អន្តរជាតិ
ឥណ្ឌូណេស៊ី ត្រៀមជម្លៀសពលរដ្ឋខ្លួនដែលកំពុងជាប់គាំងនៅលើនាវា Diamond Princess
× រដ្ឋាភិបាលក្រុងហ្សាការតា កំពុងរៀបចំក្រុមការងារដើម្បីទៅជម្លៀស និងទទួលពលរដ្ឋរបស់ខ្លួនជាច្រើនរូបដែលកំពុងតែស្ថិតក្នុងនាវា Diamond Princess ដែលមានពលរដ្ឋជាច្រើនប្រទេសមានផ្ទុកវីរុស Covid-19។ ផែនការរបស់ក្រុងហ្សាការតា ធ្វើឡើង ស្របពេលចំនួនអ្នកផ្ទុកមេរោគ Covid-19 ក្នុងនាវានេះ ត្រូវបានរកឃើញជាបន្តបន្ទាប់។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto នៅថ្ងៃ២២ កុម្ភៈ បានឲ្យដឹងថា រដ្ឋាភិបាល នឹងបញ្ជូននាវាពេទ្យមួយគ្រឿង ដើម្បីទៅជម្លៀស និងនាំយកពលរដ្ឋរបស់ខ្លួនចំនួន ៧៤នាក់ ដែលនៅលើនាវា Diamond Princess ក្នុងទីក្រុង Yokohama របស់ជប៉ុន។ នេះបើយោងតាមការចុះផ្សាយរប់សារព័ត៌មាន Jakarta Globe។
តាមប្រភពព័ត៌មានដដែល មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា ក្នុងចំណោមពលរដ្ឋឥណ្ឌូណេស៊ីទាំង៧៤ នាក់ មានពលរដ្ឋ៤នាក់ បានធ្វើតេស្តឃើញវិជ្ជមានលើមេរោគ Covid-19 ដែលបច្ចុប្បន្ន ត្រូវបានដាក់ឲ្យនៅព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យរបស់ជប៉ុន ខណៈពលរដ្ឋមកពីប្រទេសបណ្តាផ្សេងទៀតនៅលើនាវានោះ កំំពុងស្ថិតក្រោមការតាមដានតឹងរឹងពីមន្ត្រីសុខាភិបាលរបស់ជប៉ុន។
លោក Yurianto បានសារភាពពីបញ្ហាធ្ងន់ធ្ងរដែលរដ្ឋាភិបាលកំពុងតែប្រឈម ដ្បិតនាវា ដែលពលរដ្ឋឥណ្ឌូណូស៊ី ស្នាក់នៅនោះ គឺជាទីកន្លែងមានអ្នកផ្ទុកមេរោគ Covid-19 ច្រើនជាងគេ បន្ទាប់ពីចិន។
ទោះបីជារដ្ឋាភិបាលឥណ្ឌូណេស៊ី មានផែនការនាំយកពលរដ្ឋខ្លួនមកវិញក៏ដោយ ឥណ្ឌូណេស៊ី នៅមិនទាន់កំណត់ពីទីកន្លែងសម្រាប់ដាក់ពលរដ្ឋទាំង ៧៤នាក់នោះនៅឡើយនោះទេ។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី បានយកមូលដ្ឋានយោធា ដែលមានទីតាំងលើប្រជុំកោះណាទុណា សម្រាប់ដាក់ពលរដ្ឋខ្លួនដែលទើបមកពីចិន ឲ្យស្ថិតនៅដាច់ដោយឡែកពីគេ រហូតដល់បាន១៤ថ្ងៃ ទើបអនុញ្ញាតឲ្យទៅស្រុកកំណើតរបស់ពួកគេវិញ។
គួរជម្រាបថា ឥណ្ឌូណេស៊ី គឺជារដ្ឋមួយក្នុងតំបន់ ដែលមិនទាន់មានពលរដ្ឋឆ្លងមេរោគ Covid-19 នៅក្នុងប្រទេសនៅឡើយនោះទេ ខណៈតួលេខអ្នកស្លាប់ និងឆ្លងមេរោគនេះ បន្តកើនឡើង ជាពិសេសនៅចិន និងនាវា Diamond Princess តែម្តង៕
Tag:
ឥណ្ឌូណេស៊ី
Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com