ភ្នំពេញ៖ សហជីពនិងអង្គការសមាគមចំនួន២០ បានដាក់ញត្តិទៅក្រសួងការងារ ដោយសារសេចក្ដីសម្រេចរបស់រដ្ឋសភា លើវិសោធកម្មច្បាប់ស្ដីពីសហជីពលើមាត្រចំនួន១០ កាលពីពេលថ្មីៗនេះ មិនបានដាក់បញ្ជូលយោបល់របស់ភាគីសហជីពក្នុងសេចក្ដីព្រាងច្បាប់។ លើពីនេះ វិសោធកម្មច្បាប់ស្ដីពីសហជីពនេះ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពសហជីព។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី២១ ខែកុម្ភៈនេះថា សហជីពនិងអង្គការសមាគមចំនួន២០ បានដាក់ញាត្តិទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២០ ដើម្បីស្នើសុំជាថ្មី ឲ្យមានការកែប្រែច្បាប់សហជីព។ លោកបញ្ជាក់ថា ការដាក់ញាត្តិនេះ គឺដោយសារការធ្វើវិសោធកម្មច្បាប់ស្ដីពីសហជីព បានកែប្រែតិចតួចបំផុត ហើយច្បាប់នេះ នៅតែមានឧបសគ្គ ទើបសហជីព សមាគម និងអគ្គការ រួមគ្នាដាក់ញាត្តិ ដើម្បីឲ្យមានការកែប្រែជាថ្មី និងស្របតាមស្ដង់ដាអន្តរជាតិនិងរដ្ឋធម្មនុញ្ញ។ លើសពីនេះ វិសោធកម្មច្បាប់កន្លងទៅ គឺមិនបានឆ្លើយតបទៅនឹងអ្វីដែលកម្មករនិយោជិតចង់បាននោះទេ។
លោក មានប្រសាសន៍៖«សិទ្ធិបង្កើតសហជីព គឺមិនអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកធ្វើការតាមផ្ទះ បង្កើសហជីព ហើយលក្ខខណ្ឌនៃបង្កើតសហជីពនៅតែមានបញ្ហាស្មុគស្មាញច្រើន។ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ គឺកែប្រែបានតិចតួចតែនៅចោទជាបញ្ហា និងសិទ្ធិតំណាងកម្មករ គឺសហជីពមានសិទ្ធិត្រឹមតែអមប៉ុណ្ណោះ»។
ទន្ទឹមនឹងនេះ លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករកម្ពុជា ដែលផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានថ្មីៗតាមទូរស័ព្ទដែរនោះ បានលើកឡើងថា ការដាក់ញាត្តិ ស្នើឲ្យក្រសួងការងារពិនិត្យលើមាត្រចំនួន១០ ដោយសារការធ្វើវិសោធកម្មច្បាប់ស្ដីពីសហជីពកន្លងទៅ ក្រសួងមិនបានដាក់ សំណើឬមតិរបស់ភាគីសហជីព ចូលក្នុងសេចក្ដីព្រាងច្បាប់ សម្រាប់ឲ្យរដ្ឋសភាអនុម័ត។ ប៉ុន្តែ លោក អះអាងថា មានចំណុចតិចតួចណាស់ ដែលឃើញមានការកែប្រែ គឺការចំណុចរបាយការណ៍ហិរញ្ញវត្ថុ។
មេសហជីពរូបនេះ បញ្ជាក់ថា មាត្រាទាំង១០នេះ គឺផ្ដោតសំខាន់លើ ការចុះបញ្ជីបង្កើតសហជីព របាយការណ៍ហិរញ្ញវត្ថុ និងសិទ្ធិតំណាងឲ្យកម្មករលើការដោះស្រាយវិវាទ។ ពាក់ព័ន្ធនឹងបញ្ហាទាំង៣ខាងលើ លោក អះអាងថា សិទ្ធិបង្កើតសហជីពមូលដ្ឋាន សហព័ន្ធសហជីព និងសហភាពសហជីព គឺមានតម្រូវការសមាជិកខ្ពស់។ ចំណែករបាយការណ៍ ហិរញ្ញវត្ថុរបស់អង្គការសហជីព គឺបានកែប្រែបន្តិច ប៉ុន្តែហាក់បីដូចជាមានចេតនាបំបែកបំបាក់កម្លាំងសហជីព។
លោក និយាយថា៖«ភាគីផ្សេងក្រៅពីសមាជិកសហជីព អាចពិនិត្យឬធ្វើសវកម្មបាន លុះត្រាតែមាន១០ភាគរយនៃសមាជិកមូលដ្ឋាន និង៥ភាគរយនៃសមាជិកសហព័ន្ធសហជីពធ្វើការស្នើសុំ លើផ្នែកហិរញ្ញវត្ថុនិងគម្រោងការផ្សេង។ ជាក់ស្ដែង បើសហជិកមូលដ្ឋានមាន១០០នាក់ ក្នុងចំណោម១០នាក់ អាចស្នើសុំពិនិត្យបាន។ បើ មានភាគីនៅក្រោយខ្នង១០នាក់ ឬនរណាមានគំនិតមិនល្អ គឺធ្វើឲ្យសហភាពសហជីពងាយនឹងបែកបាក់»។
រីឯ សិទ្ធិតំណាងឲ្យសហជីពមូលដ្ឋានក្នុងការដោះស្រាយវិវាទ គឺសហព័ន្ធសហជីពនិងសហភាពសហជីព មានសិទ្ធិត្រឹមជាអ្នកអមឬជាទីប្រឹក្សាប៉ុណ្ណោះ។ ការធ្វើបែបនេះ គឺធ្វើឲ្យមានការចែកផ្ដាច់រវាងសហជីពមូលដ្ឋាន និងសហភាពសហជីព។
មេសហជីពទាំងពីរ លោក អាត់ ធន់ និង ប៉ាវ ស៊ីណា អះអាងថា នឹងបន្តទាមទារឲ្យមានការកែប្រែឡើងវិញលើច្បាប់សហជីពជាថ្មី។ លោក យល់ថា ពាក់ព័ន្ធនឹងសំណុំរឿង EBA និងការស្នើកែប្រែច្បាប់សហជីពនេះ គឺជាឱកាសរបស់រដ្ឋាភិបាលនិងក្រសួងការងារក្នុងការប្រែស្ថានភាពឲ្យល្អឡើងវិញ។
សូបញ្ជាក់ថា ការវិសោធនកម្មច្បាប់ស្ដីពីសហជីពដែលរដ្ឋសភាអនុម័តអំឡុងចុងឆ្នាំ២០១៩ មានចំនួន១០មាត្រា គឺ មាត្រា ៣ មាត្រា ១៧ មាត្រា ២០ មាត្រា ២១ មាត្រា ២៧ មាត្រា ២៨ មាត្រា ២៩ មាត្រា ៥៤ និង មាត្រា ៥៩៕