កីឡាអន្តរជាតិ
អន្តរជាតិ
​ដោយ​ក្តី​អាណិតអាសូរ Ronaldo ចង់ទៅ​ចិន​ដើម្បី​លើកទឹកចិត្ត​អ្នកជំងឺ COVID-19
21, Feb 2020 , 4:59 pm        
រូបភាព
​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) នៅក្នុង​ប្រទេស​ចិន​បានធ្វើ​ឲ្យ​មាន​អ្នកស្លាប់​ឡើងដល់ ២២៤៥​នាក់ ហើយ និង​អ្នក​ឆ្លង​មាន​ជាង ៧៦ ០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន​២៧​។ ដើម្បី​សម្តែង​សាមគ្គីភាព​ជាមួយ​ស្ថានភាព​នេះ Cristiano Ronaldo ខ្សែប្រយុទ្ធ​ឆ្នើម Juventus អះអាងថា​ខ្លួន​នៅ​ទៅ​ប្រទេស​ចិន​នៅ​ឆ្នាំនេះ ឬ​ឆ្នាំក្រោយ​។


 
​តាមរយៈ​វីដេអូ​រយៈពេល​ជាង​៦​នាទី ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ Ronaldo ផ្ទាល់ ខ្សែប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​រូបនេះ​បាន​ឆ្លៀត​យក​ប្រយោជន៍​ពី​វីដេអូ​ដែល​ធ្វើ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន Nike ដើម្បី​ផ្ញើ​សារ​ទៅ​ជនជាតិ​ចិន​ដែល​កំពុង​រង​ទុក្ខ​ដោយសារ​កូ​រ៉ូ​ណាវី​រុស​ដ៏​កាច​សាហាវ​នេះ​។​

 
 
 «​ឥឡូវនេះ​ខ្ញុំ​មានឱកាស​ផ្ញើ​ការ​អោប​ដ៏​កក់ក្តៅ​ទៅកាន់​ប្រជាជន​ចិន ខណៈ​ពួកគេ​កំពុង​ទទួល​ការរង​ទុក្ខ​ធ្ងន់ធ្ងរ​។ ខ្ញុំ​សូម​លើកដៃ​បួងសួង និង​អធិស្ឋាន​ដល់​ពួកគេ ហើយ​ខ្ញុំ​សង្ឃឹមថានឹង​អាច​វិលត្រឡប់​ទៅ​ប្រទេស​ចិន​ម្តងទៀត​នៅ​ឆ្នាំនេះ ឬក៏​ឆ្នាំក្រោយ​។ នេះ​ជា​ប្រទេស​គួរ​ឲ្យ​ស្រឡាញ់​។ នេះ​ជាការ​អះអាង​របស់​អតីត​សមាជិក​ក្រុម Manchester United និង Real Madrid ដោយ​ឆ្លើយឆ្លង​ជាមួយ​ក្មេងប្រុស​ម្នាក់​។​
 
Ronaldo ធ្លាប់បាន​ទៅ​ប្រទេស​ចិន​ពីរ​បី​ដង​រួចមកហើយ​។ ទស្សនកិច្ច​ចុងក្រោយ​របស់​ខ្សែប្រយុទ្ធ​ក្រុម​រហស្សនាម​សេះបង្កង់​ទៅកាន់​ចិន គឺ​កាលពី​ខែកក្កដា ឆ្នាំ ២០១៨ ក្នុង​កម្មវិធី​ផ្សាយពាណិជ្ជកម្ម​មួយ​។ 
 
​ការ​រាលដាល​នៃ COVID-19 បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រឹត្តិ​កាណ៍​កីឡា​ជាច្រើន​ផងដែរ​។ ការប្រកួត AFC Champions League ដែល​ត្រូវ​ប៉ះ​ក្រុម​ចិន សុទ្ធតែ​ត្រូវបាន​ពន្យា​ពេល ហើយ​កម្មវិធី​ប្រណាំង​រថយន្ត Formula One រដូវ​កាល​នេះ​នៅ​សៀង​ហៃ​ក៏​ដូចគ្នា​៕

Tag:
 COVID-19
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com