ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រដ្ឋមន្ត្រី​វប្បធម៌​៖«​ប្រយ័ត្ន​អ្នក​នៅ​ភ្នំពេញ ធ្វើ​ឲ្យ​វប្បធម៌​បាត់​មុនគេ​»
23, Feb 2020 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង ស​កុ​ណា ព្រួយបារម្ភ​ខ្លាច​អ្នក​នៅ​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​វប្បធម៌​ខ្មែរ​បាត់បង់ ខណៈ​អ្នករស់នៅ​តាម​ជនបទ​ប្រឹង​ថែរក្សា​។ អ្នកស្រី​លើកឡើង​បែបនេះ ក្នុង​ពិធី​បើក​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​លើក​ទី​២២ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» នៅ​សាលសន្និសីទ​ចតុមុខ កាលពី​ថ្ងៃ​ពី​២០​ខែកុម្ភៈ​ឆ្នាំ​២០២០​កន្លងទៅ​។​


 
​អ្នកស្រី ភឿង ស​កុ​ណា សង្កត់ធ្ងន់ថា អ្នក​ច្រៀ់​ង​ចម្រៀង​បុរាណ​ដែល​ពីរោះ​ភាគច្រើន​រស់នៅ​តាម​បណ្ដា​ខេត្ត ដោយ​ផ្ទុយ​ពី​អ្នករស់នៅ​រាជធានី​ភ្នំពេញ ដែល​ព្យាយាម​ពត់​សំឡេង​របស់ខ្លួន​ទៅតាម​តារាចម្រៀង​បរទេស​នោះ​។


 
​អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា​«​យើង​រៀបចំ​មហោស្រព​នេះ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​បំផុស​នូវ​ទេពកោសល្យ ព្រោះ​ប្អូនៗ​ខ្លះ​ច្រៀង​ពីរោះ​ណាស់​។ អ្នក​ដែល​ច្រៀង​ចម្រៀង​ល្ខោនបាសាក់ យីកេ មហោរី ពីរោះ គឺ​ពិបាក​រក​អ្នក​នៅ​ភ្នំពេញ​ណាស់ តែ​នៅតាម​ខេត្ត​បែប​សម្បូរ​។ ព្រោះ​អ្នក​ភ្នំពេញ​កាច់​សំឡេង​តាម ប៊ី​យ៉ុង​សេ អស់ហើយ អ៊ីចឹង​អ្នក​ភ្នំពេញ​ប្រយ័ត្ន​ណា ប្រយ័ត្ន​បាត់​មុនគេ​»​។​
 
​សូម​ស្ដាប់​សំឡេង​របស់​លោកស្រី ភឿង ស​កុ​ណា​៖



 
​នៅក្នុង​ពិធី​បើក​មហោស្រព​ដដែល​លោកស្រី​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ផងដែរ​ថា សិល្បៈ​មានគុណ​តម្លៃ​យ៉ាងខ្លាំង ក្នុងការ​ផ្សារភ្ជាប់​ជីវិត​មនុស្ស​ទៅក្នុង​សង្គម ហើយ​សិល្បៈ​ក៏បានផ្ដល់​ចំណេះដឹង​ជាច្រើន​ឲ្យ​មនុស្ស​ដែរ​។ 
 
