ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្លៀកពាក់​ស៊ិ​ច​ស៊ី បញ្ចេញ​លើ​ក្រោម លក់​ផលិតផល​តាម​អន​ឡាញ ជា​គំរូ​មិនល្អ​សម្រាប់​ក្មេង​
24, Feb 2020 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ហ្វេ​ស​ប៊ុ​ក មិន​ត្រឹមតែ​ជា​កន្លែង​កម្សាន្ត​នោះទេ តែ​វា​បាន​ក្លាយជា​ទំព័រ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​ពេញនិយម​សម្រាប់​ពិភពលោក និង​នៅ​កម្ពុជា​។ មាន​អ្នករកស៊ី​ជាច្រើន បាន​ថតរូប និង​វីដេអូ ឬក៏​ផ្សាយ​ផ្ទាល់​(Live) លើ​បណ្តាញ​សង្គម​មួយ​នេះ ដើម្បី​លក់​ផលិតផល​របស់​ពួកគេ​។ ប៉ុន្តែ អ្នកលក់​ផលិតផល​មួយចំនួន បែរជា​បាន​ថតរូប ឬ​វីដេអូ​បង្ហាញ​ពី​ភាព​ស៊ិ​ច​ស៊ី​លេច​លើ​លេច​ក្រោម ដើម្បី​មាន​ភាព​ទាក់ទាញ​ដល់​អ្នកទស្សនា ដែល​បញ្ហា​នេះ បានទទួល​រង​នូវ​ការរិះគន់​ពី​ពលរដ្ឋ​ថា ធ្វើ​ឲ្យ​ខូច​ដល់​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ និង​ផ្តល់​ជា​គំរូ​មិនល្អ​ចំពោះ​ក្មេងៗ​។


 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖
 
 
 
​អ្នកស្រី ប៊ូ គឹម​លី អាយុ​៣៧​ឆ្នាំ ដែល​កំពុង​សកអំពៅ​នៅ​ម្តុំ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​អះអាងថា ទោះបី​អ្នកស្រី​មិនចេះ​លែង​ហ្វេ​ស​ប៊ុ​ក តែ​អ្នកស្រី​ធ្លាប់​មើល​មិត្តភក្តិ​លេង​ហ្វេ​ស និង​បានឃើញ​វីដេអូ​អ្នកលក់​ឡេ​ស៊ី​ច​ស៊ី​ហួសហេតុ ដោយ​ខ្លះ​បង្ហាញ​គល់​សុដន់ និង​ខ្លះទៀត ស្លៀកខោ ឬ​សំពត់​ខ្លី ខើច​លើ​ខើច​ក្រោម​ជាដើម​។ អ្នកស្រី យល់ថា ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី​បង្ហាញ​ជា​សាធារណៈ​បែបនេះ មិនមែនជា​រឿង​ល្អ​ឡើយ ព្រោះ​វា​ជា​គំរូ​អាក្រក់​សម្រាប់​ក្មេងៗ​។ 
 
​និយាយ​បណ្តើរ ភ្នែក​ក្រឡេក​មើលទៅ​កូនស្រី​វ័យ​ជំទង់​របស់ខ្លួន​ដែល​កំពុង​ញ៉ាំ​បាយ​ថ្ងៃត្រង់ អ្នកស្រី ប៊ូ គឹម​លី ដែលមាន​មាឌ​ដំបង ស្លៀកខោ​ជើងវែង និង​ពាក់​អាវដៃវែង បាន​អះអាងថា​យ៉ាង​ដូច្នេះ​ថា​៖ 
 
«​ពេល​យើង​ថា ការ​ស្លៀក​ស៊ី​ច​ស៊ី​ចឹ​ង គេ​ថា ប៉ះពាល់​ស្អី បើ​គេ​ស្លៀក​ចឹ​ង​ទូទាំងប្រទេស​ហើយ​ហ្នឹង​! តែបើ​សម្រាប់​ខ្ញុំ ខ្ញុំ​អត់​ចូលចិត្ត​ការ​Live​ស្លៀក​ស៊ី​ច​ស៊ី​បែប​ហ្នឹង ព្រោះ​អាចធ្វើ​ឲ្យ​ក្មេង​វា​ធ្វើតាម​»​។​
 
