កីឡាជាតិ
ជាតិ
គ្រូបង្វឹកបឹងកេតថា ប៉ះវិសាខាអាចតានតឹងជាងប៉ះអង្គរថាយហ្គឺរ តែនឹងលេងឲ្យពីអស់ពីចិត្ត
22, Feb 2020 , 1:36 pm        
រូបភាព
លោក Apisit Im-Amphai គ្រូបង្វឹកក្រុមបឹងកេត(ស្តាំទី២)ចាប់ដៃជាមួយគ្រូបង្វឹកវិសាខាក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត
លោក Apisit Im-Amphai គ្រូបង្វឹកក្រុមបឹងកេត(ស្តាំទី២)ចាប់ដៃជាមួយគ្រូបង្វឹកវិសាខាក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត
ដោយ:
ក្រុមបឹងកេតត្រូវបើកទ្វារកីឡដ្ឋានទទួលភ្ញៀវវិសាខានៅម៉ោង៣:៣០នាទីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ នេះអាចចាត់ទុកជាជំនួបដ៏ជក់ចិត្តប្រចាំសប្តាហ៍ទី២ នៃពានរង្វាន់ក្រមខណ្ឌមិត្តហ្វូនខេមបូឌានលីគ ដ្បិតក្រុមទាំងពីរមានសមត្ថភាពខ្លាំង និងសម្បូរកីឡាករមានគុណភាពដូចគ្នា។ គ្រូបង្វឹកក្រុមបឹងកេតជឿជាក់ថា ការជួបវិសាខាអាចតានតឹងជាងប៉ះអង្គរថាយហ្គឺរ។ ក្រៅពីការប្រកួតដ៏ជក់ចិត្តនេះ ក៏មានការប្រកួតពីរគូទៀតផងដែរ។



លោក Apisit Im-Amphai គ្រូបង្វឹកក្រុមបឹងកេតជឿជាក់ថា ជំនួបលើកទី២របស់ខ្លួនជាមួយវិសាខានៅរសៀលនេះ នឹងមានការប្រកួតប្រជែងខ្លាំងជាងជំនួបលើកទី១ជាមួយអង្គរថាយហ្គឺរ ដែលពួកគេបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ ការវាយតម្លៃបែបនេះ បន្ទាប់ពី លោក សង្កេតឃើញថា កីឡាករវិសាខាទាំងបរទេសនិងកម្ពុជាភាគច្រើនមានគុណភាពខ្ពស់ និងកាយសម្បទាល្អ។ នាសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី២១ កុម្ភៈ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ លោក Apisit Im-Amphai បានលើកឡើងដូច្នេះថា៖«ដូចយើងដឹងហើយថា វិសាខាសម្បូរកីឡាករជម្រើសជាតិច្រើន ហើយកីឡាករបរទេសរបស់គេមានមាឌធំៗល្អ។

ដូច្នេះការជួបពួកគេអាចមានការប្រកួតប្រជែងខ្លាំងជាងជួបអង្គរថាយហ្គឺរ។ យើងចង់ឈ្នះ ដូច្នេះយើងនឹងលេង១០០ភាគរយ»។ តែយ៉ាងណាគ្រូបង្វឹកជនជាតិថៃរូបនេះអះអាងថា បឹងកេតបានត្រៀមខ្លួន និងរៀបចំបានយ៉ាងល្អ ដើម្បីទទួលក្រុមជើងឯករងពានរង្វាន់លីគឆ្នាំ២០១៩មួយនេះ។ លោកប្តេជ្ញាថា លោនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការដឹកនាំក្រុមឲ្យទទួលបានលទ្ធផលដ៏គាប់ប្រសើរសម្រាប់ក្រុម និងអ្នកគាំទ្រ។

ក្រៅពីជំនួបរវាងបឹងកេតជាមួយវិសាខា ដែលធ្វើឡើងនៅម៉ោង៣:៣០នាទីរសៀល ក៏មានការប្រកួតពីរគូទៀតផងដែរ។ ក្នុងនោះណាហ្គាវើលត្រូវប្រកួតបើកឆាកជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនាកីឡដ្ឋានអគ្គិសនីកម្ពុជា ខណៈក្រុមគីរីវង់សុខសែនជ័យបើកទ្វារកីឡដ្ឋានខ្លួនទទួលភ្ញៀវព្រះខ័នរាជស្វាយរៀង។ ការប្រកួតទាំងពីរធ្វើឡើងនៅម៉ោង៣:៣០នាទីរសៀលដូចគ្នា៕

Tag:
 Cambodian League 2020
  បឹងកេត
  Apisit Im-Amphai
© រក្សាសិទ្ធិដោយ thmeythmey.com