ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ឧស្សាហ៍​ញុាំសាច់មាន់ ប៉ុន្តែ​តិច​អត់​ដឹង​វា​ល្អ​យ៉ាងណា​ចំពោះ​សុខភាព​
24, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​ចូលចិត្ត​និង​ឧស្សាហ៍​ញ៊ាំ​សាច់មាន់​ប៉ុណ្ណា​ក៏ដោយ ក៏​ប្រហែល​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។​)  ថា​តើ​សាច់មាន់​អាច​ផ្ដល់​ផល​ល្អ​យ៉ាងណាខ្លះ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​រួមបញ្ចូល​សាច់មាន់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖
 
១. ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​

​ក្រៅពី​សំខាន់​សម្រាប់​សាច់ដុំ​ហើយ​នោះ ថា​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ប្រូតេអ៊ីន​ក៏​ចាំបាច់​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​ផងដែរ​? ជា​ឧទាហរណ៍​រាងកាយ​ត្រូវការ​ប្រូតេអ៊ីន​ដើម្បី​ផលិត​អ័រម៉ូន​។ ប្រូតេអ៊ីន​ថែមទាំង​សំខាន់​សម្រាប់​រក្សា​សុខភាព​សក់ ក្រចក និង​ស្បែក​គួរឱ្យកត់សម្គាល់​។​
 
២. ជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​
 
​សាច់មាន់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ tryptophan ដែលមាន​ប្រសិទ្ធភាព​ប្រយុទ្ធប្រឆាំង​បញ្ហា​នៃ​ជំងឺ​ថប់​បារម្ភ​និង​ស្ត្រេ​ស​។ ទោះជា​យ៉ាងណា​គួរ​ជ្រើសរើស​ទទួលទាន​សាច់​ទ្រូង​ក៏​ព្រោះ​វា​ជា​ផ្នែក​ដែល​សម្បូរ​ទៅដោយ​សារធាតុ tryptophan​។ ចៀសវាង​ទទួលទាន​ស្បែក​មាន់​ច្រើន​ដើម្បី​កាត់បន្ថយ​បិ​រ​មាណនៃ​ខ្លាញ់ saturated និង​កូ​ឡេ​ស្តេ​រ៉ូ​ល​។​
 
៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​

​សាច់មាន់​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ប៉ុន្តែ​ជាតិ​ខ្លាញ់​ឆ្អែត​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ទាប​ដែល​ល្អ​ណាស់​សម្រាប់​សុខភាព​បេះដូង​។ សាច់មាន់​ជា​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ដែល​ងាយ​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង​។​
 
៤. ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​

​វា​ជា​ការពិត​ដែល​ជាតិ​កាល់ស្យូម គឺ​ចាំបាច់​ណាស់​សម្រាប់​ពង្រឹង​សុខភាព​ឆ្អឹង ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​រាងកាយ​ក៏​ត្រូវការ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ផងដែរ​ដើម្បី​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​? កុំ​ផ្ដោត​តែ​លើ​ការ​ទទួលទាន​សម្បូរ​ទៅដោយ​កាល់ស្យូម​ប្រ​សិ​បើ​អ្នក​ចង់​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​! អ្នក​ក៏​គួរ​រួមបញ្ចូល​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដូចជា​សាច់មាន់​ក្នុង​របប​អាហារ​ផង​។ ជាតិ​ខ្លាញ់​ទាប​នៃ​សាច់មាន់​ក៏​មិន​ធ្វើឱ្យ​អ្នក​កើន​ទម្ងន់​ដែល​មិនល្អ​សម្រាប់​ឆ្អឹង​និង​សន្លាក់​ដែរ​។ ម្យ៉ាងវិញទៀត​សាច់មាន់​ក៏មាន​ផ្ទុក​ជាតិ​រ៉ែ phosphorus ដែល​សំខាន់​សម្រាប់​ពង្រឹង​សុខភាព​ឆ្អឹង​និង​ធ្មេញ​។​
 
៥. ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​

​កំពុង​ព្យាយាម​សម្រក​ទម្ងន់​ដែល​លើស​មែន​ទេ​? ងាយ​ណាស់​! កុំ​ភ្លេច​រួមបញ្ចូល​សាច់​ទ្រូង​មាន់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ សាច់មាន់​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​និង​វីតាមីន B6 ដែល​ផ្ដល់​ថាមពល​បន្ថែម ព្រមទាំង​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​។ សាច់មាន់​ជួយ​ឱ្យ​ឆាប់​ឆ្អែត​ចៀសផុត​ការទទួល​ទាន​ច្រើន​ហួស​។​
 
​សម្គាល់​៖ ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើសរើស​ទទួលទាន​សាច់​ទ្រូង​មាន់​និង​កុំ​ញ៊ាំ​ស្បែក​មាន់​ច្រើន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com