អន្តរជាតិ
លោក ត្រាំ ផ្ដើមទស្សនកិច្ចផ្លូវការនៅឥណ្ឌាដែលលោកធ្លាប់ហៅថា ស្ដេចយកពន្ធ នាយករដ្ឋមន្រ្តី នារិន្ទ្រា ម៉ូឌី អោបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព AFP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៤ ខែកុម្ភៈ បានទៅដល់ទឹកដីឥណ្ឌាដើម្បីធ្វើទស្សនកិច្ចផ្លូវការពីរថ្ងៃតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី ។ យ៉ាងណាមិញ គេមិនរំពឹងថា នឹងមានកិច្ចព្រមព្រៀងជាដុំកំភួនណាឡើយអំឡុងដំណើរទស្សនកិច្ចនេះ ខណៈប្រទេសទាំងពីរ ដ្បិតមានទំនាក់ទំនងជិតស្និទ្ធមែន ក៏មានបញ្ហាប្រទាំងប្រទើសច្រើនលើវិស័យពាណិជ្ជកម្ម។ លោក ត្រាំ មិនពេញចិត្តឡើយការយកពន្ធច្រើនលើទំនិញអាមេរិកពីសំណាក់ក្រុងញូវដេលី។
ជាផ្នែកមួយនៃដំណើរទស្សនកិច្ចមិនដល់៤៨ម៉ោងនៅឥណ្ឌា លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានទៅដល់រដ្ឋ Gujarad ដែលស្រុកកំណើតរបស់នាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី២៤ ខែកុម្ភៈ។ នៅទីនោះ លោក ម៉ូឌី បានរៀបចំការជួបជុំមួយក្នុងកីឡដ្ឋានមួយកន្លែងដើម្បីស្វាគមន៍លោក ត្រាំ ដែលនេះជាការឆ្លើយនឹងលោក ត្រាំ ដែលបានរៀបចំការទទួលដូចគ្នានៅសម្រាប់លោកអំឡុងទស្សនកិច្ចនៅអាមេរិកនៅឆ្នាំ២០១៩ ។
គោលដៅបន្ទាប់លោក ត្រាំ និងស្រី្តទីមួយ មេឡានី ត្រាំ គឺទស្សនាប្រាសាទបេតិកភណ្ឌពិភពលោក Taj Mahal ។ ដើម្បីស្វាគមន៍មេដឹកនាំអាមេរិក រដ្ឋាភិបាលឥណ្ឌា បានប្រឹងប្រែងកែសម្ផស្សទីតាំងដែលលោក ត្រាំ ត្រូវទស្សនា និងផ្លូវដែលលោកឆ្លងកាត់ផងដែរ។ អាជ្ញាធរ បានបញ្ចូលទឹកចូលទន្លេមួយដែលហូរក្បែរប្រាសាទនេះ ដើម្បីបន្សាបក្លិនស្អុយ ខណៈស្វាជាច្រើន ក៏ត្រូវយកចេញពីទីនោះផងដែរ។ នៅតាមផ្លូវ អាជ្ញាធរក្នុងស្រុក បានសាងសង់ជញ្ជាំងខ្ពស់ៗដើម្បីបិទបាំងខ្ទមរយីករយាក។
មើលពីក្រៅ ទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌាមិនល្អប៉ុន្មានឡើយដោយសារគោលនយោបាយគាំពារនិយមរៀងៗខ្លួន។ លោក ត្រាំ ធ្លាប់ហៅឥណ្ឌាថា ស្ដេចយកពន្ធ ព្រោះឥណ្ឌាយកពន្ធច្រើនពីទំនិញអាមេរិក។ មុនជិះយន្តហោះទៅប្រទេសមានសេដ្ឋកិច្ចធំមួយលើពិភពលោក មេដឹកនាំអាមេរិកបានរិះគន់ឥណ្ឌាចំៗថា យកពន្ធលើទំនិញអាមេរិកខ្លាំងក្លាណាស់។ មិនមានក្ដីរំពឹងថា នឹងមានកិច្ចព្រមព្រៀងទ្រង់ទ្រាយធំ នឹងត្រូវចុះហត្ថលេខាឡើយ។
បញ្ហាខ្វែងគំនិតដទៃទៀតរួមមានទំនាក់ទំនងរវាងឥណ្ឌា និងរុស្ស៊ី និងឥណ្ឌាជាមួយអ៊ីរ៉ង់ជាដើម។ ចំណងទាក់ទងរវាងញូវដេលី និងមូស្គូ នៅតែល្អប្រសើរដដែល ហើយញូវដេលី នៅបន្តទិញសព្វាវុធច្រើនពីមូស្គូដដែល។ ជាមួយអ៊ីរ៉ង់វិញ ទោះជាមានសម្ពាធពីអាមេរិកក្ដី ឥណ្ឌា បន្តរកស៊ីជំនួញប្រេងជាមួយប្រភពប្រេងដ៏សំខាន់របស់ខ្លួន។ លើសពីនោះ ឥណ្ឌា ក៏រងការរិះគន់ខ្លាំងពីអ្នកនយោបាយវ៉ាស៊ីនតោនទាក់ទងចំណាត់ការនៅកាស្មៀរ និងច្បាប់សញ្ជាតិដ៏ចម្រូងចម្រាសផងដែរ។
ដ្បិតផ្នែកពាណិជ្ជកម្ម ប្រទេសទាំងពីរមិនសូវត្រូវគ្នាមែន ក្ដីបារម្ភពីចិន នៅតែជាបញ្ហាប្រឈមរួមសម្រាប់ឥណ្ឌា និងអាមេរិក។ ការទប់ទល់ឥទ្ធិពលរបស់ចិននៅអាស៊ី ជារឿងអាទិភាពសម្រាប់ឥណ្ឌា និងចិន ហើយឥណ្ឌា មានតួនាទីសំខាន់ណាស់ក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក សំដៅទប់ស្កាត់ការងើបឡើងរបស់ចិន និងនយោបាយអុងអាត់ពេករបស់ចិននៅតំបន់អាស៊ីទាំងមូល៕
Tag:
អាមេរិក
ឥណ្ឌា
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com