ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​៖ សត្វ​ឃ្មុំ មាន​ចំណែក​យ៉ាងសំខាន់​លើ​ដំណើរការ​លូតលាស់​បន្លែ និង​ផ្លែឈើ​
24, Feb 2020 , 8:39 am        
រូបភាព
លោក Eric Guerin អ្នកជីវវិទូជនជាតិបារាំង និងជាអ្នកជំនាញអភិរក្សនិងចិញ្ចឹមសត្វឃ្មុំនិរន្តរភាព កំពុងធ្វើបទបង្ហាញពីសត្វឃ្មុំ។ រូបថត៖ អ៊ូ សុខមាន​។
លោក Eric Guerin អ្នកជីវវិទូជនជាតិបារាំង និងជាអ្នកជំនាញអភិរក្សនិងចិញ្ចឹមសត្វឃ្មុំនិរន្តរភាព កំពុងធ្វើបទបង្ហាញពីសត្វឃ្មុំ។ រូបថត៖ អ៊ូ សុខមាន​។
​សៀមរាប​៖ សត្វ​ឃ្មុំ គឺមាន​សារសំខាន់​ខ្លាំងណាស់ ក្នុង​ការផលិត​បន្លែ និង​ផ្លែឈើ ក្នុង​វិស័យ​កសិកម្ម ដោយ​សត្វ​ឃ្មុំ និង​សត្វល្អិត​ផ្សេងទៀត បាន​ចូលរួម​៣០​ភាគរយ​នៃ​ការផលិត​ដំណាំ​ផ្សេងៗ ក្នុង​ផ្នែក​ផលិត​ស្បៀង​។ នេះ​ជាការ​លើកឡើង​របស់លោក Eric Guerin អ្នក​ជីវ​វិទូ​ជនជាតិ​បារាំង និង​ជា​អ្នកជំនាញ​អភិរក្ស​និង​ចិញ្ចឹមសត្វ​ឃ្មុំ​និរន្តរភាព ដោយ​លោក បាន​បញ្ជាក់ថា ការចូលរួមចំណែករ​បស់​ឃ្មុំ​ក្នុង​ការផលិត​បន្លែ​-​ផ្លែឈើ​នេះ  គឺ​តាមរយៈ​សត្វ​ឃ្មុំ​ទាំងនោះ បាន​នាំយក​លំអងផ្កា​មួយ​ទៅ​ប៉ះគ្នា​នឹង​លំអងផ្កា​មួយទៀត ដែល​បង្កើតឱ្យមាន​ជា​ផ្លែ និង​គ្រាប់ពូជ​នានា សម្រាប់ធ្វើ​ស្បៀង​។

 
​ក្នុង​ដំណើរ​ទស្ស​កិច្ច​នៃ​ការអភិរក្ស​សត្វ​ឃ្មុំ​ក្នុង​វិស័យ​កសិកម្ម នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​ថ្ងៃទី​១០​កុម្ភៈ ឆ្នាំ​២០២០​កន្លងមក លោក អេ​រិ​ក ហ្គឺ​រី​ន​(Eric Guerin) បាន​និយាយថា ក្នុង​ពិភពលោក​មាន​សត្វ​ឃ្មុំ​ចំនួន​២​ម៉ឺន​ប្រភេទ ក្នុងនោះ​មាន​៩​ប្រភេទ ជា​ប្រភេទ​ឃ្មុំផលិត​ទឹកឃ្មុំ​។ លោក​បាន​បន្ត​ដូច្នេះ ក្នុងចំណោម​ឃ្មុំ​៩​ប្រភេទ​នោះ មាន​៤​ប្រភេទ គឺ​រស់នៅក្នុង​ទឹកដី​កម្ពុជា ដោយ​ឃ្មុំ​ទាំង​៤​ប្រភេទ​នោះ មាន​ឃ្មុំចង្អេរ ឬ​ឃ្មុំ​យក្ស​(​ប្រភេទ​ឃ្មុំ​ក្រហម និង​ប្រភេទ​ឃ្មុំ​ខ្មៅ​),​ប្រភេទ​ឃ្មុំផ្លិត និង​ប្រភេទ​ឃ្មុំ​ពង្រូង​។  តើ​ហេតុអ្វី​បានជា​ឃ្មុំ​ទាំងនោះ​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរការ​នៃ​ការផលិត​ផលិតផល​របស់​កសិក​រ​? 
 
