ជាតិ
ពីនេះ ពីនោះ
ត្រី​គ្រុំ​ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​ទន្លេ​ចូលទៅក្នុង​តំបន់​ទំនាប​លិច​ដើម្បី​ពង​កូន ហើយ​វិញ​ត្រឡប់​ចូល​កន្លែង​ដើម​វិញ​
23, Feb 2020 , 7:19 pm        
រូបភាព
​ត្រី​គ្រុំ​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹក​សាន នៃ​រដ្ឋបាល​ជលផល
​ត្រី​គ្រុំ​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹក​សាន នៃ​រដ្ឋបាល​ជលផល
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ជា​ប្រភេទ​ត្រី​ទឹកសាប ដែល​រស់នៅ​ពាក់កណ្តាល​ជម្រៅ​ទឹក និង​បាតទន្លេ ស្ទឹង អូរ ព្រែក ប្រឡាយ និង​តំបន់​វាល់ភក់​។ ត្រី​ប្រភេទ​នេះ វា​រស់នៅ​ច្រើន​នៅ​ទី្វ​ប​អាស៊ី​ចាប់ពី ទន្លេ​មេ​ខ្លង​ក្នុងប្រទេស​ថៃ រហូត​អាង​ទន្លេមេគង្គ​ក្រោម (​ចាប់ពី​ប្រទេស​ឡាវ ដល់​ប្រទេស​វៀតណាម រួមទាំង​ទន្លេសាប​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​)​។

 
​ត្រី​គ្រុំ មានឈ្មោះ​វិទ្យាសាស្ត្រ (Osteochilus melanopleura) មាន​ប្រវែង​ដងខ្លួន​អតិបរមា ៦០ ស​.​ម​។ ត្រី​គ្រុំ ធ្វើចរាចរ​ផ្លាស់​ទី​ពី​ទន្លេ​ចូលទៅក្នុង​តំបន់​ទំនាប​លិច​ទឹក​ពី​ខែឧសភា ដល់​ខែតុលា ដើម្បី​ពង​កូន និង​ធ្វើចរាចរ​ត្រឡប់​ចូលក្នុង​ទន្លេ​វិញ​ក្នុង​ខែតុលា ដោយ​ចំនួន​កើន​ឡើងជា​លំដាប់​រហូតដល់​ខែមករា​។ វា​ស៊ី​ស្លឹក​រុក្ខជាតិ ផ្ល​ង់​តុង រុក្ខជាតិ​ដែល​ដុះ សារាយ​សរសៃ​ឆ្មារៗ សត្វល្អិត ជាប់​នឹង​ស្លែ និង​ត្រី​ល្អិតៗ ជា​អាហារ​។ ត្រី​គ្រុំ ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១២ ជា​ប្រភេទ​ត្រី​ដែលមាន​ការព្រួយបារម្ភ​តិចតួច ដែល​អាច​នឹង​ឈានទៅ​ផុត​ពូជ​។​
 
​លក្ខណៈ​សម្គាល់​៖  ជួរ​ស្រកា​តាម​ចំហៀង​ដងខ្លួន មាន​ចំនួន​ពី ៤៥-៥៣ ស្រកា​។ ព្រុយ​ខ្នង​មាន​ទ្រនង់​ទន់​មាន​ចំនួន ១៦-១៨​ទ្រនង់​។ បបូរមាត់​ងើយ​ឡើងលើ​។ ដងខ្លួន​មាន​ពណ៌​បៃតង​ទៅ​ប្រផេះ​។ គល់​កន្ទុយ​ពណ៌​ខ្មៅ​។ មាន​អង្កត់ខ្មៅ​លើ​ព្រុយ​ទ្រូង​។​
 
​បញ្ហា​ប្រឈម​ចំពោះ​ត្រី​ប្រភេទ​នេះ មានដូចជា​៖ ការបាត់បង់​ទីជម្រក និង​ការនេសាទ​ហួស​កម្រិត​។ ក្នុងនោះ​ផងដែរ ការប្រែប្រួល​អាកាសធាតុ ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ជាពិសេស​ការប្រើ​ឧបករណ៍​ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំណើត​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។​
 
​ប្រភព​៖ មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា​, fishbase.org និង iucnredlist.org

© រក្សាសិទ្ធិដោយ thmeythmey.com