ជាតិ
វីដេអូ
«អាងជើងគ្រុស» ជាទីតាំងគយគន់សុរិយាអស្តង្គត និងជិះទូកមើលសត្វស្លាបដ៏ទាក់ទាញនៅបន្ទាយឆ្មារ រូបភាពពី Cambodia Amazing Trip Planner
× បន្ទាយមានជ័យ៖ អាងជើងគ្រុស ជាអាងមួយដ៏ធំ ដែលស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងការស្រោចស្រពដំណាំកសិកម្ម និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ មិនត្រឹមជាអាងស្ដុកទឹកប៉ុណ្ណោះទេ អាងជើងគ្រុស ក៏ជាតំបន់ទេសចរណ៍សក្ដានុពល សម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរទៅទស្សនាកម្សាន្តផងដែរ។ លោក ម៉ៅ ស៊ី អ្នកគ្រប់គ្រងនាអាងជើងគ្រុស លើកឡើងថា៖ «ពីដើមឡើយទីតាំងនេះ ជាព្រៃ និងមានភាពស្ងាត់ជ្រងំ ប៉ុន្តែក្រោយមានការអភិវឌ្ឍ បានក្លាយជាតំបន់ទេសចរណ៍ដែលមានប្រជាពលរដ្ឋមកកម្សាន្តច្រើន»។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក ម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍បន្ទាយឆ្មារ និងជាអ្នកគ្រប់គ្រងអាងជើងគ្រុសដូចតទៅ៖
អាងជើងគ្រុសនេះ មានចម្ងាយ៥គីឡូម៉ែត្រ ពីប្រាសាទបន្ទាយឆ្មារ ដែលស្ថិតក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ភ្ញៀវទេសចរ និងពលរដ្ឋ ដែលមកកម្សាន្តនៅអាងជើងគ្រុសនេះ អាចគយគន់សុរិយាអស្ដង្គត ជិះទូកមើលសត្វស្លាប និងមានកន្លែងទទួលទានអាហារ រួមទាំងមានចំណតយានយន្តដ៏ធំទូលាយផងដែរ។
បើតាមលោក ម៉ៅ ស៊ី អាងជើងគ្រុសនេះ ត្រូវបានជួសជុស និងរៀបចំជាកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរ បានរយៈពេល ៦ខែមកហើយ។ លោក ម៉ៅ ស៊ី បន្តថា៖ «អាងជើងគ្រុសនេះ បានប្រែក្លាយពីតំបន់ដែលពលរដ្ឋនេសាទខុសច្បាប់ មកជាតំបន់ផ្ដល់ចំណូលដល់ពលរដ្ឋ តាមរយៈសកម្មភាពទេសចរណ៍»។
អាងជើងគ្រុស មានស្ពានបណ្ដែតទឹក និងផែសម្រាប់ភ្ញៀវទេសចរអង្គុយ និងឈរថតរូបទុកជាអនុស្សាវរីយ។ ថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យទាន ជាថ្ងៃដែលពលរដ្ឋ និងភ្ញៀវទេសចរ មកលេងតំបន់នេះច្រើនជាងគេ។ អាងជើងគ្រុស ដែលជាសក្ដានុពលថ្មី នៅឃុំបន្ទាយឆ្មារនេះ ត្រូវបានថែរក្សាអនាម័យ និងសម្អាតបានត្រឹមត្រូវ ដោយក្រុមការងារនៅទីនោះ។
គួរបញ្ជាក់ថា នៅបរិវេណអាងជើងគ្រុសនេះ នឹងសាងសង់ស្ពានបណ្ដែតសម្រាប់ឆ្លងទៅកាន់កោះ ជាទីកប់សពនាសម័យបុរាណផងដែរ៕
រូបភាពពី Cambodia Amazing Trip Planner៖
Tag:
អាងជើងគ្រុស
បន្ទាយមានជ័យ
បន្ទាយឆ្មារ
© រក្សាសិទ្ធិដោយ thmeythmey.com