អន្តរជាតិ
មេ​ភស្តុភារ​ឡាវ ជាប់ពន្ធនាគារ​មួយជីវិត ពីបទ​លួច​លុយ​រដ្ឋ និង​ពុករលួយ​
23, Feb 2020 , 9:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីឡាវលោក ថុងលួន ស៊ីសូលីត (រូបភាព: Xinhua)
នាយករដ្ឋមន្ត្រីឡាវលោក ថុងលួន ស៊ីសូលីត (រូបភាព: Xinhua)
ដោយ: ថ្មីៗ
​តុលាការ​ឡាវ បានសម្រេច​កាត់ទោស​អតីតមន្ត្រី​ជាន់ខ្ពស់​រដ្ឋា​ភិ​បាល​ទទួលបន្ទុក​ការងារ​ភស្តុភារ និង​បក្សពួក​មួយចំនួន​ឲ្យ​ជាប់ពន្ធនាគារ​ជាច្រើន​ឆ្នាំ​។ សេចក្តីសម្រេច​របស់​តុលាការ ធ្វើឡើង​បន្ទាប់ពី​រកឃើញថា មន្ត្រីជាន់ខ្ពស់​ទាំងនេះ បាន​កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​រដ្ឋ និង​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ ក្នុង​មុខតំណែង​។

 
​អតីត​អគ្គនាយក​ទទួលបន្ទុក​ផ្នែក​ភស្តុភារ​របស់​រដ្ឋាភិបាល​ឡាវ លោក Khampheng ត្រូវបាន​តុលាការ​ឡាវ កាត់​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត​ពីបទ​ពុករលួយ ដែល​បាន​ប្រព្រឹត្ត​តាំងពី​លោក ឡើងកាន់តំណែង​នេះ​មកម្ល៉េះ​។ ទ្រព្យសម្បត្តិ របស់លោក ដែល​បានមកពី​ការប្រព្រឹត្ត​អំពើពុករលួយ​នេះ នឹងត្រូវ​រឹបអូស​មកជា​ទ្រព្យសម្បត្តិ​រដ្ឋ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Laotians Times នៅ​ថ្ងៃ​២០ កុម្ភៈ​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល បក្សពួក​របស់លោក ដែលជា​អ្នកសមគំនិត​បីនាក់​ផ្សេងទៀត ក៏ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១៨ ឆ្នាំ និង​តម្រូវ​ឲ្យ​សង​នូវ​ទ្រព្យសម្បត្តិ​ដែល​បានមកពី​អំពើពុករលួយ​ឲ្យ​រដ្ឋ​មកវិញ​ទាំងអស់​ផងដែរ​។ យ៉ាងណា ដោយសារតែ​ជនជាប់ចោទ​ទាំងបី បាន​អនុវត្តតាម​សេចក្តីសម្រេច តុលាការ បានសម្រេច​សម្រាលទោស​ពួកគេ​មក​ត្រឹម ៩​ឆ្នាំ​វិញ​។ 
 
​តាម​របាយការណ៍​រប​ស់​តុលាការ អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​រដ្ឋាភិបាល​ឡាវ​រូបនេះ បានចាប់ផ្តើម​ប្រព្រឹត្ត​អំពើពុករលួយ​នៅពេល​លោក ឡើងកាន់តំណែង​នេះ​ក្នុង​ឆ្នាំ​២០០៨​។ អំពើពុករលួយ​របស់​លោក ត្រូវបាន​ស្តែងចេញ​ឡើង​តាម​រូបភាព​ដូចជា ការទទួល​សំណូក​ពី​កិច្ចសន្យា​ពី​ក្រុមហ៊ុន​សាងសង់​, ការ​លួច​លុយ​ពីលើ​ការកំណត់​តម្លៃ​ទំនិញ និង​ពន្ធ​បន្ថែម​, ក៏ដូចជា​ការប្រើប្រាស់​ឥណទាន​របស់​អង្គភាព​សម្រាប់​ការចំណាយ​ឯកជន​ក្រៅប្រទេស​ជាដើម​។​
 
​គួរ​បន្តិច​ថា តាម​របាយការណ៍​ស​ន្ទ​ស្សន៍​អំពើពុករលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ឆ្នាំ​២០១៩ ឡាវ ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី ១៣០ ខណៈ​ឆ្នាំ​២០១៧ នៅ​លេខ ១៣៥ និង ២០១៨ ១៣២​។ ស្ថានភាព​អំពើពុករលួយ​នៅក្នុង​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​របស់​ពិភពលោក​មួយ​នេះ ត្រូវបាន​មើលឃើញថា មាន​ភាព​ថមថយ​ខ្លះ បន្ទាប់ពី​លោក ថុង​លួ​ន ស៊ី​សូលី​ត ឡើងកាន់តំណែង​។ លោកនាយក​រដ្ឋមន្ត្រី ថុង​លួ​ន បាន​ប្តេជ្ញា​កាត់បន្ថយ​អំពើពុករលួយ​នៅក្នុង​អង្គភាព​រដ្ឋាភិបាល តាមរយៈ​ការពង្រឹង​ការគ្រប់គ្រង​មន្ត្រី​រដ្ឋការ ក៏ដូចជា​តម្លាភាព​ក្នុងការ​ប្រើប្រាស់​ថវិការ​ដ្ឋ​ជាដើម​៕ 

Tag:
 ឡាវ​
  អាស៊ាន​
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com