ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់បុរសកែភេទជាស្រីម្នាក់ ដោយសារផ្សាយលក់ខ្លួន តាម Bigo Live
22, Feb 2020 , 3:08 pm        
រូបភាព
រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដោយ:
បុរសកែភេទជាស្រីម្នាក់ឈ្មោះ ម៉ន អ៊ី វ៉ា អាយុ២៦ឆ្នាំ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ និងបានបញ្ជូនទៅតុលាការ នៅវេលាម៉ោងជាង២រសៀលថ្ងៃទី២២ ខែកុម្ភៈនេះ ដោយសារតែផ្សាយផ្ទាល់ (Live) ប្រកាសលក់ខ្លួន តាមបណ្តាញសង្គម Bigo Live។



យោងតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសភេទទីបីរូបនេះ ត្រូវបានចោទពីបទផុសរូបភាព និងសម្ភារអាសអាភាស តាមមាត្រា៣៨ និងមាត្រា៣៩ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលអាចជាប់ពន្ធនាគារពី១ខែ ដល់ ១ឆ្នាំ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សរសេរដូច្នេះថា៖«ទង្វើរបស់បុរសកែភេទរូបនេះ បានធ្វើឲ្យ ប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ខ្មែរ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងតម្លៃរបស់ស្ត្រីខ្មែរ»។

ថ្មីៗនេះ សមត្ថកិច្ច ទើបនឹងចាប់ស្ត្រីម្នាក់ឈ្មោះ ថៃ ស្រីនាង ដោយសារតែនាងស្លៀកពាក់សិចស៊ីជ្រុល ហើយផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីលក់ផលិតផល។ នាងត្រូវបាន បញ្ជូនទៅឃុំបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ក្រោមបទចោទបង្ហោះរូបភាពធ្វើឲ្យប៉ះពាល់ដល់តម្លៃសង្គម តាមមាត្រា៣៨ និង មាត្រា៣៩ ដូចគ្នា នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

មាត្រា៣៨នៃច្បាប់នេះ ចែងថា រូបភាព និង សម្ភារអាសអាភាស ជាសម្ភារដែលអាចមើលឃើញនឹងភ្នែកដូចជា រូបថត ខ្សែវីដេអូ រួមទាំងសម្ភារអេទ្បិចត្រូនិច ដែលពិពណ៌នាអំពើកេរភេទ ឬ ភាពអាសអាភាស ប្រហាក់ប្រហែលផ្សេងទៀតដែលធ្វើឲ្យរំភើប ឬ រំជួលដល់ចំណង់ផ្លូវភេទ។

ចំណែកមាត្រា៣៩ សរសេរថា ជនណាចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញនៅទីសាធារណៈនូវរូបភាពនិងសម្ភារអាសអាភាស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ថ្ងៃ ដល់ ១ខែនិង ពិន័យជាប្រាក់ពី១សែនរៀល ដល់ ២សែនរៀល។

មាត្រា៣៩ បន្តថា ជនណាកាន់កាប់ ដឹកជញ្ជូន នាំចូល ឬ នាំចេញនូវរូបភាព និងសម្ភារអាសអាភាសក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការ ប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្ដន្ទាទោសដូចគ្នានឹងកថាខណ្ឌទី១ ខាងលើ។

មាត្រា៣៩ដដែល បន្ថែមថា ជនណាផលិតរូបភាព និងសម្ភារអាសអាភាសក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការប្រព្រឹត្តបទល្មើសណាមួយ ដូចមានចែងនៅក្នុងកថាខណ្ឌទី១ និងទី ២ នៃមាត្រានេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ដល់ ១ឆ្នាំ និង ពិន័យជាប្រាក់ពី ២សែនរៀល ដល់ ២លានរៀល។

​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជា​ទៅ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ឲ្យ​បិទ​គណនី និង ទំព័រ​ហ្វេ​ស​ប៊ុ​ក ឬ​បណ្តាញ​សង្គម​ផ្សេងទៀត ដែល​ផ្សាយ​លក់​ផលិតផល ដោយ​ការបញ្ចេញ​កេរ្តិ៍​ខ្មាស​៕

Tag:
 បុរសភេទទី៣
© រក្សាសិទ្ធិដោយ thmeythmey.com