​លោក Eric Guerin បាន​និយាយថា ក្នុង​ដំណើរ​វិ​វត្ត​របស់​រុក្ខជាតិ គឺ​ត្រូវការ​សត្វល្អិត​ជាខ្លាំង ពិសេស​គឺ​សត្វ​ឃ្មុំ​ក្នុង​ការបង្ក​កំណើត ដើម្បី​មាន​ផ្លែ​និង​ផលិតផល​ណាមួយ​ចុងក្រោយ​ទៅតាម​ប្រភេទ​រុក្ខជាតិ​នីមួយៗ​។ អ្នកជំនាញ​រូបនេះ បាន​អះអាង​ដូច្នេះ​៖«​ផ្កា​ត្រូវការ​ឃ្មុំ ហើយ​ឃ្មុំ​ត្រូវការ​ផ្កា តែបើ​អត់​មាន​ផ្កា គឺ​អត់​មាន​បន្លែ​-​ផ្លែឈើ បើ​អត់​មាន​បន្លែ​-​ផ្លែឈើ មនុស្ស​នឹង​ស្លាប់​»​។ 


ឃ្មុំចង្អេរ ស្ថិតនៅក្នុងព្រៃជប់មួយកន្លែង ក្នុងភូមិត្បែងខាងត្បូង ឃុំត្បែង ស្រុកបន្ទាយ ខេត្តសៀមរាប។   រូបថត៖ អ៊ូ សុខមាន
 
​លោក Eric Guerin បាន​ពន្យល់ថា នៅពេលដែល​ឃ្មុំ​ហើរ​ចូលក្នុង​ផ្កា​ដើម្បី​ក្រប​ទឹកដម​ខ្លួន​របស់​ឃ្មុំ​នោះ​នឹង​ជាប់​លំអងផ្កា ហើយ​នៅពេល​វា​ហើរ​ចេញពី​ផ្កា​មួយ​ដែល​ជាប់​ដោយ​លំអងផ្កា ទៅកាន់​ផ្កា​មួយទៀត តាមរយៈ​នៃ​លំអងផ្កា​ទាំងនោះ វា​នឹង​បង្ក​ឱ្យ​ដើមឈើ​ដែលមាន​ផ្កា​នោះ នឹងមាន​ផ្លែ​សម្រាប់​ធ្វើជា​ស្បៀង​មិន​ខាន់​។ នេះ​គឺជា​ការវិវត្ត​របស់​រុក្ខជាតិ​តាមបែប​ធម្មជាតិ​តាមរយៈ​សត្វ​ឃ្មុំ ដោយ​លោក Eric បាន​បញ្ជាក់ថា មូលហេតុ​ដែល​ដើមឈើ​មួយចំនួន​មាន​ផ្កា​តែ​មិន​ព្រម​ចេញ​ផ្លែ គឺ​ដោយសារ​គ្មាន​ពពួកសត្វ​ល្អិត ឬ​ឃ្មុំ ហើរ​មក​ក្រេប​លំអងផ្កា​ទាំងនោះ ទើប​ធ្វើឱ្យ​គ្មាន​លំអង​ឈ្មោល និង​ញី​ជួបគ្នា ក្នុង​ការបង្ក​កំណើត​នៃ​រុក្ខជាតិ​ទាំងនោះ​។​
 
​បើតាម​លោក Eric ក្នុងការ​ដំណាំ​បន្លែ​-​ផ្លែឈើ​ដោយ​លូតលាស់​ទៅតាម​ធម្មជាតិ​នៅតាម​ចម្ការ ឬ នៅក្នុង​ព្រៃឈើ ប្រសិនបើ​គ្មាន​សត្វល្អិត​មាន​ប្រយោជន៍ ដូចជា​សត្វ​ឃ្មុំ​នោះទេ ក្នុង​ការផលិត​បន្លែ​-​ផ្លែឈើ គឺ​ខ្សត់​ទៅតាម​ហ្នឹង ដោយ​លោក​បាន​បញ្ជាក់ថា ៖« អាហារ បន្លែ និង​ផ្លែ ដែល​យើង​ហូប​សព្វថ្ងៃ​ហ្នឹង គឺ​បាន​៣០​ភាព​រយ​ពីស​ត្វ​ឃ្មុំ​ដែល​វា​ជួយ​ផលិត​ឱ្យ​។ ដូច្នេះ សត្វ​ឃ្មុំ​គឺមាន​សារសំខាន់​ខ្លាំងណាស់​ក្នុង​វិស័យ​កសិកម្ម​នៃ​ការផលិត​ស្បៀងអាហារ ហើយ បើ​គ្មាន​សត្វ​ឃ្មុំ ឬ​សត្វល្អិត​ជួយ​ក្នុង​ដំណើរការ​លូតលាស់​រប​ស់​រុក្ខជាតិ​នៃ​កសិកម្ម​ទេ គឺ​យើង​ខាតបង់​ផលិតផល​កសិកម្ម​ចំនួន​៣០​ភាគរយ​ទៀត​វិញ​»​។ 