​តាមពិតទៅ ការនិយម​លក់​ផលិតផល​តាម​ហ្វេ​ស​ប៊ុ​ក ទើបតែ​ចាប់ផ្តើម​ប្រហែល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ពោល គឺ បន្ទាប់ពី​ចំនួន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​កបាន​កើន​យ៉ាងខ្លាំង ស្រប​ពេលដែល​ទូរស័ព្ទដៃ​ទំនើប​(Smart Phone) កាន់​តែមាន​តម្លៃថោក ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មានលទ្ធភាព​ប្រើប្រាស់​កាន់តែច្រើន និង​បង្កើត​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​អ៊ិន​ធឺ​ណេ​ត​នៅ​គ្រប់​ទីកន្លែង​។ បើតាម​របាយការណ៍រ​បស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​ឲ្យ​ដឹងថា អ្នក​ចំនួន​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណេ​ត​នៅ​កម្ពុ​ជាមាន​កើនឡើង​ពី​៥​លាន​នាក់​នៅ​ឆ្នាំ​២០១៤​រហូតដល់​ជាង​១៥​លាន​នាក់​នៅ​ឆ្នាំ​២០១៩​។ 
 
​ទន្ទឹមគ្នា​នឹង​ការរីក​ច្រើន​នៃ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម អាជីវកម្ម​អេឡិចត្រូនិក ក៏បាន​រីកដុះដាល​ខ្លាំង​នៅក្នុង​ពិភពលោក និង​នៅ​កម្ពុជា​ផងដែរ​។ សហគ្រិន​ខ្មែរ​ជាច្រើន បាន​បង្កើត​ផលិតផល និង​សេវាកម្ម​ជាច្រើន ដើម្បី​ទាញ​ប្រយោជន៍​ពី​បណ្តាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​នេះ ប៉ុន្តែ ស្រាប់តែ​លេចឡើង​នូវ​អ្នកលក់ដូរ​ផលិតផល​តាម​ហ្វេ​ស​ប៊ុ​ក​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ផងដែរ​។ 
 
​កញ្ញា វិ​ន ស្រី​ណុ​ច ដែល​កំពុង​អង្គុយ​ក្រោម​បណ្ណាល័យ​មួយ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានបង្ហាញ​ការមិនគាំទ្រ​ចំពោះ​ការបង្ហាញ​ភាព​ស៊ិ​ច​ស៊ី​ជា​សាធារណៈ​នោះទេ​។  ក្នុង​វ័យ​២០​ឆ្នាំ និស្សិត​រាង​តូច​ច្រឡឹង និង​សម្បុរ​សរូប​នេះ អះអាងថា ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​ស៊ិ​ច​ស៊ី បានធ្វើ​ឲ្យ​ខូច​ដល់​សណ្តាប់ធ្នាប់​សង្គម​។ 
 
​ពាក់អាវ​ក្រណាត់​ដៃ​វែង​ពណ៌​ផ្ទៃមេឃ និង​ស្លៀកសំពត់​បត់​វែង ស្រី​ណុ​ច បាន​រៀប​រាប់ទាំង​ហួសចិត្ត​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​មើល​ហ្វេ​ស​ប៊ុ​ក ដែល​តែងតែមាន​ហើយ អូស​មក​មាន​ច្រើន​ហ្មង គ្រាន់តែ​ខ្ញុំ​មិនសូវ​ចាប់អារម្មណ៍​មើល​ការ​ឡាយ​លក់​អស់ហ្នឹង​។ ការ​ឡាយ​បែប​ហ្នឹង វា​ប៉ះពាល់​ដល់​សង្គម​ដែរ​។ ធម្មតា​ហ្វេ​ស​ប៊ុ​ក​ឥឡូវ មិនមែន​មើល​តែ​មនុស្ស​ចាស់​ឯណា កូនក្មេង​ក៏​មើល​ដែរ​»​។​
 
