បាន​អះអាងថា​មាន​ថ្នាំ​មួយចំនួន មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល COVID-19​នេះ​។ ក្នុងនោះ​មានដូចជា ថ្នាំបុរាណ​ចិន និង​ថ្នាំ​ប្រឆាំង​ជំងឺគ្រុនចាញ់​ជាដើម​៕ 

Tag:
 ​ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com