ជាតិ
លោកយាយ​វ័យ​៩៨​ឆ្នាំ ជួប​បងស្រី​វ័យ​១០១​ឆ្នាំ និង​ប្អូនប្រុស​៩២​ឆ្នាំ​វិញ ក្រោយ​បែក​គ្នា​៤៧​ឆ្នាំ​
22, Feb 2020 , 9:50 am        
រូបភាព
លោកយាយ ប៊ុន ជា (អាវស) ឱបប្អូនស្រីរបស់ខ្លួន គឺលោក យាយ ប៊ុន សែន ។ រូបថត CCF
លោកយាយ ប៊ុន ជា (អាវស) ឱបប្អូនស្រីរបស់ខ្លួន គឺលោក យាយ ប៊ុន សែន ។ រូបថត CCF
ដោយ: ថ្មីៗ
​នេះ​ជាការ​ជួបជុំ​ដ៏​រំជួលចិត្ត​មួយ​រវាង​បងប្អូន​ស្រី​ពីរ​នាក់ ដែល​ពួកគាត់​គិតពី​ម្នាក់​ទៅ​ម្នា​ក់ថា ពិតជា​បាន​ស្លាប់​នា​សម័យ​ខ្មែរក្រហម​។ ក្រោម​ការជួយជ្រោមជ្រែង​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) របស់លោក ស្កុ​ត នី​សុន (Scott Neeson) បងប្អូន​ដែលមាន​អាយុ​ជិត និង​លើស​១​សតវត្សរ៍​ទៅហើយនោះ បាន​មានឱកាស​ជួបជុំគ្នា​វិញ ក្រោយ​បែកបាក់​អស់​រយៈពេល​៤៧​ឆ្នាំ​។​



​យោងតាម​ការផ្សាយ​នៅលើ​គេហទំព័រ​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ការបែកបាក់​គ្នា បា​ន​ចាប់​ផ្តើមឡើង​កាលពី​អំឡុង​ឆ្នាំ​១៩៧៣ មុន​ការ​កាន់អំណាច​របស់​ខ្មែរក្រហម​។ លោកយាយ ប៊ុន សែន ដែលជា​ដូន​ដ៏​ជាទី​ស្រឡាញ់​ម្នាក់​នៅ​អង្គការ CCF មិនដែល​នឹកគិត​ថា បាន​ជួប​បងស្រី​របស់ខ្លួន​ឡើងវិញ​សោះ​។​



​ប៉ុន្តែ​រឿង​មិន​នឹកស្មាន​ដល់​បាន​កើតឡើង​ក្នុង​ជីវិត​ស្ត្រីវ័យ​៩៨​ឆ្នាំ​រូបនេះ ដោយសារតែ​ការប្រឹងប្រែង​ស្រាវជ្រាវ​របស់​បុគ្គលិក​អង្គការ CCF​។ គាត់​មិន​ត្រឹមតែ​បាន​ជួប​បងស្រី​វ័យ​១០១​ឆ្នាំ​នៅឡើយ ប៉ុន្តែ​ក៏បាន​ជួប​ប្អូនប្រុស​វ័យ​៩២​ឆ្នាំ ដែល​កំពុង​រស់រានមានជីវិត​ផងដែរ ដោយ​ពួកគាត់​រស់នៅក្នុង​ខេត្តកំពង់ចាម​។​


​ជំនួបបងប្អូនទាំងបីនាក់ និងកូនចៅនៅខេត្តកំពង់ចាម។ រូបថត CCF

លោកយាយ ប៊ុន សែន បានចេញ​ផ្ទះ​នៅ​ស្ទឹងមានជ័យ ដើម្បី​ធ្វើដំណើរ​ទៅ​ជួប​បងស្រី ប៊ុន ជា នៅ​ខេត្តកំពង់ចាម​។ «​ខ្ញុំ​បាន​ចេញពី​ស្រុកកំណើត​យូរហើយ ដោយ​មិនបាន​ត្រឡប់​ទៅវិញ​សោះ ដោយសារ​ខ្ញុំ​គិតថា បងប្អូន​ស្រី​ប្រុស ស្លាប់​អស់ហើយ​»​។ លោកយាយ ប៊ុន សែន បាន​និយាយ​យ៉ាង​ដូច្នេះ​។​

​លោក ស្កុ​ត នី​សុន (Scott Neeson) ស្ថាបនិក CCF បានចាត់ទុក​លោកយាយ ប៊ុន សែន ជា​ដូន​ដ៏​អស្ចារ្យ​ម្នាក់ ហើយក៏​ជាម​នុស្ស​ចំណាស់​ដំបូង​ដែល​គាត់​បាន​ជួប​នៅ​ស្ទឹងមានជ័យ​កាលពី​ឆ្នាំ​២០០៤​ផងដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com