ជាតិ
ពី​ខែកុម្ភៈ​ដល់​ខែឧសភា រដ្ឋ​មិន​យកពន្ធ​ពី​សណ្ឋាគារ ផ្ទះសំណាក់​នៅ​សៀមរាប​ឡើយ​
24, Feb 2020 , 9:42 am        
រូបភាព
សម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ពី​ការសម្រេច​មិន​យកពន្ធ​៤​ខែ ពី​ខែកុម្ភៈ ដល់ ខែឧសភា លើ​សណ្ឋាគារ ផ្ទះសំណាក់ ក្នុង​ខេត្តសៀមរាប ខណៈដែល​ភ្ញៀវ​ទេស​កំពុង​ធ្លាក់ចុះ ដោយ​ការផ្ទុះ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19)​។ ការមិន​យកពន្ធ​៤​ខែ​នេះ មានន័យថា​រដ្ឋ​ជា​អ្នក​បង់ពន្ធ​ជំនួយ ។

 
«​លើកលែង​ការបង់ពន្ធ​គ្រប់​ប្រភេទ​របស់​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​ក្នុង​ខេត្តសៀមរាប​រយៈពេល​៤​ខែ ដោយ​ចាប់ពី​ខែកុម្ភៈ ដល​ខែឧសភា ឆ្នាំ​២០២០»​។ នេះ​បើតាម​ការលើកឡើង​រប​ស់ស​ម្ដេច ហ៊ុន សែន ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បច្ចុប្បន្នភាព​ថ្មីៗ​ពាក់ព័ន្ធ​នឹង​កម្ពុជា​នៅ​ថ្ងៃទី​២៤ កុម្ភៈ ឆ្នាំ​២០២០​។ 
 
​ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ថា អាជីវកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់ នៅតែមាន​កាតព្វកិច្ច​ប្រកាស​ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​គ្រប់គ្រង​អាជីវករ លើ​តម្លៃបន្ថែម​ជា​រៀងរាល់ខែ ក្នុង​រយៈពេល​លើកលែង​ពន្ធ​នេះ​។ ការលើកលែង​ពន្ធ​នេះ មានន័យ​រដ្ឋ​ទទួល​បង់ពន្ធ​ជំនួស​។ 
 
​ជាមួយគ្នា​ដែរ សម្ដេច បានបញ្ជាក់​ពី​ស្ថានភាព​ភ្ញៀវទេសចរ ធ្លាក់​ចុះ​ក្នុង​ខែកុម្ភៈ នេះ​ថា ភ្ញៀវទេសចរ​បរទេស​ធ្លាក់ចុះ​ជាង​៦០​ភាគរយ ជាពិសេស​ជនជាតិ​ចិន​បាន​ធ្លាក់ចុះ​ជាង​៩០​ភាគរយ ក្នុងនោះ​ខេត្តសៀមរាប​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​៕ 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com