ជាតិ
មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «អានុភាពកីឡា» រូបផ្ដល់ឱ្យ
× ភ្នំពេញ៖ ឆ្នាំ២០២០នេះ មហោស្រពគីហ្សូណា បានជ្រើសរើសប្រធានបទ «អានុភាពកីឡា» ដោយសារតែប្រទេសជប៉ុន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក និងផារ៉ាឡាំពិកនៅឆ្នាំនេះ។ បន្ថែមលើទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន ជាពិសេសយុវជន ប្រធានបទខាងលើ ក៏ចង់បង្ហាញពីសារសំខាន់នៃកីឡានៅក្នុងជីវិតរបស់មនុស្ស និងនៅក្នុងសង្គមផងដែរ។
ស្ថានទូតជប៉ុន បានរួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និង មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន រៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី៩ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ដល់២៣ខែកុម្ភៈឆ្នាំ២០២០នេះ។
អ្នកស្រី កាអូរិតាណាបេ ហៅ គន្ធា លេខាទី១ទទួលបន្ទុកកិច្ចការវប្បធម៌នៃស្ថានទូតជប៉ុន បានបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំមហោស្រពគីហ្សូណា គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន ជាពិសេសយុវជននៃប្រទេសទាំងពីរ។
អ្នកស្រី កាអូរិតាណាបេ បញ្ជាក់បន្ថែមពីមូលហេតុនៃការជ្រើសរើសប្រធានបទសម្រាប់មហោស្រពនៅឆ្នាំនេះ៖«ដោយសារតែប្រទេសជប៉ុន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក និងផារ៉ាឡាំពិកនៅឆ្នាំនេះ។ ម្យ៉ាងយើងចង់នាំដួងព្រលឹង និងបេះដូងនៃកីឡានៅប្រទេសជប៉ុនមកកម្ពុជា។ យើងចង់ឱ្យមហោស្រពនេះក្លាយជាឱកាសមួយសម្រាប់ប្រជាជនទាំងអស់ បានយល់ពីសារសំខាន់នៃកីឡានៅក្នុងជីវិតរបស់ខ្លួន និងនៅក្នុងសង្គម»។ រូប២
លោកស្រី កាអូរិតាណាបេ ហៅ គន្ធា លេខាទី១ទទួលបន្ទុកកិច្ចការវប្បធម៌នៃស្ថានទូតជប៉ុន
ចំណែក លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា លោកចូលចិត្តកីឡាខ្លាំងតាំងពីតូចរហូតដល់បច្ចុប្បន្ន ជាពិសេសប្រភេទកីឡាបេសប៊ល កីឡាបាល់បោះ កីឡាបាល់ឱប កីឡាបាល់ទាត់ និងកីឡាវាយកូនហ្គោលជាដើម។
លោកឯកអគ្គរាជទូត បញ្ជាក់បន្ថែមដូច្នេះ៖«កីឡាបានបង្ហាត់បង្រៀនខ្ញុំនូវសារសំខាន់នៃការខិតខំ សាមគ្គីភាព យុត្តិធម៌ ភាពអត់ធ្មត់ មិត្តភាព និងមេរៀនជាច្រើនទៀត ដែលវាមានសារសំខាន់សម្រាប់ជីវិត»។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា(រូបផ្ដល់ឱ្យ)
សូមបញ្ជាក់ថា មហោស្រពគីហ្សូណាដែលមានរយៈពេល៤ថ្ងៃ មានរៀបចំកម្មវិធីជាច្រើនដូចជា សិក្ខាសាលាទាក់ទងនឹងសិល្បៈ អប់រំ សុខភាព បច្ចេកវិទ្យា សាកល្បងភ្លក់ម្ហូប និងបង្អែមខ្មែរ-ជប៉ុន សាកល្បងស្លៀក«ក្បិន»ខ្មែរ និងពាក់«យូកាតា»ជប៉ុន។ សាកល្បងពិធីលៀងតែជប៉ុន «សាដូ» សិល្បៈបត់ក្រដាស«អូរីហ្គាមី» តុបតែងផ្កា«អ៊ីកេបាណា» ការសរសេរអក្សរផ្ចង់«ស្យូដូ» ជាដើម ព្រមទាំងមានសកម្មភាពកីឡាមួយចំនួនទៀត៕
ក្រុមសម្ដែងក្នុងមហោស្រព(រូបផ្ដល់)
Tag:
ជប៉ុន
មហោស្រព
សិល្បៈ
កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com