អន្តរជាតិ
ករណី​ស្លាប់​ដោយសារ COVID-19៖ អ៊ីរ៉ង់​ឡើងដល់​៨​នាក់ កូរ៉េខាងត្បូង​៦ និង​ម្នាក់ទៀត​ពី​នាវា​នៅ​ជប៉ុន​
23, Feb 2020 , 7:37 pm        
រូបភាព
ដោយ: រួបរួម
អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​២៤៦៨​នាក់ ដោយ​គិត​ត្រឹម​ម៉ោង​៧ និង​៣០​នាទី ល្ងាច​ថ្ងៃអាទិត្យ ទី​២៣ ខែកុម្ភៈ​នេះ​។ ក្រៅពី​ចិន ប្រទេស​ផ្សេងទៀត​ដែលមាន​កំណើន​តួលេខ​អ្នកស្លាប់ រួមមាន អ៊ីរ៉ង់ កូរ៉េខាងត្បូង ជប៉ុន (​ករណី​លើ​នាវា Diamond Princess) និង​អ៊ីតាលី​។​



​យោងតាម​រ៉​យ​ទ័​រ អ៊ីរ៉ង់ រកឃើញ​ករណី​ឆ្លង​១៥​ករណី​បន្ថែមទៀត និង​ករណី​ស្លាប់​៣​ករណី​។ តួលេខ​នេះ នាំ​ឲ្យ​ចំនួន​អ្នក​កើត COVID-19 នៅ​អ៊ីរ៉ង់ ឡើងដល់ ៤៣​ករណី ដែល​ក្នុងនោះ​អ្នក​ស្លាប់មាន​៨​ករណី ដែលជា​តួលេខ​ច្រើនជាងគេ​ក្នុងចំណោម​ប្រទេស​ដែលមាន​ករណី​ឆ្លង បន្ទាប់ពី​ចិន​។​

​នៅ​កូរ៉េខាងត្បូង ករណី​ឆ្លង​ឡើង​៦០២​នាក់ ហើយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​រាយការណ៍​ពី​ករណី​ស្លាប់​មួយ​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​ឡើងដល់​៦​នាក់​។ ករណី​កូរ៉េខាងត្បូង​រាលដាល​ខ្លាំង ចេញពី​ករណី​ស្ត្រី​មាន​ជំងឺ​ម្នាក់​ដែល​ឆ្លង​ដល់​អ្នក​ផ្សេងទៀត​ក្នុង​វិហារ​សាសនា​មួយ​។​

​នៅ​ជប៉ុន​ឯណោះ​វិញ ទូរទស្សន៍ NHK បាន​អះអាង​ពី​ករណី​ស្លាប់​បុរស​វ័យ​៨០​ឆ្នាំ​ម្នាក់ ដែល​គាត់​គឺជា​អតីត​អ្នកដំណើរ​នៅ​នាវា Diamond Princess​។ តួលេខ​នេះ នាំ​ឲ្យ​អ្នកស្លាប់​ដែល​ចេញពី​នាវា ឡើងដល់​៣​នាក់​ក្នុងចំណោម​៦៣៤​ករណី រីឯ​នៅ​ទឹកដី​ជប៉ុន​ផ្ទាល់ រក្សា​ចំនួន​ស្លាប់​១​នាក់​ដដែល លើ​១៤៦​ករណី​។​

​នៅ​អ៊ីតាលី អ្នកស្លាប់​ឡើងដល់​២​នាក់ ដែល​ត្រូវបាន​រាយការណ៍​កាលពី​ពេលព្រឹក ខណៈ​អ្នកមាន​វិជ្ជមាន COVID-19 ឡើងដល់​១៣២​នាក់​៕



Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com