អន្តរជាតិ
ស៊ី ជិន​ភីង អរគុណ​មូលនិធិ​Bill Gate ដែល​បាន​បរិច្ចាគ​ទឹកប្រាក់ ១០០​លាន​ដុល្លារ​
22, Feb 2020 , 5:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​សរសេរ​សំបុត្រ​មួយច្បាប់ អរគុណ​ដល់​មូលនិធិ Bill និង Melinda Gates ដែល​បាន​បរិច្ចាគ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ក្នុង​ការជួយ​ទប់ស្កាត់ និង​ដោះស្រាយ COVID-19​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua​។


 
​នា​ដើមខែ​កុម្ភៈ ឆ្នាំ​២០២០​កន្លងទៅ មូលនិធិ​Bill និង Melinda Gates បាន​បរិ​ច្ឆា​គ​ទឹកប្រាក់ ១០០​លាន​ដុល្លារ ដើម្បី​ឆ្លើយតប​ទៅនឹង​COVID-19 ដែល​កំពុង​ផ្ទុះឡើង​នៅ​ចិន និង​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត​។ 
 
​ជាការ​ឆ្លើយតប លោក​ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន បាន​សរសេរ​នៅក្នុង​សំបុត្រ​មួយច្បាប់​ថា ចិន​ពិតជា​ពេញចិត្ត​ជាខ្លាំង ចំពោះ​ទង្វើ​សប្បុរសធម៌​របស់​មូល​និ​ធិ Bill និង Melinda Gates ហើយ​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ប្រជាជន​ចិន ក្នុង​កាលៈទេសៈ​បែបនេះ​។ បើតាម​លោក​ប្រធានាធិបតី​ចិន នេះ គឺជា​ពេលវេលា​ដ៏​សំខាន់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ករណី​ផ្ទុះ COVID-19​។ 
 
​នៅក្នុង​លិខិត​ដដែល លោក​ស៊ី បានលើកឡើង​ទៀតថា ប្រជាជន​ចិន​ទាំងអស់ បាន​រួបរួម​ជាមួយគ្នា និង អនុវត្ត​វិធីសាស្ត្រ​ជាច្រើន ក្នុងការ​ទប់ស្កាត់ COVID-19 ហើយ​ពេលនេះ ចិន​ទទួលបាន​ផ្លែផ្កា​គួរ​ឲ្យ​កត់​ស​ម្គា​ស់​។ ក្នុងនោះ ចំនួន​តួលេខ​នៃ​អ្នក​ឆ្លង​គឺមាន​ការធ្លាក់ចុះ ហើយ​អ្នកជំងឺ​ច្រើនជាង​១​ម៉ឺន​នាក់​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទី​ពេទ្យ​។ 
 
​សូមបញ្ជាក់ថា គម្រោង​ចំនួន ១០០​លាន​ដុល្លារ​នេះ នឹង​យកទៅ​ប្រើប្រាស់​ក្នុង​ការបង្កើត​វ៉ាក់សាំង ការការពារ​ប្រជាជន​ស្ថិតក្នុង​ភាពគ្រោះថ្នាក់ ការធ្វើ​រោគវិនិច្ឆ័យ ការត្រួតពិនិត្យ​លើ​វីរុស និង​ការព្យាបាល​ជាដើម​។ ក្នុង​ចំនួន​ទឹកប្រាក់ ១០០​លាន​នេះ មូលនិធិ Melinda Gates នឹង​បរិច្ចាគ​ទឹកប្រាក់​ប្រមាណ​ជា ២០​លាន​ដុល្លារ ឲ្យ​អង្គការ​ផ្សេងៗ ដូចជា អង្គការ​សុខភាព​ពិភពលោក​, មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​របស់​អាមេរិក​, និង​គណៈកម្មការ​សុខាភិបាល​ចិន​ជាដើម​៕ 

Tag:
 ចិន​
  អាមេរិក​
  Bill Gate
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com