​អ្នកស្រី​ពន្យល់ថា​៖«​សិល្បៈ​គឺជា​ផ្នែក​មួយ​នៃ​ជីវិត សិល្បៈ​គឺជា​ផ្នែក​មួយ​នៃ​ការចេះដឹង កុំ​មើលងាយ​ឲ្យ​សោះ​។ បើទោះជា​យើង​ជា​វិស្វករ​ក្ដី ជា​វេជ្ជបណ្ឌិត​ក្ដី ជា​គណនេយ្យករ​ក្ដី ប៉ុន្តែ​យើង​មាន​ទំនាក់ទំនង​ជាមួយ​សង្គម​គ្រួសារ​ផង សង្គម​មិត្ត​ភ័ក្ដិ​ផង ហើយនឹង​អ្នកដទៃ​ឆ្ងាយ​ពី​យើង​ផង ទាំង​ជនជាតិ​បរទេស ទាំង​ជនជាតិខ្មែរ​។ យើង​មិនអាច​អង្គុយ​និយាយ​តែ​ជំនាញ​របស់​យើង​បានទេ​។ ដល់​សួរ​អ្វី​ពី​ខ្មែរ​អត់​ចេះ​រលីង មិនដែល​មើលសៀវភៅ​ខ្មែរ អត់​មើលសៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ មិន​មើល​គតិ​លោក អត់​ដឹង​ពី​ក្រម​ង៉ុ​យ ដល់​តែ​គេ​សួរថា​អ្វី​ទៅជា​ខ្មែរ ងាក​មក​ក្នុង​ខ្លួន មិនដឹង​អ្វី​ខ្មែរ​ផង​។ ស្គាល់​តែ​អ្វី​ដែលជា​បរទេស​ក៏​មិនកើត ហើយ​មិនដឹង​ជា​ទៅ​និយាយ​ជាមួយ​បរទេស​យ៉ាងម៉េច​ទៅ បើ​គាត់​មិន​ស្គាល់​ខ្លួនឯង​ផង​។ ហើយ​មិនដឹង​ប្រាប់​ទៅ​កូន​យ៉ាងម៉េច​ទៀត ដល់​យូរៗ​ទៅ​វា​នឹង​បាត់​»​។​
 
​សូម​ស្ដាប់​ប្រសាសន៍​របស់លោក​ស្រី​រដ្ឋ​មន្ត្រី​៖២



 
​ទោះជា​យ៉ាងណា​អ្នកស្រី ភឿង ស​កុ​ណា ក៏បាន​កត់សម្គាល់ឃើញ​ដែរ​ថា កម្ពុជា​នៅមាន​ភាពល្អប្រសើរ​ច្រើន ត្រង់​ប្រជាជន​មួយ​ភាគ​ធំ​នៅតែ​ខ្វល់ខ្វាយ និង​ប្រឹងប្រែង​ថែរក្សា​មរតក​សិល្បៈ​វប្បធម៌​អត្តសញ្ញាណ​ជាតិ​តាម​គ្រប់​រូបភាព​។


 
​អ្នកស្រី មានប្រសាសន៍ថា​៖«​សំណាង​ដែរ​ដែល​រាល់ថ្ងៃនេះ ដ្បិតតែ​សកលភាវូបនីយកម្ម​ហូរ​មក​ច្រើនក្ដី ប៉ុន្តែ​ប្រជាជន​របស់​យើង មួយ​ភាគ​ធំ​នៅតែ​ខិតខំ​ថែរក្សា អ្វី​ដែលជា​តម្លៃ​របស់​ជាតិ អត្តសញ្ញាណ​របស់​ជាតិ​។ តាមពិត​បើ​យើង​មើល​ឲ្យ​មែនទែន សកលភាវូបនីយកម្ម មិនមែនជា​រឿង​ថ្មី​ឡើយ​។ តាំងពី​កកើត​មនុស្សជាតិ​មក មនុស្ស​តែងតែ​ឆ្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​កាលណា​មនុស្ស​ទៅដល់​ត្រង់ណា វប្បធម៌​និង​ទំនៀមទម្លាប់​នឹង​ហូរ​ទៅដល់​ទីនោះ​»​។ 
 
​អ្នកស្រី បន្តថា​៖«​បើ​យើង​មើល​ទៅលើ​ប្រវត្តិសាស្ត្រ ការធ្វើដំណើរ​ឆ្លង​សមុទ្រ ការធ្វើដំណើរ​ឆ្លង​ទ្វីប វប្បធម៌​អរិយធម៌​ឆ្លង​ទៅតាម​រហូត ប៉ុន្តែ​ជំនាន់​នោះ​មិន​និយាយ ហេតុអ្វី​មក​នាំគ្នា​និយាយ​ពេលនេះ​? សូម្បី​វប្បធម៌​អង្គរ ក៏មាន​ការទទួល​ពី​វប្បធម៌​របស់​ឥណ្ឌា​ផងដែរ​។ វប្បធម៌​របស់​ចិន ក៏មាន​ហូរ​ទៅ​លិច​ហូរ​ទៅ​កើត រហូត​ទៅដល់​អេ​ហ្សិ​ប ដល់​អាមេរិក​ឡា​ទិន រហូត​ទៅដល់​មជ្ឈិមបូព៌ា ចុះ​ហេតុដូចម្ដេច​គេ​មិន​និយាយ​ផង​? ហេតុអ្វី​មក​ភ្ញាក់ផ្អើល​នៅ​សតវត្សរ៍​ទី​២០​ទី​២១​នេះ​?»​។ 
 