​លោក សាន មករា អាយុ​២៣​ឆ្នាំ ជា​និស្សិត​ជំនាញ​ភាសា​ជប៉ុន​នៅ​វិទ្យាស្ថាន​ភាសាបរទេស យល់ឃើញថា ការផ្សាយ​ផ្ទាល់​(Live) លក់​ផលិតផល​តាម​ហ្វេ​ស​ប៊ុ​ក បានផ្តល់​ភាពងាយស្រួល​សម្រាប់​អតិថិជន តែ​ក៏​ជះ​ផល​អវិជ្ជមាន​មួយចំនួន​ដែរ​។ 
 
​ដៃ​កំពុងកាន់​សៀវភៅ​ភាសា​ជប៉ុន​នៅ​បរិវេណ​សាលា​របស់ខ្លួន​នោះ លោក សាន មករា ដែលមាន​សក់រួញ សម្បុរ​ខ្មៅ​ស្រអែម បាន​រៀប​រាប់ទាំង​ទឹកមុខ​មាំ​ថា​៖ «​ការ​Live លក់​ឡេ​តាម​ហ្វេ​ស​ប៊ុ​ក​ហ្នឹង វា​មាន​ចំណុច​ល្អ និង​ចំណុច​អាក្រក់​។ ចំណុច​ល្អ​សម្រាប់​ប្រជាជន​ខ្មែរ​យើង​ដែល​ចូលចិត្ត​ស៊ិ​ច​ស៊ី និង​ស៊ី​វិ​ល័យ​រឿង​ស្បែក​អ៊ីចឹង​។ យើង​មិន​ចំ​បាច់​ទៅដល់​ទីតាំង​ទេ ដោយ​គ្រាន់តែ​ទាក់ទង​តាម​ហ្វេ​ស​ប៊ុ​ក ព្រោះ​គេ​Live​លើ​ហ្វេ​ស​ប៊ុ​ក​ហើយ តែ​ងាយ​ប៉ះ​ផលិតផល​ដែល​មិនល្អ ឬក៏​ល្អ​។ តែ​ចំណុច​អាក្រក់ ការ​Live ស៊ិ​ច​ស៊ី មើលទៅ​វា​ខូច​ដល់​សណ្តាប់ធ្នាប់​សង្គម ព្រោះ​មិនមែន​មានតែ​ខ្មែរ​ទេ​ដែល​បាន​មើល បរទេស​ក៏​គេ​មើល​ដែរ​។ ម្យ៉ាង​ក្មេង ក៏​អាច​ស្លៀកពាក់​តាម​អ្នក​Live​ហ្នឹង​ដែរ​»​។​
 
​ចំណែក លាង សុខ​ហៃ អាយុ​២១​ឆ្នាំ ក៏​លើកឡើង​ស្រដៀង​គ្នា​នឹង​លោក សាន មករា​ដែរ​។ សម្រាប់​បុរស​រាងស្តើង និង​សម្បុរ​សណ្តែកបាយ​រូបនេះ ក្រៅពី​ផ្តល់​គំរូ​មិនល្អ​ដល់​ក្មេងៗ ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​បែបនេះ បានធ្វើ​ឲ្យ​បុរស​មួយចំនួន​កើតមាន​ចំណង់​ផ្លូវភេទ​ផងដែរ​។ 
 
​កំលោះ សាង សុខ​ហៃ បាន​និយាយ​ទាំង​ញញឹម​ដូច្នេះ​ថា​៖ «​ឧទាហរណ៍​ស្រីៗ​ស្លៀក​ស៊ិ​ច​ស៊ី វា​បង្កើត​ឲ្យ​សម្បូរ​ព្រាននារី​។ ហើយ​ធ្វើ​ឲ្យ​ប្រុស​មួយចំនួន មាន​បញ្ហា​ចំណង់​កាម​»​។ 
 
