អន្តរជាតិ
កូរ៉េខាងត្បូង រកឃើញ COVID-19 ៤៨​ករណី​ថ្មី ដែល​សរុប​ស្មើ ២០៤​នាក់​
21, Feb 2020 , 5:59 pm        
រូបភាព
សារព័ត៌មាន Korea Herald
សារព័ត៌មាន Korea Herald
ដោយ:
​កូរ៉េខាងត្បូង បាន​រកឃើញ​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន ៤៨​នាក់​បន្ថែមទៀត នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២១ ខែកុម្ភៈ ។ ដោយ​បន្ថែម​ពី​ករណី​ឆ្លង ៥២ នាក់ ដែល​អាជ្ញាធរ​កូរ៉េខាងត្បូង​បានប្រកាស​កាលពី​ព្រឹក​មិញ តួលេខ​អ្នកជំងឺ​នៅ​ទូទាំងប្រទេស ឡើងដល់ ២០៤ នាក់​។

 
​ក្នុងចំណោម​ករណី​ចុងក្រោយ​ទាំងនេះ មនុស្ស ៤៦​នាក់​ដែល​ឆ្លង​វីរុស​នេះ ជាប់​ពាក់ព័ន្ធ​នឹង​វិហារ​សាសនា​គ្រឹ​ស្ត Shincheonji ក្នុង​ក្រុង Daegu ភាគខាងត្បូង​នៃ​ប្រទេស​កូរ៉េខាងត្បូង​។ មជ្ឈមណ្ឌល​កូ​រ៉​សម្រាប់​គ្រប់គ្រង​និង​បង្កា​ជំងឺ បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​។​
 
​គ្រឹ​ស្ត​បរិស័ទ​ជាង​១០០​នាក់​នៃ​វិហារ Shincheonji បាន​ឆ្លង​ជំងឺ COVID-19 ដែល​ចាប់​ផ្ដើមចេញពី​ស្ត្រី​អាយុ ៦១​ឆ្នាំ​ម្នាក់​។ ស្ត្រី​រូបនេះ បានចេញ​រោគសញ្ញា​នៃ​ជំងឺ តាំងពី​ថ្ងៃ​១០ ខែកុម្ភៈ ក៏ប៉ុន្តែ​លោកស្រី​បាន​មាន​វត្ត​មាននៅ​វិហារ​យ៉ាងតិច ៤ លើក មុនពេល​ដឹងថា​ឈឺ​។ 
 
​អាជ្ញាធរ​កូរ៉េខាងត្បូង បាន​រកឃើញ​ករណី​ស្លាប់​ដោយសារ​ជំងឺ COVID-19 លើក​ទី​១ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកុម្ភៈ​។ អ្នកស្លាប់​រូបនេះ គឺជា​អ្នកជំងឺ​រ៉ាំរ៉ៃ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​តំបន់ Cheongdo ។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ COVID-19 ត្រូវបាន​គេ​រកឃើញ មាន​រយៈពេល​ជិត ២​ខែ​ហើយ និង​បាន​រាតត្បាត​នៅក្នុង​ប្រទេស​ចិន និង ២៩​ប្រទេស​។ ក្នុងនោះ​អ្នកស្លាប់​បាន​កើន​ដល់ ២២៤៥​នាក់ និង​អ្នកជំងឺ កើន​ឡើងដល់​ប្រមាណ ៧៦ ០០០​នាក់​៕

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com