ជាតិ
សុខភាព
កម្ពុជា សុំ​បទពិសោធ​ពី WHO ក្នុងការ​ព្យាបាល COVID-19 ដោយ​ប្រើ​ថ្នាំ​គ្រុនចាញ់​នៅ​ចិន​
22, Feb 2020 , 11:35 am        
រូបភាព
រូបពីនាយករដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
រូបពីនាយករដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
ដោយ: ថ្មីៗ
​ទោះជា​មិនទាន់មាន​ពលរដ្ឋ​កម្ពុជាណា​ម្នាក់​ផ្ទុក​វីរុស COVID-19 ក៏ដោយ តែ​ក្រសួងសុខាភិបាល បាន​ស្នើសុំ​បទពិសោធ និង​នីតិវិធី​ពី​អង្គការ​សុខភាព​ពី​ភព​លោក (WHO) ក្នុងការ​ព្យាបាល​អ្នក​ផ្ទុក​វីរុស​នេះ ដោយ​ប្រើ​ថ្នាំ​គ្រុនចាញ់​ឈ្មោះ ក្លូ​រ៉ូ​គីន ផូស្វាត (Chloroquine Phosphate) របស់​ចិន​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ដែល​ចេញ​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​៣​របស់​ក្រុមការងារ​ឆ្លើយតប​ការចម្លង​វី​រុស COVID-19​។​



​ចិន ទើបនឹង​ប្រកាសថា ថ្នាំ​គ្រុនចាញ់ ក្លូ​រ៉ូ​គីន ផូស្វាត និង ថ្នាំបុរាណ​ចិន​ឈ្មោះ TCM មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​អ្នក​ផ្ទុក​វីរុស COVID-19​។ កន្លងមក ថ្នាំបុរាណ​ម្យ៉ាងទៀត​ឈ្មោះ Qingfei Paidutang ត្រូវបាន​ប្រើប្រាស់​លើ​ការព្យាបាល​អ្នកជំងឺ​៧០១​នាក់ ដោយ​ក្នុងនោះ មាន​១៣០​នាក់ បានជា​សះស្បើយ​។ 
 
​ក្រសួងសុខាភិបាល សរសេរ​ក្នុង​សេចក្តីជូនដំណឹង​ថា ការបើក​កិច្ចប្រជុំ​ខាងលើ គឺ​ដើម្បី​ពិនិត្យឡើងវិញ​នូវ​បទពិសោធ និង ពិភាក្សាគ្នា​រិះរក​នីតិវិធី​ប្រទាក់ក្រឡា ក្នុងការ​ទប់ស្កាត់​ការឆ្លង​វីរុស COVID-19 នៅ​កម្ពុជា​។  ក្រសួងសុខាភិបាល អះអាង​ទៀតថា កម្ពុជា នឹង​បន្ត​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋ​មេ​រិ​ក (US-CDC) វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង ដៃគូ​ផ្សេងៗ​ទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស COVID-19​។ 
 
​កន្លងមក កម្ពុជា បាន​រកឃើញ​បុរស​ជនជាតិ​វ័យ​៦០​ឆ្នាំ​ម្នាក់ មាន​ផ្ទុក​វីរុស COVID-19 តែ​ត្រូវ​ព្យាបាល​ជាសះស្បើយ​វិញ​។ ហើយ​ថ្មីៗ​នេះ មាន​ស្ត្រី​ជនជាតិ​អាមេរិក​វ័យ​៨៣​ឆ្នាំ​ម្នាក់ ដែលជា​អ្នកទេសចរ​លើ​នាវា Westerdam ត្រូវបាន​រកឃើញថា​ផ្ទុក​វីរុស COVID-19 ក្រោយ​ចេញពី​កម្ពុជា ទៅដល់​ម៉ាឡេស៊ី​។ តែ​ក្រោយមក ម៉ាឡេស៊ី ក៏​ប្រកាសថា ស្ត្រី​អាមេរិក​នោះ មិនមាន​វីរុស​នេះឡើយ​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com