​បើតាម​និស្សិត​ឆ្នាំ​ទី​៣​រូបនេះ បច្ចុប្បន្ន មិន​ត្រឹម​តែមាន​អ្នក​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ដែល​បណ្តាល​ឲ្យ​ខូច​ដល់​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ល្អ​របស់​ខ្មែរ​នោះទេ តែ​អ្នកលក់​ផលិតផល​ថែ​សម្រស់​មួយចំនួនទៀត បាន​យក​ផលិតផល​ខូចគុណភាព ឬ​ផលិតផល​ក្លែងក្លាយ​មក​លក់​ដោយ​គ្មាន​ច្បាប់​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​ខូច​មុខមាត់ ឬ​ស្បែក​អតិថិជន​ផងដែរ​។​
 
​លោក​បន្តថា​៖ «​បើ​ការ​ចរាចរណ៍​ផលិតផល​ក្លែងក្លាយ វា​មាន​ផលប៉ះពាល់​ច្រើន​ដែរ​ចំពោះ​សង្គម​យើង​។ កាលណា យើង​ប្រើ​ផលិតផល​ក្លែងក្លាយ វា​ធ្វើ​ឲ្យ​យើង​ប៉ះពាល់​ដល់​សុខភាព និង​ធ្វើ​សង្គម​យើង​មិនមាន​សណ្តាប់ធ្នាប់​ល្អ​។ ការ​ឲ្យ​ចរាចរណ៍​ផលិតផល​ខុសច្បាប់ អត់​មាន​អ្នកគ្រប់គ្រង​ត្រឹមត្រូវ បណ្តោយ​ឲ្យ​លក់​រញ៉េរញ៉ៃ​»​។ 
 
​ទាក់ទង​នឹង​បញ្ហា​នេះដែរ លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការនិយាយស្តី ការ​ស្លៀកពាក់ គឺជា​សិទ្ធិសេរីភាព​បុគ្គល ។ លោក​បន្តថា ក្រសួង​វប្បធម៌​មិនមាន​សមត្ថកិច្ច​ណាមួយ​ក្នុងការ​ចាត់វិធានការ​នោះទេ ព្រោះ​ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី​នេះ មិនមែនជា​បញ្ហា​ធំ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិ​ធ្ងន់ធ្ងរ​នោះទេ​។​
​លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​យើង​បិទ​គេ គេ​ថា​យើង​ទៅ​បិទ​សេរីភាព ការ​ស្លៀកពាក់​ហ្នឹង វា​ជា​សេរីភាព​របស់គេ​។ អាហ្នឹង វា​ជា​សមត្ថកិច្ច​ក្រសួង​វប្បធម៌​ដែរ ឬ​យ៉ាងម៉េច​? តែបើ​សួរ​ជា​បុគ្គល ធម្មតា មិនមែន​តែ​ខ្ញុំ​ទេ យើង​មើលទៅ​វា​ខុសឆ្គង​ភ្នែក​ដែរ​។ យើង​បាន​ណែនាំ​គេ​ហើយ យើង​បាន​អំពាវនាវ​ហើយ តែ​គេ​មិន​ធ្វើ យើង​ធ្វើ​ម៉េច​?»​។ 
 
​លោក​បណ្ឌិត ឈ​ត ប៊ុន​ថង សាស្ត្រាចារ្យ​ជំនាញ​ទស្សនវិជ្ជា យល់ឃើញថា ការបង្ហាញ​ភាព​ស៊ិ​ច​ស៊ី​ហួសហេតុ​របស់​អ្នករកស៊ី​អន​ឡាញ​មួយចំនួន បាន​នឹង​កំពុងតែ​បំផ្លាញ​តម្លៃ​នារី​ខ្មែរ ដែល​ធ្លាប់​តែមាន​កិរិយា​ថ្លៃថ្នូរ និង​សុភាពរាបសារ​កន្លងមក​។ 
 
