អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូង ប្រកាសអាសន្នកម្រិតខ្ពស់បំផុត បន្ទាប់ពីអ្នកឆ្លងកើនដល់៦០២ករណី
23, Feb 2020 , 4:28 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (កណ្តាល) និយាយពីបញ្ហា  COVID-19 ក្នុងកិច្ចប្រជុំរដ្ឋាភិបាលនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២០។ រូបភាព៖ AFP
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (កណ្តាល) និយាយពីបញ្ហា COVID-19 ក្នុងកិច្ចប្រជុំរដ្ឋាភិបាលនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២០។ រូបភាព៖ AFP
ប្រធានាធិបតី មូន ចេអ៊ីន នាថ្ងៃទី២៣ ខែកុម្ភៈ បានសម្រេចដំឡើងកម្រិតប្រកាសអាសន្នជុំវិញ COVID-19 ទៅកម្រិតខ្ពស់បំផុត បន្ទាប់ពីកូរ៉េខាងត្បូង បន្តរកឃើញអ្នកឆ្លងជំងឺនេះរហូតដល់ ៦០២ករណី និងស្លាប់ ២ករណី។



តាមរយៈកិច្ចប្រជុំរដ្ឋាភិបាលកូរ៉េខាងត្បូងនាថ្ងៃទី២៣ ខែកុម្ភៈ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានលើកឡើងថា COVID-19 គួរតែដោះស្រាយដោយវិធានការម៉ត់ចត់។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងដំឡើងកម្រិតប្រកាសអាសន្នរបស់ប្រទេស ជុំវិញCOVID-19 ទៅកម្រិតខ្ពស់បំផុត ដោយផ្អែកទៅតាមការផ្តល់អនុសាសន៍របស់ក្រុមអ្នកជំនាញ។

ដោយស្ថិតក្នុងស្ថានភាពដែលប្រទេសកំពុងប្រឈមនឹងវិបត្តិ COVID-19 លោកមូន ប្រធានាធិបតីកូរ៉េខាងត្បូង បានជំរុញឲ្យមន្រ្តីទាំងអស់ចាត់វិធានការដ៏មានឥទ្ធិពល ដែលមិនធ្លាប់មានពីមុនមក ដើម្បីទប់ស្កាត់វីរុសប្រភេទថ្មី ដោយពុំមានការស្ទាក់ស្ទើ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

ការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុតបែបនេះ គឺធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងទើបតែរកឃើញ ៤៦ករណីថ្មីបន្ថែមទៀត នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ដែលធ្វើឲ្យចំនួនសរុបនៃករណីឆ្លង កើនដល់ ៦០២ករណី។ អត្រានេះ គឺមានចំនួនខ្ពស់ជាងគេបង្អស់បន្ទាប់ពីចិន បើធៀបទៅនឹងប្រទេសផ្សេងទៀត។

សូមបញ្ជាក់ថា កូរ៉េខាងត្បូងនៅថ្ងៃទី២២ ខែកុម្ភៈ បានប្រកាសដាក់ក្រុង Daegu និងតំបន់ Cheongdo ដែលមានអ្នកជំងឺ COVID-19 ច្រើនជាងគេរបស់កូរ៉េខាងត្បូងជា «តំបន់ថែទាំពិសេស»។ ស្រ្តីមានផ្ទុកកូរ៉ូណាវីរុសករណីទី៣១ ត្រូវបានអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងអះអាងថា គឺជាមនុស្សម្នាក់ ដែលបានចម្លងជំងឺទៅពលរដ្ឋក្នុងក្រុងDaegu ច្រើនជាងគេបំផុត៕

Tag:
 កូរ៉េខាងត្បូង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com