ជាតិ
ក្រសួងទេសចរណ៍​ណែនាំ​វិធានការ​បង្ការ COVID-19 សម្រាប់​អាជីវកម្ម​ស្ប៉ា​-​ម៉ាស្សា​
22, Feb 2020 , 1:59 pm        
រូបភាព
រូបភាពពីក្រសួងសុខាភិបាល
រូបភាពពីក្រសួងសុខាភិបាល
​ភ្នំពេញ​៖ អ្នកគ្រប់គ្រង​អាជីវកម្ម​ស្ប៉ា​-​ម៉ាស្សា ត្រូវមាន​វិធានការ​ក្នុងការ​បង្ការ​ជំងឺ​​កូរ៉ូណាវីរុស (COVID-19) ដែល​បច្ចុប្បន្ន​កំពុងតែ​មាន​ការរីក​រាលដាល​យ៉ាងខ្លាំង ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ផងដែរ​។​

 
​តាម​ការណែនាំ​របស់​ក្រសួងទេសចរណ៍ អ្នកគ្រប់គ្រង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​ណែនាំ​ចំណេះដឹង​ផ្សេងៗ​ដូចជា​ការលាង​សម្អាត​ដៃ និង​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​នេះ​ទៅកាន់​ភ្ញៀវ ក៏ដូចជា​បុគ្គលិក​ផងដែរ​។ 
 
​ដើម្បី​គាំទ្រ​ដល់​ការទប់ស្កាត់​នេះ អ្នកគ្រប់គ្រង​ក៏ត្រូវ​ផ្ដល់​កន្លែង​សម្អាត​ដៃ​ដែលមាន​សាប៊ូ ទឹក​អាល់កុល និង​ម៉ាស់​សម្រាប់​ប្រើប្រាស់​ទៅតាម​ទីកន្លែង​សាធារណៈ ដូចជា បន្ទប់ទឹក បន្ទប់​ប្ដូរ​សម្លៀកបំពាក់ បន្ទប់​ទទួលទាន​អាហារ និង​បន្ទប់​សម្រាប់​បុគ្គលិក​ជាដើម​។ 
 
​អ្នកគ្រប់គ្រង​ត្រូវ​សម្អាត​ទីធ្លា និង​សម្ភារ​ដែល​ប៉ះពាល់​ច្រើនដង ដូចជា ដៃ​ទ្វារ បង្កាន់ដៃ កៅអី​ម៉ាស្សា និង​ទ្រនាប់​ពូក​ម៉ាស្សា ដោយ​ប្រើ​សាប៊ូ និង​អាកុល​ឲ្យ​បាន​១-២​ដង​ក្នុង​មួយថ្ងៃ និង​ត្រូវ​រក្សា​អនាម័យ​ពី​ការប្រើប្រាស់ កន្សែង ខ្នើយ ស្រោមខ្នើយ កម្រាល និង​សម្លៀកបំពាក់ ដោយ​ផ្លាស់ប្ដូរ ឬ​សម្អាត​ឲ្យ​បាន​ម្ដង​ក្នុង​១​ថ្ងៃ​។ អ្នកគ្រប់គ្រង​ត្រូវ​ឲ្យ​បុគ្គលិក​រក្សា​អនាម័យ ពាក់​ម៉ាស និង​ស្រោមដៃ មុន​និង​ក្រោយពេល​ផ្ដល់​សេវាកម្ម​ដល់​ភ្ញៀវ​។ ត្រូវ​គ្រប់គ្រង​សំណល់​ដោយ​ការចង​មាត់​ថង់​សម្រាម​ឲ្យ​ជិត ប្រព័ន្ធ​លូ​ត្រូវ​បិត​គម្រប​ឲ្យ​ជិត និង​ប្រុងប្រយ័ត្ន​ពេល​ប្រមូល​សម្រាម ឬ​របស់​កខ្វក់​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ និង​ទឹក​អាកុល​ផងដែរ​។ អ្នកគ្រប់គ្រង ត្រូវ​ពិនិត្យ​កម្ដៅ​បុគ្គលិក​មុនពេល​ចូលធ្វើការ ហើយ​មាន​បុគ្គលិក​ណា​មាន​ជំងឺ ឬ​មិន​ស្រួលខ្លួន​ត្រូវ​អនុញ្ញាត​ឲ្យ​សម្រាក​ព្យាបាល​នៅផ្ទះ​។​

Tag:
 ក្រសួងទេសចរណ៍​
  ជំងឺ​វីរុស​កូ​រ៉ូ​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com