កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Inter ទល់ Sampdoria និង​៣​គូ​ទៀត​នៅ Serie A ត្រូវ​លើក​ពេល​ដោយសារ COVID-19
24, Feb 2020 , 4:56 pm        
រូបភាព
​ជំនួប​រវាង​ក្រុម Inter Milan ទល់នឹង Sampdoria ស្ថិត​ក្នុងចំណោម​ការប្រកួត​ទាំង​៤​គូ ដែល​ត្រូវ​លើក​ពេល​ប្រកួត​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ដោយសារ​ព្រួយបារម្ភ​ពី​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) បន្ទាប់ពី​មាន​អ្នកស្លាប់ និង​អ្នក​ឆ្លង​កើនឡើង​នៅក្នុង​ទឹកដី​អ៊ីតាលី​។​


 
​ក្រៅពី Inter និង Sampdoria ជំនួប​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អ៊ីតាលី Serie A រវាង Atalanta ទល់ Sassuolo, Hellas Verona ទល់នឹង Cagliari និង Torino ទល់ Parma សុទ្ធតែ​ត្រូវបាន​ពន្យារពេល​ប្រកួត​ដូចគ្នា​។​
 
​លិខិត​របស់​រដ្ឋមន្ត្រី​កីឡា​លោក Vincenzo Spadafora ដែល​ផ្ញើជូន​លោក Giovanni Malago ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អ៊ីតាលី​ដោយ​សរសេរថា រដ្ឋាភិបាល​បាន​ចាត់វិធានការ​បន្ទាន់​ដើម្បី​ការពារ​ជាដាច់ខាត​នៃ​ការឆ្លង​រាលដាល​នៃ​កូ​រ៉ូ​ណាវី​រុស​នេះ​លើ​ទឹកដី​ខ្លួន​។​
 
«​វិធានការ​ទាំងអស់នេះ​ក៏​រួមបញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ​ផង​ក្នុង​ការពារ​ហានិភ័យ និង​ថែរក្សា​សុខភាព​របស់​កីឡាករ និង​អ្នក​ដែល​ពាក់ព័ន្ធ​អំឡុង​ការប្រកួតប្រជែង​។ ហេតុផល​ចម្បង​បំផុត​គឺ​ការពារ និង​ការប្រុងប្រយ័ត្ន​ខ្ពស់​រហូតដល់​ត្រូវ​បញ្ឈប់​ការប្រកួត​កីឡា​គ្រប់​កម្រិត​ជា​បណ្តោះអាសន្ន ដែល​ធ្វើឡើង​នៅ​តំបន់ Lombardy និង Veneto នៅ​ថ្ងៃអាទិត្យ​ទី​២៣ កុម្ភៈ​ម្សិលមិញ​។ ដោយឡែក ការប្រកួត​នៅក្រៅ​តំបន់​នេះ​ដំណើរការ​ធម្មតា​»​។ នេះ​ជា​សំណេរ​ក្នុង​លិខិត​នោះ​។​
 
​អ៊ីតាលី បាន​ក្លាយជា​ប្រទេស​ដែល​រាលដាល​ខ្លាំងជាងគេ​នៅ​អឺរ៉ុប​លើ​ករណី​ជំងឺ COVID-19 ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៤ កុម្ភៈ​នេះ តួលេខ​អ្នក​ឆ្លង​មាន​១៥៥​នាក់ ខណៈ​អ្នកស្លាប់​ឡើងដល់​៤​នាក់​។​
 
​ក្រសួងសុខាភិបាល​អ៊ីតាលី កាលពី​ថ្ងៃអាទិត្យ ក៏បាន​ប្រកាស​ពី​ករណី​ស្លាប់​ស្ត្រី​ចំណាស់​ម្នា​ក់នៅ​មន្ទីរពេទ្យក្រុង Crema នៅ​តំបន់ Lombardy និង​ជា​ករណី​ស្លាប់​ទី​៣​ដោយសារ COVID-19 នៅក្នុង​ប្រទេស​អឺរ៉ុប​មួយ​នេះ​។ យោងតាម AFP ស្ត្រី​នោះ​មាន​ជំងឺមហារីក​ក្នុង​ខ្លួន​។ ឯ​ពីរ​នាក់​ដំបូង គឺ​បុរស​វ័យ​៧៨​ឆ្នាំ និង​ស្ត្រី​វ័យ​៧៧​ឆ្នាំ​។​
 
Inter ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ Antonio Conte ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៣​ក្នុង​តារាង Serie A ដោយ​រកបាន​៥៤​ពិន្ទុ តាម​ពីក្រោយ Lazio ដែល​ឈរ​លេខ​ពីរ​ចំនួន​៥ និង​ក្រុម​កំពូល​តារាង Juventus ចំនួន​៦​ពិន្ទុ ប៉ុន្តែ​នៅសល់​១​ប្រកួត​ក្នុង​ដៃ​។​
 
​ដោយឡែក Sampdoria នៅ​ចំណាត់ថ្នាក់​ទី​១៧ ពោលគឺ​ក្រុម​ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​៕

Tag:
 Serie A
  COVID-19
  Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com