ឃ្មុំចង្អេរដែលអ្នកភូមិបានប្រមូលក្បាលទឹករួច។ រូបថត៖ អ៊ូ សុខមាន​
 
​នៅ​ក្នុ​ដំណើរ​លូតលាស់​របស់​រុក្ខជាតិ​(​បន្លែ​, ផ្លែឈើ​) បើ​លោកអ្នក​សង្កេតឃើញ​ចម្កា​រ​ដំណាំ​មួយ​មាន​ពពួក​សត្វល្អិត​មាន​ប្រ​យោ​ជ៍​ច្រើន ពិសេស​សត្វ​ឃ្មុំ​នេះ  ដំណាំ​នៅក្នុង​ចម្ការ​របស់លោក​អ្នក នឹង​ប្រមូល​ផល​បាន​ច្រើនជាង​ចម្ការ​ដែល​គ្មាន​សត្វ​ឃ្មុំ ឬ​គ្មាន​ពពួកសត្វ​ល្អិត​មាន​ប្រយោជន៍​ដទៃទៀត​។ នេះ​បើតាម លោក Eric ដោយបាន​បន្ថែមទៀតថា កត្តា​ប្រឈម​ដែល​ធ្វើឱ្យ​បាត់បង់​សត្វ​ឃ្មុំ​នៅ​កម្ពុជា គឺ​ដោយសារ​ការកាប់បំផ្លាញ​ព្រៃឈើ ការដាំ​ដំណាំ​តែមួយ​ប្រភេទ ការប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត ... ការបំផ្លាញ​ដោយ​អ្នករក​ទឹកឃ្មុំ និង ការប្រែប្រួល​អាកាសធាតុ​។ លោក​បាន​ពន្យល់ថា​ការកាប់បំផ្លាញ​ព្រៃឈើ​និង​ចម្ការ​ដែល​ដាំ​ដំណាំ​តែមួយ​ប្រភេទ​មាន​ទ្រង់ទ្រាយ​ធំ វា​ធ្វើឱ្យ បាត់បង់​កន្លែង​ធ្វើ​សំបុក​ឃ្មុំ និង​ធនធាន​ផ្កា​សម្រាប់​ឃ្មុំ ព្រោះ​ចម្ការ​ខ្លះ​អាច​ផ្តល់​ផ្កា​ច្រើន​សម្រាប់​ឃ្មុំ បានតែ​រយៈពេល​ខ្លី ឬ​គ្របដណ្តប់​តែ​ផ្នែក​មួយ​នៃ​តម្រូវការ​អាហារ​បស់​ឃ្មុំ​ប៉ុណ្ណោះ ពោល​សំបុក​ឃ្មុំ​គឺមាន​តែ​លំអង​ឬ​គ្រាន់តែ​ទឹកដម​ប៉ុណ្ណោះ​។ 
 
​ដោយឡែក​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​វិញ ពិសេស​ថ្នាំពុល​ប្រភេទ Neonicotinoids អាច​សម្លាប់​បាន​តាមរយៈ​ឃ្មុំ​ទាំងនោះ ហើរ​ទៅ​ក្រេប​លំអងផ្កា​នៃ​រុក្ខជាតិ​បន្លែ និង​ផ្លែឈើ ដែល​ធ្វើឱ្យ​ចំនួន​សំបុក​ឃ្មុំ មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​៕
 

Tag:
 ឃ្មុំ​
  ស្បៀង​
  សៀមរាប​
 កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com