អន្តរជាតិ
លោក ស៊ី ជិន​ភីង​៖ COVID-19 ជា​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​ធំ​បំផុត​របស់​ចិន​
24, Feb 2020 , 11:39 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ បាន​ហៅ​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ជា​វិបត្តិ​សុខាភិបាល​ធំ​បំផុត​តាំងពី​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មក​។ លោក ស៊ី បានទទួល​ស្គាល់​ពី​បញ្ហា​ក្នុងការ​ឆ្លើយតប​របស់​អាជ្ញាធរ​ទៅនឹង​ការ​រាលដាល​វីរុស​ប្រភេទ​ថ្មី ដែល​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់ និង​បាន​រាលដាល​ដល់​ប្រទេស​ជាច្រើន​។ ប៉ុន្តែ​មេដឹកនាំ​ចិន​ក៏​អះអាងថា ការគ្រប់គ្រង និង​ការទប់ស្កាត់​វីរុស ក៏​ទទួលបាន​ផល​ផងដែរ​។​

 
«​នេះ​គឺជា​វិបត្តិ និង​ជាការ​សាកល្បង​ដ៏​ធំ​មួយ​សម្រាប់​យើង​។​» ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និយាយ​បែបនេះ​ដោយ​សំដៅ​ដល់​ការ​ផ្ទុះឡើង​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19)​។ សម្រាប់​លោក ស៊ី COVID-19 ជា​បញ្ហា​ផ្នែក​សុខាភិបាល​ដ៏​ធំ​បំផុត​ដែល​ចិន​បាន​ជួបប្រទះ​តាំងពី​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ ខែតុលា ឆ្នាំ​១៩៤៩ មក តែ​ក៏​ជា​រឿង​ដែល​បក្ស​កុម្មុយនីស្ត​ចិន​មិនអាច​មិ​ក​ឈ្នះ​បានដែរ​។​
 
​នា​ជំនួប​ថ្ងៃទី​២៣ ខែកុម្ភៈ ជាមួយ​មន្ត្រីជាន់ខ្ពស់រ​ដ្ឋា​ភិ​បាល​ដើម្បី​ជជែក​ពី​ការគ្រប់គ្រង និង​ទប់ស្កាត់ COVID-19 លោក ស៊ី ដែលជា​អគ្គលេខាធិការ​គណ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ផង​នោះ បាន​សង្កត់ធ្ងន់​ពី​ការប្រឹងប្រែង​ខ្លាំងក្លា​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​ប្រភេទ​ថ្មី ដែលជា​វិបត្តិ​ដ៏​ធំ​របស់​ប្រទេស​ក្នុង​រយៈពេល​៧​ទសវត្សរ៍​មកនេះ​។ លោក​លើកឡើងថា ចិន​បាន​ជួប​បញ្ហា​ច្រើន​ហើយ តែ​មិនបាន​ទន់ខ្សោយ​ឡើយ តែ​រឹតតែ​ខ្លាំងក្លា​ថែមទៀត​។​
 
«​ការផ្ទុះ​ឡើង COVID-19 គឺជា​បញ្ហា​សុខាភិបាល​ដ៏​អាសន្ន​បំផុត​ដែល​បាន​រាលដាល​រហ័ស បង្ក​ជាការ​ឆ្លង​ដ៏​ច្រើន និង​ពិបាក​គ្រប់គ្រង​បំផុត​ចាប់តាំងពី​ការកកើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មក​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ី ដែល​បន្តថា ទោះ​វីរុស​នេះ​ជា​វិបត្តិ និង​ជាការ​សាកល្បង​ដ៏​ធំ​សម្រាប់​ចិន​ក្ដី ចិន​ក៏បាន​ចាត់វិធានការ​រហ័ស និង​ពេញបន្ទុក ហើយ​និន្នាការ​វិជ្ជមាន​នៃ​វិធានការ​ទាំងនោះ កំពុង​ពង្រីក​ខ្លួន​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទី​ភ្នា​ក់​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។​
 
​មកទល់ពេលនេះ ស្ថានភាព​កូ​រ៉ូ​ណាវី​រុស​នៅ​ចិន នៅតែ​ស្មុគស្មាញ​ដដែល ស្របពេល​ចំនួន​អ្នកស្លាប់​បន្ត​កើនឡើង និង​ការរកឃើញ​ករណី​ឆ្លង​ថ្មីៗ​ថែមទៀត​។ ប៉ុន្តែ​រឿង​ដែល​គួរ​អបអរ​នោះ ចំនួន​អ្នក​ដែល​ចាក​ចេញពី​មន្ទីរពេទ្យ​ក៏​កើនឡើង​ផងដែរ​។ 
 
​នៅក្រៅ​ពី​ចិន COVID-19 កំពុង​អុកឡុក​ខ្លាំង​នៅ​កូរ៉េខាងត្បូង ដែលជា​ប្រទេស​ទី​ពីរ​បន្ទាប់ពី​ចិន​មាន​ករណី​ឆ្លង​ច្រើនជាងគេ​។ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ អាជ្ញាធរ​កូរ៉េខាងត្បូង​បានប្រកាស​ពី​ករណី​សរុប​ចំនួន​៧៦៣​នាក់ និង​ករណី​ស្លាប់​ទី​៧​។ នៅ​អ៊ីតាលី​ឯណោះ​វិញ ករណី​ឆ្លង​បាន​ឡើងដល់​១៥២ គិត​ត្រឹម​ថ្ងៃទី​២៣ ខែកុម្ភៈ ហើយ​ករណី​ស្លាប់មាន​៣​នាក់​ដែរ​។ ចំណែក​អ៊ីរ៉ង់ មាន​ករណី​ឆ្លង​ចំនួន​៤៣ ហើយ​ប្រទេស​នានា​ជាប់​អ៊ីរ៉ង់ ក៏​ប្រកា​សបិទ​ព្រំដែន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​៕   

Tag:
 ចិន​
  COVID-19
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com