​អ្នកស្រី បន្ថែមថា​៖«​តាមពិត​អ្វីដែល​យើង​ភ្ញាក់ផ្អើល គឺជា​ផលវិបាក​ដែល​កើតឡើង ពី​សកលភាវូបនីយកម្ម​នោះទេ​។ ព្រោះ​ឥឡូវនេះ​វា​ហូរ​លឿន​ពេក ទៅដល់​តំបន់​នីមួយៗ តាម​មធ្យោបាយ​បច្ចេកវិទ្យា​។ បើ​ហូរ​មក​តាម​សំពៅ តាម​ថ្មើរជើង អាចមាន​ពេល​សម្របសម្រួល​បាន ប៉ុន្តែ​ឥឡូវ​គ្រាន់តែ​បង្ហោះ​នៅ​ទីនោះ មួយ​នាទី​ក្រោយ មកដល់​ទីនេះ ហើយ​នាំគ្នា​ផ្អើល​ក៏​ពិបាក​សម្របសម្រួល​ទៅ​»​។


 
​សូម​ស្ដាប់​ប្រសាសន៍​របស់លោក​ស្រី​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​៖



 
​សូមបញ្ជាក់ថា មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ដែល​ធ្វើ​នៅ​ឆ្នាំ​ទី​៦​នេះ ប្រារព្ធ​ឡើង​រយៈពេល​១០​ថ្ងៃ គឹ​ពីថ្ងៃ​២០​ដល់​ថ្ងៃទី​២៩ ខែកុម្ភៈ នៅ​សាល​មហោស្រព​ចតុមុខ ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២២ ក្រោម​ប្រធានបទ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​”​។ 
 
​គោលបំណង​សំខាន់​នៃ​មហោស្រព​នេះ គឺ​ដើម្បី​ផ្ដល់ឱកាស​ឲ្យ​យុវជន​បាន​ស្វែងរក​ទេពកោសល្យ ដែល​ខ្លួន​មានមក​បង្ហាញជូន​សាធារណជន​។ ហើយក៏​ដើម្បី​ឲ្យ​យុវជន​បាន​ស្វែងយល់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ពី​សិល្បៈ​វប្បធម៌​ជាតិ​ផងដែរ​។ ជាពិសេស​គឺ​គោរព​តាម​អនុសាសន៍​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​។
 
​ក្នុង​ឆ្នាំ​២០២០​នេះ មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស មាន​វិញ្ញាសារ​ប្រកួត​ចំនួន​៤ គឺ​របាំ​ប្រពៃណី ល្ខោន​យីកេ ល្ខោន​មហោរី និង​ល្ខោនបាសាក់ ដែលមាន​យុវជន​មកពី​៩​សកល​វិទ្យាល័យ​នៅ​ទូទាំង​២៥​រាជធានី​ខេត្ត សរុប​សិល្បករ​ចូលរួម​ប្រកួត​មាន​៧២៥​រូប ទាំង​ថ្នាក់​មធ្យម​និង​ថ្នាក់ឧត្ដម​៕ 
 

Tag:
 ភឿង ស​កុ​ណា​
  សិល្បៈ​
  ក្រសួង​វប្បធម៌​
  វប្បធម៌​
  ប្រពៃណី​
 ​ចម្រៀង​
 ​ល្ខោន​
 ​យីកេ​
 ​មហោរី​
 ​បាសាក់
© រក្សាសិទ្ធិដោយ thmeythmey.com