កីឡាជាតិ
ជាតិ
ខ្សែប្រយុទ្ធ កែវ សុខ​ផេង​៖ ជួប​បឹងកេត​យ៉ាងហោច​ឈ្នះ ឬ​ស្មើ មិនអាច​ចាញ់​ឡើយ​
22, Feb 2020 , 10:21 am        
រូបភាព
កីឡាករ កែវ សុខផេង (ឆ្វេង) និងកីឡាករ ចាន់ វឌ្ឍនាកា​, រូបភាពពីវិសាខា និងបឹងកេត
កីឡាករ កែវ សុខផេង (ឆ្វេង) និងកីឡាករ ចាន់ វឌ្ឍនាកា​, រូបភាពពីវិសាខា និងបឹងកេត
ដោយ:
​ក្រុម​វិសាខា ត្រូវធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ ដើម្បី​តទល់​ជាមួយ​បឹងកេត សម្រាប់​ជំនួប​លើក​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០​។ ជាមួយគ្នានេះ ខ្សែប្រយុទ្ធ កែវ សុខ​ផេង ហាក់​មាន​ជំនឿ​ចិត្ត​ខ្ពស់​ក្នុងការ​ដណ្តើម​ជ័យជម្នះ​ពី​ការប្រកួត​ដ៏​តានតឹង និង​ជក់ចិត្ត​ប្រចាំ​សប្តាហ៍​មួយ​នេះ​។ ក្រៅពី​ជំនួប​នេះ ក៏មាន​ការប្រកួត​ពីរ​គូ​ទៀត​ផងដែរ​។

 
 
​ខ្សែប្រយុទ្ធ​ឆ្នើម​វិសាខា កែវ សុខ​ផេង បានបង្ហាញ​ពី​ការត្រៀមខ្លួន​រួចរាល់​ក្នុងការ​តទល់​ជាមួយ​ជើង​ខ្លាំង​បឹងកេត​របស់​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​។ សុខ​ផេង រំពឹងថា​ក្រុម​ខ្លួន​នឹង​ទទួលបាន​ពិន្ទុ​តិច ឬ​ច្រើន​ត្រឡប់ទៅផ្ទះ​វិញ​។ ជាមួយ​ការប្តេជ្ញា​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព រូបគេ​ជឿថា ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ នឹង​ក្លាយជា​ជំនួប​ដ៏​តានតឹង និង​ទាក់ទាញ​បំផុត​។ 
 
«​ពួកយើង​នឹង​ខំ​ពង្រឹង​ឲ្យ​ល្អ​បំផុត​ដើម្បី​ប្រជែង​យក​៣​ពិន្ទុ​ពី​បឹងកេត​ក្នុង​ការរក្សា​តំណែង​កាន់តែ​ល្អ​ក្នុង​តារាង​ចំណាត់ថ្នាក់ និយាយ​រួម​ជួប​បឹងកេត​យ៉ាងហោច​យើង​ត្រូវការ​ឈ្នះ ឬ​ស្មើ មិនអាច​ចាញ់​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​កីឡាករ កែវ សុខ​ផេង ដែល​ត្រូវបាន​ក្លិប​វិសាខា​ស្រង់​យកទៅ​បង្ហោះ​ទៅលើ​ហ្វេ​ស​ប៊ុ​ក​។​
 
​ក្រោយ​យកឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២-១ ក្នុងជំនួប​បើកឆាក ក្រុម​វិសាខា​ត្រូវធ្វើ​ដំណើរ​ទៅ​ជួប​បឹងកេត សម្រាប់​ជំនួប​សប្តាហ៍​ទី​២​នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​២២ កុម្ភៈ នេះ​។ នា​ជំនួប​បើកឆាក​បឹងកេត​បាន​ចែកគ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ​អង្គ​រថា​យ​ហ្គឺ​រ ក្រោយ​រក្សា​លទ្ធផល​ស្មើ ១-១​។ ជំនួប​រវាង​ក្រុម​ទាំងពីរ​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន S.R.U បាន​ទាក់ទាញ​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់​ច្រើនជាងគេ​ប្រចាំ​សប្តាហ៍​ទី​១​។ 
 
​ក្រៅពី​ការប្រកួត​ដ៏​ជក់ចិត្ត​ខាងលើ ក៏មាន​ការប្រកួត​ពីរ​គូ​ទៀត​ផងដែរ ក្នុងនោះ​ណាហ្គា​វើ​ល ត្រូវ​ប្រកួត​បើកឆាក​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ខណៈ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​ជើង​ខ្លាំង​ព្រះខ័ន​រាជ​ស្វាយរៀង​។ ការប្រកួត​ទាំងពីរ​ធ្វើឡើង​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ដូចគ្នា​៕    

Tag:
 Cambodian League 2020
  កែវ សុខ​ផេង​
© រក្សាសិទ្ធិដោយ thmeythmey.com