អន្តរជាតិ
EU៖ ការរំលាយ​បក្ស​អនាគត​ឈានមុខ ជា​ការដើរថយក្រោយ​នៃ​ប្រព័ន្ធ​ពហុបក្ស​ថៃ​
22, Feb 2020 , 9:59 pm        
រូបភាព
លោក Thanathorn Juangroongruangkit ប្រធានគណបក្សអនាគតឈានមុខដែលត្រូវបានរំលាយដោយតុលាការធម្មនុញ្ញថៃ។ រូបថត៖ AP
លោក Thanathorn Juangroongruangkit ប្រធានគណបក្សអនាគតឈានមុខដែលត្រូវបានរំលាយដោយតុលាការធម្មនុញ្ញថៃ។ រូបថត៖ AP
​សហភាព​អ៊ឺរ៉ុប​(EU) នា​ថ្ងៃទី​២១ ខែកុម្ភៈ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ជុំវិញ​បញ្ហា​រំលាយ​គណបក្ស​អនាគត​ឈានមុខ របស់លោក Thanathorn Juangroongruangkit​។ តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ សហភាព​អ៊ឺរ៉ុប បាន​លើកឡើងថា ការរំលាយ​បក្ស​អនាគត​ឈានមុខ គឺជា​ដំណើរ​ថយក្រោយ​នៃ​ប្រព័ន្ធ​ពហុបក្ស​ថៃ​។


 
​បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​ថៃ នា​ថ្ងៃទី​២១ ខែកុម្ភៈ បានប្រកាស​រំលាយ​គណបក្ស​អនាគត​ឈានមុខ​របស់លោក Thanathorn Juangroongruangkit ពាក់ព័ន្ធ​រឿង​លុយ​ចំនួន​៦​លាន​ដុល្លារ សេវា​កិច្ចការបរទេស​របស់​អ៊ឺរ៉ុប (EEAS) ដែលជា​ផ្នែក​មួយ​របស់​សហភាព​អឺរ៉ុប បានចេញ​សេចក្តីថ្លែងការណ៍​មួយ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​តែប៉ុណ្ណោះ ជុំវិញ​បញ្ហា​ដ៍​ចម្រូងចម្រាស់​នៅក្នុង​ប្រទេស​ថៃ ។ 
 
​បើតាម​អ្នកនាំពាក្យ​របស់​សេវា​កិច្ចការបរទេស​របស់​អ៊ឺរ៉ុប​ក្នុង​សេចក្តីថ្លែងការណ៍ ការរំលាយ​បក្ស​អនាគត​ឈានមុខ និង​ការហាមឃាត់​សមាជិកសភា​ពីមុខ​តំណែង គឺជា​ការដើរថយក្រោយ​នៃ​ប្រព័ន្ធ​ពហុបក្ស​របស់​ថៃ ដែល​ទើបតែ​ស្តា​ឡើងវិញ​នា​ការបោះឆ្នោត​ឆ្នាំ ២០១៩​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សហភាព​អឺរ៉ុប ទទូច​ឲ្យ​បរិ​កាស​នយោបាយ​នៅក្នុង​ប្រទេស​ថៃ នៅតែ​បើកចំហ​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់ EEAS ដដែល ការបើកចំហ​នយោបាយ​នៅ​ថៃ​ក្នុង​បរិបទ​នេះ គឺ​សំខាន់​ណាស់ ដើម្បី​ប្រាកដថា​សមាជិកសភារ​បស់​បក្ស​អនាគត​ឈានមុខ នៅតែ​អាច​បន្ត​កិច្ចការ​ក្នុង​សភា​បាន បើទោះបីជា​គណបក្ស​ត្រូវបាន​រំលាយ​ក៏ដោយ​។ 
 
​ចំណែក​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ថៃ​វិញ បាន​បញ្ចេញ​សេចក្តី​ព្រួយបារម្ភ​របស់ខ្លួន​តាម​រយៈ​សេចក្តីថ្លែងការណ៍​ថា ការរំលាយ​បក្ស​អនាគត​ឈានមុខ គឺ​ប្រៀបដូចជា​បាត់បង់​អ្នកតំណាង​រប​ស់​ប្រជាជន​ថៃ​ជាង ៦​លាន​នាក់​ដូច្នោះ​ដែរ​។ 
 
​សូមបញ្ជាក់ថា គណបក្ស​អនាគត​ឈានមុខ គឺជា​គណបក្ស​ធំជាងគេ​ទី​បី​នៅក្នុង​ប្រទេស​ថៃ ដែល​ទទួលបាន​សំឡេងគាំទ្រ​ជាង ៦​លាន​សំឡេង ក្នុងការ​បោះឆ្នោត​នា​ខែមីនា ឆ្នាំ ២០១៩​។ នា​រសៀល​ថ្ងៃទី​២១ ខែកុម្ភៈ តុលាការ​ធម្មនុញ្ញ​ថៃ បាន​បោះឆ្នោត​ក្នុង​សំឡេងគាំទ្រ​៧ និង​ប្រឆាំង​២ ក្នុងការ​រំលាយ​គណបក្ស​មួយ​នេះ​៕

Tag:
 EU
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com