ជាតិ
សីហា ប្រឹងដើរលក់ចំណីព្រាបមុខវាំងជួយជីវភាពគ្រួសារ សង្ឃឹមថា ថ្ងៃណាមួយ នឹងបានចូលរៀន
×
ភ្នំពេញ៖ កើតក្នុងគ្រួសារក្រីក្រ កុមារា សីហា មិនធ្លាប់បានចូលរៀននឹងគេឡើយ តែបែរជាមកត្រូវដើរលក់ចំណីព្រាបនៅមុខព្រះបរមរាជវាំង ជាមួយឪពុក ម្ដាយ និងបងប្អូន៤នាក់ទៀត។ ខុសពីក្មេងដទៃ សីហា មានវ័យ១១ឆ្នាំ តែមិនអាចសរសេរសូម្បីតែឈ្មោះខ្លួន។ សីហា ធ្លាប់សុំម្ដាយចូលរៀន តែដោយសារមិនមានសំបុត្រកំណើត និងលិខិតផ្សេងៗសម្រាប់សុំចូលរៀន ទើបកុមារារូបនេះ បានត្រឹមព្យាយាមជួយរកប្រាក់ផ្គត់ផ្គង់គ្រួសារ ដោយការដើរលក់ចំណីព្រាប។
ម៉ោងប្រមាណជិត១១ព្រឹក ក្នុងអាកាសធាតុមធ្យម សីហា ដែលមានរូបរាងស្គម សម្បុរស្រអែម កំពុងដើរហៅមនុស្សម្នា នៅតាមសួនក្បែរទីកន្លែងគោរពព្រះអង្គដង្កើ ឲ្យទិញចំណីសត្វព្រាប ដែលមានក្នុងដៃជាង១០ថង់។ សីហា ប្រឹងដើរសួរគេពីម្នាក់ទៅម្នាក់ថា៖«ពូ មីង ទិញចំណីឲ្យព្រាបទេ ១ថង់២ពាន់ ៣ថង់៥ពាន់»។
ពេលនិយាយជាមួយសារព័ត៌មានថ្មីៗ សីហា ប្រាប់ថា មិនស្គាល់ត្រកូលខ្លួនឯងនោះទេ។ ជាក្មេងវ័យ១១ឆ្នាំ សីហា មិនដែលបានចូល រៀនដូចក្មេងដទៃឡើយ។ ពាក់អាវពណ៌ក្រហមដៃខ្លី ជាមួយខោជើងខ្លីពណ៌ខ្មៅ ដោយមានពាក់ម៉ាស់ពណ៌ផ្កាឈូកផងនោះ សីហា បង្ហាញអារម្មណ៍ថា ចង់ចូលរៀនដូចក្មេងដទៃដែរ ហើយក៏ធ្លាប់សុំម្ដាយចូលរៀន ប៉ុន្តែមិនមានសំបុត្រកំណើត និងលិខិតផ្សេងៗសម្រាប់សុំចូលរៀន។
សីហា ត្រូវក្រោកតាំងពីម៉ោង៣ទៀបភ្លឺ ជិះម៉ូតូទាំងគ្រួសារ ពីបន្ទប់ជួលនៅទួលសង្កែ មកមុខព្រះបរមរាជវាំង ដើម្បីចែកកន្លែងគ្នាលក់ចំណីព្រាប។ សីហា មានបងប្អូន៦នាក់ ដោយក្នុងនោះ ស្រីម្នាក់ (បងគេ) និង ប្រុស៥នាក់។ ជាកូនទី៥ សីហា និយាយថា មានតែបងស្រីទេ ដែលបានរៀន ឯបងប្រុសទាំងប៉ុន្មាននាក់ ក៏មិនបានរៀនដែរ។
សីហា ជាមួយបងប្រុសទាំង៣ និងឪពុក ដើរលក់ចំណីព្រាបទាំងអស់គ្នា តែបងស្រីជាអ្នករត់តុនៅហាងកាហ្វេមួយកន្លែង។ ចំណែកម្ដាយ ក៏ទៅមុខវាំងជាមួយដែរ តែមិនបានដើរលក់ចំណីព្រាបទេ ដោយត្រូវអង្គុយមើលកូនតូចម្នាក់ និងយាមអីវ៉ាន់ ព្រោះបើទុកផ្ដេសផ្ដាស សមត្ថកិច្ច នឹងចាប់។
មកលក់ចំណីព្រាបតាំងពីម៉ោង៤ព្រលឹម រហូតដល់ម៉ោង៣-៤រសៀល សីហាម្នាក់ឯង អាចរកប្រាក់បានពី៣-៥ម៉ឺនរៀល ក្នុង១ថ្ងៃ។ ប្រាក់ដែលរកបាន សីហា ឲ្យម្តាយទាំងអស់ សម្រាប់ចំណាយផ្សេងៗ ដូចជា ថ្លៃបន្ទប់ជួល ចាក់សាំងម៉ូតូ និង ម្ហូបអាហារ ជាដើម។
ពីមុនឪពុកម្តាយរបស់កុមារារូបនេះ ជាអ្នកធ្វើស្រែនៅខេត្តកណ្ដាល ហើយត្រូវប្ដូរមកលក់ចំណីសត្វនៅភ្នំពេញ ព្រោះតែការធ្វើស្រែមិនអាចបំពេញតម្រូវការគ្រួសារបានគ្រប់គ្រាន់។ ក្រោយពីប្ដូរមកលក់ចំណីព្រាបនៅទីក្រុងភ្នំពេញ គ្រួសាររបស់សីហា មានជីវភាពគ្រាន់បើជាងមុនបន្តិច។ សីហា សង្ឃឹមថា ថ្ងៃណាមួយ នឹងបានចូលរៀនដូចគេដែរ៕
Tag:
លក់ចំណីព្រាប
កុមារសីហា
© រក្សាសិទ្ធិដោយ thmeythmey.com