អន្តរជាតិ
អ្នកជំនួញ​ឥណ្ឌា​៖ ពលរដ្ឋ​ឥណ្ឌា​ចូលចិត្ត​ជិះ​រថយន្ត​ធំៗ ពេលធ្វើ​ដំណើរ​តែម្នាក់ឯង​
24, Feb 2020 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ពលរដ្ឋ​ឥណ្ឌា​ដែលមាន​ទម្ងន់​តែ​៦៥ ទៅ​៧០​គីឡូក្រាម បាន​ប្រើប្រាស់​រថយន្ត​ទម្ងន់​ដល់​ទៅ​១៥០០​គីឡូក្រាម​ក្នុងការ​ធ្វើដំណើរ​តែម្នាក់ឯង​។ នេះ​ជាការ​កត់សម្គាល់​របស់​លោក Pawan Goenka នាយក​គ្រប់គ្រង​ក្រុមហ៊ុន​យានយន្ដ Mahindra & Mahindra ដែល​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន The Times of India​។​

 
«​មិន​ត្រឹមតែ​បង្កើន​ការកកស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​បង្កើន​កម្រិត​បំពុល​កាន់តែខ្លាំង​ផងដែរ​»​។ លោក Goenka បាន​ថ្លែង​យ៉ាង​ដូច្នេះ នា​ព្រឹត្តិការណ៍​មួយ កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។​
 
​អ្នកជំនួញ​ខាង​ឧស្សាហកម្ម​យានយន្ត​ដ៏​ធំ​នៅ​ឥណ្ឌា​រូបនេះ បាន​ឡើង​ថា តម្រូវការ​រថយន្ត​ឯកជន​សម្រាប់​ការធ្វើដំណើរ​តែម្នាក់ឯង គឺជា​តម្រូវការ​ចាំបាច់​មួយ ប៉ុន្តែ​ករណី​មនុស្ស​តែ​ម្នាក់ ជិះ​រថយន្ត​ដែលមាន​ទំហំ​ធំ មិនមែនជា​រឿង​ទូទៅ​នោះឡើយ​។​
 
​លោក Goenka បាន​អះអាងថា ឧ​ស្សហកម្ម​យានយន្ត​ពិតជា​រួមចំណែក​បង្កើន​ការ​បំបំ​ពុល ប៉ុន្តែ​ក្រុមហ៊ុន Mahindra របស់លោក​តាំងចិត្ត​រួមចំណែក​កាត់បន្ថយ តាមរយៈ​ការផលិត​រថយន្ត​ទំហំ​តូច ដោយ​ឆ្លើយតប​តាម​បទដ្ឋាន​អន្តរជាតិ ជាពិសេស​ប្រភេទ​រថយន្ត​អគ្គិសនី​។​
 
​លោក​បាន​បន្ថែមថា ឧស្សាហកម្ម​យានយន្ត​នៅ​ឥណ្ឌា ដើរ​ក្រោយ​ចិន​រហូតដល់​៥​ឆ្នាំ ជាពិសេស​លើ​ប្រភេទ​រថយន្ត EV ប៉ុន្តែ​ឥណ្ឌា​នៅតែ​មានឱកាស​នាំមុខគេ​លើ​ពិភពលោក​តាមរយៈ​ការអភិវឌ្ឍ​ការស្រាវជ្រាវ និង​ការបំពាក់​បច្ចេកវិទ្យា​ថ្មីៗ ពោល​លើ​រថយន្ត​អគ្គិសនី ដែល​កាលពី​ឆ្នាំ​២០១៩ មានការ​លក់​ចេញ​តែ​១៤០០​គ្រឿង​ប៉ុណ្ណោះ​នៅក្នុង​ប្រទេស​៕

© រក្សាសិទ្ធិដោយ thmeythmey.com