កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Fernandes ស៊ុតគ្រាប់ដំបូងជួយ Man Utd ឈ្នះ Watford ឯ Arsenal បន្តបាន៣ពិន្ទុ
× Manchester United បានយកឈ្នះ Watford ក្នុងលទ្ធផល ៣-០ ដើម្បីរំកិលខ្លួនទៅកាន់លេខ៥ក្នុងតារាង Premier League នាជំនួបសប្តាហ៍ទី២៧ កុម្ភៈ។ ខ្សែបម្រើចំណូលថ្មី Bruno Fernandes ស៊ុតបញ្ចូលទីគ្រាប់ដំបូងឲ្យបិសាចក្រហម និងបញ្ជូនបាល់ (Assist) ឲ្យដៃគូសម្រេចទី១គ្រាប់ផង។ Arsenal រកបាន៣គ្រាប់បន្ថែម ក្រោយយកឈ្នះ Everton ទាំងប្រផិតប្រផើយ ៣-២។
ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង៧ម៉ឺននាក់នៅ Old Trafford ខ្សែបម្រើ Fernandes បានជួយ Man Utd រកគ្រាប់នាំមុខនៅនាទី៤២ ដោយការទាត់បាល់ពីន័យ១១ម៉ែត្រប៉េណាល់ទី បន្ទាប់ពីអ្នកចាំទី Ben Foster បង្កកំហុសនៅតំបន់គ្រោះថ្នាក់របស់ខ្លួន។ Anthony Martial បន្ថែមគ្រាប់បាល់ទី២ នៅនាទី៥៨ មុនពេលខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood សម្រេចគ្រាប់ទី៣ នៅនាទី៧៥ តាមរយៈការបញ្ជូនរបស់ Fernandes។
ជ័យជម្នះនេះ បានជួយក្រុមរបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ឈានទៅចំណាត់ថ្នាក់ទី៥ ដោយរកបាន៤១ពិន្ទុ ពីការប្រកួត២៧លើក តាមពីក្រោយលេខ៤ Chelsea ចំនួន៣ពិន្ទុ។ ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យមួយនេះ ត្រូវធ្វើយ៉ាងណាប្រជែងយកចំណាត់ថ្នាក់ Top 4 រដូវកាលនេះ ដើម្បីទទួលបានកៅអីលេងក្នុងក្របខណ្ឌ Champions League រដូវកាលក្រោយ។
ដោយឡែក Arsenal វិញក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Mikel Arteta បានបន្តជ័យជម្នះរបស់ខ្លួននៅសប្តាហ៍ទី២៧នេះ ដោយការវាយបកយឈ្នះ Everton ក្នុងលទ្ធផល ៣-២។
ក្នុងជំនួបក្នុងកីឡដ្ឋាន Emirates ស្របពេលការប្រកួតដំណើរការបាន១នាទី ខ្សែប្រយុទ្ធ Dominic Calvert-Lewin ជាអ្នកស៊ុតគ្រាប់នាំមុខដំបូងឲ្យ Everton មុនពេល Eddie Nketiah វាយបកតាមស្មើឲ្យកាំភ្លើងធំវិញនៅ២៧នាទីបន្ទាប់។
ខ្សែប្រយុទ្ធឆ្នើម Pierre-Emerick Aubameyang បានជួយឲ្យ Arsenal នាំមុខ ២-១ វិញ ក្រោយស៊ុតបញ្ចូទីនៅនាទី៣៣ មុនខ្សែប្រយុទ្ធប្រេស៊ីល Richarlison សម្រេចទីតាមស្មើជូនក្រុមលោក Carlo Ancelotti វិញ នៅនាទី៤៥។ យ៉ាងណាក៏ដោយលទ្ធផលស្មើនេះមិនបានរក្សានៅរយៈពេលយូរឡើយ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Aubameyang តែតមួយក្បាលសម្រេចទីគ្រាប់ទី២របស់ខ្លួន និងជាគ្រាប់តាមឈ្នះរបស់ Arsenal នៅនាទី៤៦មុនបញ្ចប់វគ្គទី១។ បញ្ចប់ការប្រកួត Arsenal ឈ្នះ Everton ៣-២។
ឆ្លងកាត់ការប្រកួត២៧លើក Arsenal រកបាន៣៧ពិន្ទុ ឈរនៅលេខរៀងទី៩ ក្នុងតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្ន។
Wolverhampton Wanderers ក៏បាន៣ពិន្ទុបន្ថែមផងដែរ ក្រោយយកឈ្នះក្រុមបាតតារាង Norwich City ៣-០ ដោយឈរចំណាត់ថ្នាក់ទី៨ មាន៣៩ពិន្ទុ។ West Ham, Watford និង Norwich City នៅតំបន់ត្រូវកាត់ចោលទៅលីគទី២រដូវកាក្រោយ៕
Tag:
Manchester United
Arsenal
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com