ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ប្រាសាទបន្ទាយទ័ព នៅ​ខេត្តបន្ទាយមានជ័យ ដែល​គេ​មិនសូវ​ស្គាល់
23, Feb 2020 , 10:59 am        
រូបភាព
​បន្ទាយមានជ័យ​៖ ប្រាសាទបន្ទាយទ័ព ស្ថិតក្នុង​ភូមិ​ថ្នល់​ដាច់ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មាន​ចម្ងាយ​ប្រមាណ ១៣​គីឡូម៉ែត្រ​ពី​ប្រាសាទបន្ទាយឆ្មារ​។ បើតាម​លោក គិត សុ​គួ​ន ប្រាសាទបន្ទាយទ័ព​នេះ មិនសូវមាន​ភ្ញៀវទេសចរ​ស្គាល់ និង​មក​ទស្សនា​នោះទេ ព្រោះ​ភ្ញៀវទេសចរ​ភាគច្រើន ទៅ​ទស្សនា​តែ​ប្រាសាទបន្ទាយឆ្មារ​ដែល​នៅ​ជិត​នោះ​ប៉ុណ្ណោះ​។


 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក គិត សុ​គួ​ន មគ្គុទេសក៍​ទេសចរណ៍​នៃ​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ​ដូចតទៅ​៖ 

 
 
​ក្នុង​បរិវេណ​ប្រាសាទបន្ទាយទ័ព ហាក់​មិនសូវមាន​ភ្ញៀវទេសចរ​មក​ទស្សនា​ឡើយ​។ ប្រាសាទបន្ទាយទ័ព កសាង​ដោយ​ប្រើប្រាស់​ថ្ម​មាន​ក្បាច់ចម្លាក់​ស្រាប់ ជា​ថ្ម​របស់​ប្រាសាទ​ចាស់​ណាមួយ​នៅក្បែរនោះ និង​មាន​ប្រាង្គ​ធំៗ ខ្ពស់ៗ​មាន​កម្ពស់​ប្រហែល​៣៥​ម៉ែត្រ​។ ប្រាសាទ​នេះ មាន​ប្រា​ង​ចំនួន​៥ ប្រាង្គ​ធំ​នៅ​កណ្ដាល រីឯ​ប្រាង្គ​តូច​បួន​ផ្សេងទៀត​នៅ​ចំ​ទិស​ទាំង​បួន មាន​នាទី​ជា​ខ្លោងទ្វារ ហើយ​ភ្ជាប់​មក​ប្រាង្គ​កណ្ដាល​ដោយ​រោងទង​។​
 
​មគ្គុទេសក៍​ទេសចរ​នៃ​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ លោក គិត សុ​គួ​ន បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​ប្រាសាទបន្ទាយទ័ព​នេះ មាន​សារសំខាន់ គឺអាច​ស្វែងយល់​អំពី​រចនាប័ទ្ម​នៃ​ប្រាសាទ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។ ការខុសប្លែក​ពី​ប្រាសាទ​មួយ​ទៅ​ប្រាសាទ​មួយ និង​បន្សល់ទុក​ពិ​ដាន​ឈើ​ដែល​សល់​ពី​បុរាណ​ខ្ទង់​៨០០​ឆ្នាំ​»​។ 
 
​បើតាម​លោក គិត សុ​គួ​ន ប្រាសាទបន្ទាយទ័ព ត្រូវបាន​កសាង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ សម្រាប់​ជាទី​សក្កា​បូជា​។ ប្រាសាទបន្ទាយទ័ព​នេះ ត្រូវបាន​បាក់បែក ដោយសារ​កត្តា​ធម្មជាតិ និង​មិនសូវមាន​អ្នក​ថែទាំ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក គិត សុ​គួ​ន បន្តថា​៖ «​បច្ចុប្បន្ន ប្រាសាទបន្ទាយទ័ព មាន​ប៉ូលិស​បេតិកភណ្ឌ​ប្រចាំ​ប្រាសាទ នៅ​យាម ដើម្បី​ជួយ​ពិនិត្យ និង​ការពារ​នៅក្នុង​បរិវេណ​ប្រាសាទ​»៕
 

















Tag:
 ប្រាសាទបន្ទាយទ័ព​
  បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com