អន្តរជាតិ
វៀតណាម​និង​សហរដ្ឋអាមេរិក​សហកា​រ​គ្នា​ចាប់ខ្លួន​ជនសង្ស័យ​ករណី​រួមភេទ​ជាមួយ​អនីតិជន​
24, Feb 2020 , 7:59 pm        
រូបភាព
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​វៀតណាម លោក Daniel J. Kritenbrink ជួប​ជាមួយ​នឹង​ពលរដ្ឋ​វៀតណាម​នៅ​ក្នុង​ក្រុង San Jose រដ្ឋ California កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​វៀតណាម លោក Daniel J. Kritenbrink ជួប​ជាមួយ​នឹង​ពលរដ្ឋ​វៀតណាម​នៅ​ក្នុង​ក្រុង San Jose រដ្ឋ California កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។
ដោយ: VOA
​ប្រទេស​វៀតណាម​និង​សហរដ្ឋអាមេរិក​បានប្រកាស​ថា កិច្ចសហប្រតិបត្តិការ​លើ​ការទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ព្រំដែន បាន​ឈាន​ឲ្យ​មានការ​ចោទប្រកាន់​ជា​ផ្លូវការ​លើ​គ្រូបង្រៀន​ជនជាតិ​អាមេរិកាំង​ម្នាក់​ពីបទ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​រួមភេទ​ជាមួយនឹង​អនីតិជន​។​

 
​ការិយាល័យ​មេធាវី​របស់​សហរដ្ឋអាមេរិក​នៅក្នុង​សង្កាត់​ភាគ​ខាងជើង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​បាន​ចោទប្រកាន់ថា គ្រូបង្រៀន​ឈ្មោះថា Paul Marshall Bodner នៃ​ទីក្រុង San Francisco រដ្ឋ​កាលីហ្វ័រ​ញ៉ា «​បាន​ជួប​ជាមួយនឹង​កុមារា​វៀតណាម​អាយុ​១១​ឬ​១២​ឆ្នាំ និង​បានធ្វើ​សកម្មភាព​ផ្លូវភេទ​ជាមួយនឹង​ពួកគេ​នៅឯ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ហូជីមិញ ក្នុងអំឡុង​ពេលដែល​លោក​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​កាលពី​ចន្លោះ​ខែកក្កដា​ឆ្នាំ​២០១៥​ដល់​ខែសីហា​ឆ្នាំ​២០១៦​។ ប្រសិនបើ​ត្រូវបាន​កាត់ទោស លោក Paul ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រយៈ​ពេល​៣០​ឆ្នាំ​និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​២​សែន​៥​ម៉ឺន​ដុល្លារ​។​
 
​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​វៀតណាម លោក Daniel J. Kritenbrink បាន​ថ្លែងថា ការស៊ើបអង្កេត​នេះ​ត្រូវបាន​សហការ​យ៉ាង​ជិតដិត​រវាង​ប្រទេស​ទាំងពីរ ដែល​បានចាប់ផ្ដើម​ធ្វើ​ឲ្យ​ចំណងទាក់ទង​ត្រឡប់​ទៅរក​ភាពប្រក្រតី​ឡើងវិញ​កាលពី​ឆ្នាំ​១៩៩៥ ដែលមាន​រយៈពេល​២០​ឆ្នាំក្រោយ​សង្គ្រាម​វៀតណាម​បញ្ចប់​។ វៀតណាម​និង​សហរដ្ឋអាមេរិក​បានក្លាយ​ជា​ដៃគូ​សហការគ្នា​លើ​វិស័យ​នានា ដូចជា​វិស័យ​សន្ដិសុខ ពាណិជ្ជកម្ម​និង​វប្បធម៌​ជាដើម​។​
 
​ការដោះស្រាយ​បញ្ហា​ការជួយ​ដូរ​មនុស្ស​បានក្លាយ​ជាអាទិ​ភាព​ចម្បង​សម្រាប់​វៀតណាម ចាប់តាំងពី​ខែតុលា​ឆ្នាំមុន​មក នៅពេលដែល​ពលរដ្ឋ​វៀតណាម​ចំនួន​៣៩​នាក់​ត្រូវបាន​រកឃើញ​ស្លាប់​នៅក្នុង​រថយន្ដ​ដឹកទំនិញ​មួយគ្រឿង​នៅក្នុង​ចក្រភព​អង់គ្លេស​។ គេ​ជឿថា អ្នកដំណើរ​ទាំងនោះ​បាន​ថប់ដង្ហើម​ស្លាប់ ក្រោយពី​ត្រូវបាន​ដឹកជញ្ជូន​ចេញពី​វៀតណាម​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com