ជាតិ
វីដេអូ
«​អាង​ជើងគ្រុស​» ជាទី​តាំង​គយគន់​សុរិយា​អស្តង្គត និង​ជិះទូក​មើល​សត្វ​ស្លាប​ដ៏​ទាក់ទាញ​នៅ​បន្ទាយឆ្មារ​
21, Feb 2020 , 5:29 pm        
រូបភាព
រូបភាពពី Cambodia Amazing Trip Planner
រូបភាពពី Cambodia Amazing Trip Planner
​បន្ទាយមានជ័យ​៖ អាង​ជើងគ្រុស ជា​អាង​មួយ​ដ៏​ធំ ដែល​ស្តុក​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុងការ​ស្រោចស្រព​ដំណាំ​កសិកម្ម និង​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ មិន​ត្រឹម​ជា​អាង​ស្ដុក​ទឹក​ប៉ុណ្ណោះ​ទេ អាង​ជើងគ្រុស ក៏​ជា​តំបន់​ទេសចរណ៍​សក្ដានុពល សម្រាប់​ពលរដ្ឋ និង​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត​ផងដែរ​។ លោក ម៉ៅ ស៊ី អ្នកគ្រប់គ្រង​នា​អាង​ជើងគ្រុស លើកឡើងថា​៖ «​ពី​ដើមឡើយ​ទីតាំង​នេះ ជា​ព្រៃ និង​មាន​ភាពស្ងាត់ជ្រងំ ប៉ុន្តែ​ក្រោយ​មានការ​អភិវឌ្ឍ បាន​ក្លាយជា​តំបន់​ទេសចរណ៍​ដែលមាន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​ច្រើន​»​។


 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក ម៉ៅ ស៊ី ប្រធាន​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ និង​ជា​អ្នកគ្រប់គ្រង​អាង​ជើងគ្រុស​ដូចតទៅ​៖

 
 
​អាង​ជើងគ្រុស​នេះ មាន​ចម្ងាយ​៥​គីឡូម៉ែត្រ ពី​ប្រាសាទបន្ទាយឆ្មារ ដែល​ស្ថិត​ក្នុងភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ ភ្ញៀវទេសចរ និង​ពលរដ្ឋ ដែល​មក​កម្សាន្ត​នៅ​អាង​ជើងគ្រុស​នេះ អាច​គយគន់​សុរិយា​អស្ដង្គត ជិះទូក​មើល​សត្វ​ស្លាប និង​មាន​កន្លែង​ទទួលទាន​អាហារ រួមទាំង​មាន​ចំណត​យានយន្ត​ដ៏​ធំ​ទូលាយ​ផងដែរ​។​
 
​បើតាម​លោក ម៉ៅ ស៊ី អាង​ជើងគ្រុស​នេះ ត្រូវបាន​ជួស​ជុស និង​រៀបចំ​ជា​កន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ បាន​រយៈពេល ៦​ខែ​មកហើយ​។ លោក ម៉ៅ ស៊ី បន្តថា​៖ «​អាង​ជើងគ្រុស​នេះ បានប្រែក្លាយ​ពី​តំបន់​ដែល​ពលរដ្ឋ​នេសាទ​ខុសច្បាប់ មកជា​តំបន់​ផ្ដល់​ចំណូល​ដល់​ពលរដ្ឋ តាមរយៈ​សកម្មភាព​ទេសចរណ៍​»​។ 
 
អត្ថបទទាក់ទង
​អាង​ជើងគ្រុស មាន​ស្ពាន​បណ្ដែត​ទឹក និង​ផែ​សម្រាប់​ភ្ញៀវទេសចរ​អង្គុយ និង​ឈរ​ថតរូប​ទុកជា​អនុស្សាវរីយ​។ ថ្ងៃ​ចុង​សប្ដាហ៍ និង​ថ្ងៃ​បុណ្យទាន ជា​ថ្ងៃ​ដែល​ពលរដ្ឋ និង​ភ្ញៀវទេសចរ មកលេង​តំបន់​នេះ​ច្រើនជាងគេ​។ អាង​ជើងគ្រុស ដែលជា​សក្ដានុពល​ថ្មី នៅ​ឃុំ​បន្ទាយឆ្មារ​នេះ ត្រូវបាន​ថែរក្សា​អនាម័យ និង​សម្អាត​បាន​ត្រឹមត្រូវ ដោយ​ក្រុមការងារ​នៅ​ទីនោះ​។ 
​គួរ​បញ្ជាក់ថា នៅ​បរិវេណ​អាង​ជើងគ្រុស​នេះ នឹង​សាងសង់​ស្ពាន​បណ្ដែត​សម្រាប់​ឆ្លងទៅ​កាន់​កោះ ជាទី​កប់​សព​នា​សម័យបុរាណ​ផងដែរ​៕ 

រូបភាពពី​ Cambodia Amazing Trip Planner៖







Tag:
 អាង​ជើងគ្រុស​
  បន្ទាយមានជ័យ​
  បន្ទាយឆ្មារ​
© រក្សាសិទ្ធិដោយ thmeythmey.com