​លោក​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖ «​ជាទូទៅ យើង​ឃើញថា ភាពថ្លៃថ្នូរ ភាពល្អ​ផូរផង់​នៃ​ប្រពៃណី​របស់​យើង រាប់​ចាប់តាំងពី​ការនិយាយស្តី ការ​ស្លៀកពាក់ ឥរិយាបថ​ល្អ​គ្មាន​ពីរ ត្រូវបាន​គេ​សរសើរ និង​ចារ​ក្នុង​វប្បធម៌​អរិយធម៌​របស់​ខ្មែរ​។ កាលណា យើង​ធ្វើ​ខុសពី​ហ្នឹង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ច្បាប់សង្គម ច្បាប់​ប្រពៃណី​របស់​យើង​ហើយ​។ ស្អី​ដែល​ប៉ះពាល់​ហ្នឹង គឺ​ធ្វើ​ឲ្យ​បាត់បង់​វប្បធម៌​ដើម​របស់​យើង និង​សេចក្តីថ្លៃថ្នូរ​។ ការយក​ភាព​ឯកជន​របស់ខ្លួន​ទៅ​បង្ហាញ​ជា​សាធារណៈ ដូចជា មើល​យូរៗ មាន​អ្នកខ្លះ គេ​អាច​ច្រឡំ​ថា គាត់​មិនមែន​លក់​តែ​ទំនិញ​គាត់​ទេ តែ​អាច​លក់​ទាំង​ខ្លួន​គាត់​ទៀត​»​។ 
 
​បើតាម​អ្នកជំនាញ​សីលធម៌​រូបនេះ អ្នកលក់​អន​ឡាញ​ទាំងឡាយ គួរតែ​ផ្លាស់ប្តូរ​ទម្លាប់​ទាំងនេះ  ដោយ​ងាក​ទៅរក​វិធីសាស្ត្រ​ផ្សេងទៀត ដើម្បី​លក់​ផលិតផល​របស់ខ្លួន​។ 
 
​លោក​ពន្យល់​បន្ថែម​៖«​យើង​លក់​ដូចគ្នា យើង​ប្រើ​វិធីសាស្ត្រ​ក្នុងការ​និយាយ​ទាក់ទាញ​អតិថិជន ប្រើ​ទេពកោសល្យ​ក្នុងការ​និយាយ ឬ​យើង​មាន​សេវាកម្ម​រហ័ស​ទាន់ពេល​ដែល​គេ​ចង់បាន ទំនិញ​យើង​មិន​ក្លែងក្លាយ ហើយ​តម្លៃ​របស់​យើង​មិន​ថ្លៃ​ជាងគេ​។ ខ្ញុំ​គិតថា វិធី​ទាំងអស់នេះ យើង​អាច​ប្រើ​ជំនួស​ការបង្ហាញ​ភាព​ស៊ិ​ច​ស៊ី ឬ​អ្នកខ្លះ បង្ហាញ​ពាក្យ​គ្រោតគ្រាត ឬ​សម្តី​អសុរោះ ទើប​លក់ដាច់​។ ខ្ញុំ​គិតថា គួរតែ​ផ្លាស់ប្តូរ​ឥរិយាបថ​ហ្នឹងហើយ​»​។  
 
​ដ្បិត​កម្ពុជា​ទើប​អនុម័ត​ច្បាប់ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក ក៏ប៉ុន្តែ​ការអនុវត្ត និង​ការកែប្រែ​ទម្លាប់​នេះ មិនមែនជា​ការងារ​ស្រួល​ឡើយ​។ បើតាម​លោក​បណ្ឌិត ឈ​ត ប៊ុន​ថង នៅ​ដំណាក់កាល​ដំបូង​នេះ ការណែនាំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត  គឺជា​វិធី​ល្អ ដើម្បី​រម្លឹក​ពួកគេ​ឲ្យ មាន​ក្រមសីលធម៌​ក្នុងការ​ប្រកប​អាជីវកម្ម​៕         
 

Tag:
 លក់​ឡេ​
 sexy
 ​ហ្វេ​ស​ប៊ុ​ក
© រក្សាសិទ្ធិដោយ thmeythmey.com