ជាតិ
សង្គមជាតិ
ព្រះ​បរម​រតន​កោដ្ឋ បាន​សាងសង់​ស្តូប​មួយ​នៅ​ខេត្តស្ទឹងត្រែង តំណាងឱ្យ​ភាពរុងរឿង និង​ការពារ​ទឹកដី​
22, Feb 2020 , 10:59 am        
រូបភាព
​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ អតីតព្រះមហាក្សត្រ​កម្ពុ​ជា បាន​សាង​ស្តូប​មួយ នៅក្នុង​ឃុំ​អូ​ស្វាយ ស្រុក​បុរី​អូ​ស្វាយ ខេត្តស្ទឹងត្រែង ដើម្បី​តំណាងឱ្យ​ភាពរុងរឿង និង​បូរណភាព​ទឹកដី​កម្ពុជា​។ ស្តូប​នេះ បែរ​ទៅកាន់​ទិស​ធំ​ទាំង​៤ ដែល​ព្រះ​ឆាយា​លក្ខ​ព្រះ​បរម​រតន​កោដ្ឋ រូប​កម្មករ កសិករ និង​តំណាងឱ្យ​ព្រះពុទ្ធសាសនា​ជាដើម​។​
​ស្តូប​នេះ សាងសង់ឡើង​នៅក្នុង​ឆ្នាំ​១៩៦៤​។ នេះ​ជាការ​បញ្ជាក់​របស់លោក សេក ម៉ៅ មេឃុំ​អូ​ស្វាយ នៃ​ខេត្តស្ទឹងត្រែង​។

 
​លោក សេក ម៉ៅ បាន​បញ្ជាក់ថា នៅក្នុង​ចន្លោះ​ឆ្នាំ​១៩៦៤ នៃ​ការសាង់សង់​ស្តូប​នេះ ព្រះ​បរម​រតន​កោដ្ឋ ទ្រង់​សព្វ​ព្រះ​រាជហទ័យ​អភិវឌ្ឍន៍​ខេត្តស្ទឹងត្រែង​យ៉ាងខ្លាំង ដោយមាន​ការបង្កើត​រោងចក្រ ទំនុកបម្រុង​វិស័យ​កសិកម្ម និង​ដាក់​ទាហាន​ការពារ​ទឹកដី​នៅតាម​បណ្ដោយ​ខ្សែបន្ទាត់​កម្ពុជា​-​ឡាវ​ជាដើម​។ លោក សេក ម៉ៅ ដែល​ចូលមក​រស់នៅក្នុង​ឃុំ​អូ​ស្វាយ នា​ឆ្នាំ​១៩៦៦ ពោលគឺ​ក្រោយពីរ​ឆ្នាំ​នៃ​ការសាងសង់​ស្តូប​នេះ បាន​អះអាងថា ខេត្តស្ទឹងត្រែង​នៅក្នុង​អំឡុង​ទសវត្ស​៦០​នោះ គឺមាន​ការរីក​ច​ម្រើ​យ៉ាងខ្លាំង ក្រោម​ទឹក​ព្រះទ័យ​ទុកដាក់​របស់​ព្រះ​បរម​រតន​កោដ្ឋ​។​


 
​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក សេក ម៉ៅ មេឃុំ​អូ​ស្វាយ នៅ​ស្រុក​បុរី​អូ​ស្វាយ ខេត្តស្ទឹងត្រែង ដូចតទៅ​៖




 
«​ការសាងសង់​ស្តូប​ដែលជា​ស្នា​ព្រះ​ហ​ស្ថ សម្ដេច សីហនុ នេះ គឺ​តំណាងឱ្យ​កម្មករ តំណាងឱ្យ​កសិករ តំណាងឱ្យ​ព្រះពុទ្ធសាសនា និង​កេរ្តិ៍ដំណែល​ស្នាដៃ​របស់​ព្រះអង្គ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​មេឃុំ​អូ​ស្វាយ នៃ​ខេត្តស្ទឹងត្រែង​។​
 
​ទីកន្លែង​ស្តូប​របស់​ព្រះ​បរម​រតន​កោដ្ឋ​នេះ ក៏​កំពុង​ក្លាយជា​កន្លែង​ទេសចរណ៍​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផងដែរ​។ ប៉ុន្តែ​មិនទាន់​ទូលំទូលាយ​នៅឡើយ​ទេ​។ ដោយសារ​មើលឃើញ​ចំណុច​នេះ លោក សេក ម៉ៅ ក៏​គ្រោង​រៀបចំ​អភិវឌ្ឍន៍​ទីតាំង​នោះ ទៅជា​កន្លែង​ទេសចរណ៍​ផ្លូវការ​មួយ​ដែរ​។ 


 
«​នៅ​ថ្ងៃក្រោយ​យើង​នឹង​រៀបចំ​ចាក់ដី ដោយ​រៀបចំ​ឱ្យបាន​ស្អាត ដើម្បីឱ្យ​តំបន់​នេះ​ក្លាយទៅជា​អេកូ​ទេសចរណ៍​អភិរក្ស​ស្ដា​ដៃ​(​ស្នា​ព្រះ​ហស​ត្ថ​)​សម្ដេច សីហនុ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សេក ម៉ៅ ដែល​បាន​បន្ថែមថា លោក​និង​មន្ទីរ​ទេសចរណ៍ រួមជាមួយ​ដៃគូរ​ពាក់ព័ន្ធ​នានា កំពុងតែ​សហការគ្នា ដើម្បី​ការពារ​ស្តូប​មួយ​នេះ មិនឱ្យ​បាត់បង់​ឡើយ​៕
 

Tag:
 ព្រះ​បរម​រតន​កោដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com