ជាតិ
ស្ពានឈើពីររបស់លោក បេន ដែលត្រូវបានភ្លើងឆេះ អាចជំនួសដោយស្ពានបេតុង លោច បេន ដាវីស ឈរមើលស្ពានឈើ ដែលត្រូវបានភ្លើងចេះ, រូបភាពពីក្រសួងបរិស្ថាន
× ក្រសួងបរិស្ថាននឹងចូលរួមគាំទ្រការសាងសង់ស្ពានពីរកន្លែងក្នុងតំបន់អភិរក្សសត្វព្រៃភ្នំត្នោត និងភ្នំពកក្នុងខេត្តព្រះវិហារឡើងវិញ បន្ទាប់ពីស្ពានចាស់ដែលធ្វើពីឈើត្រូវបានភ្លើងឆេះ។ បើតាមក្រសួងបរិស្ថាន ស្ពានដែលគ្រោងសាងសង់ថ្មីនេះធ្វើពីបេតុង ដើម្បីការពារកុំឲ្យមានករណីឆេះម្តងហើយម្តងទៀត។ ក្រសួងបរិស្ថាន ស្នើឲ្យអាជ្ញាធរស្វែងរកអ្នកដុតស្ពានមកផ្តន្ទាទោសតាមច្បាប់។
ស្ពានឈើពីរកន្លែងក្នុងតំបន់អភិរក្សសត្វព្រៃភ្នំត្នោត និងភ្នំពកក្នុងខេត្តព្រះវិហារ ដែលត្រូវបានភ្លើងឆេះកាលពីពេលថ្មីៗ នឹងសាងសង់ជំនួសវិញដោយស្ពានបេតុង ដើម្បីបង្កាកុំឲ្យមានករណីភ្លើងឆេះម្តងហើយម្តងទៀត។ នេះបើតាមការលើកឡើងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលត្រូវបានស្រង់សម្តីយកទៅសរសេរលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងបរិស្ថាន។
ស្ពានបេតុងដែលមានប្រវែងប្រមាណ៥០ម៉ែត្រទាំងពីរនេះ គឺជាការតភ្ជាប់ច្រកចេញចូលក្នុងតំបន់អភិរក្សសត្វព្រៃ និងជីវៈចម្រុះភ្នំត្នោត និងភ្នំពកស្ថិតនៅស្រុកសង្គមថ្មីខេត្តព្រះវិហារ។ ក្រសួងបរិស្ថានបានប្រគល់តំបន់អភិរក្សនេះមួយផ្នែកឲ្យទៅ BeeTreed ដែលមានជនជាតិអាមេរិកកាំង បេន ដាវីស ជាអ្នកគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិក្នុងតំបន់នោះ។
បើតាមលោក នេត្រ ភក្ត្រា តំបន់អភិរក្សសត្វព្រៃភ្នំត្នោតនិងភ្នំពកមានទំហំផ្ទៃដីសរុប៤២,០៩៧ហិកតា ដែលលាតសន្ធឹងក្នុងខេត្តព្រះវិហារនិងខេត្តសៀមរាប។ ក្នុងនោះក្រសួងបរិស្ថាន បានប្រគល់ផ្ទៃដីជាង៧ពាន់ហិកតាឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់លោក បេន ដាវីស តាមរយៈអនុសារណៈយោគយល់គ្នា(MOU)រវាងក្រសួងបរិស្ថានជាមួយអង្គការ BeeTreed។ តំបន់នោះពោរពេញដោយសក្តានុពធនធានធម្មជាតិនិងជីវៈចម្រុះ និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលរបស់កម្ពុជា។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបានបន្ថែមថា ក្រោមអនុសារណៈយោគយល់គ្នាដែលមានសុពលភាពរយៈពេល៥ឆ្នាំក្រៅពីផ្តល់កិច្ចសហការអភិរក្សធនធានធម្មជាតិក្នុងតំបន់នោះ ក្រសួងបរិស្ថានក្រោមគម្រោងមូលនិធិបរិស្ថាន និងសង្គមបានផ្តល់កញ្ចប់ថវិកា២ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដល់លោក បេន ដាវីស ដើម្បីប្រើប្រាស់ក្នុងការគ្រប់គ្រង និងអភិរក្សធមធានធម្មជាតិក្នុងដែកជម្រកសត្វភ្នំត្នោត និងភ្នំពកទៀតផង។
ក្រោយលោក បេន ដាវីស ចូលមកគ្រប់គ្រងនិងអភិរក្សក្នុងតំបន់នេះតាំងពីឆ្នាំ២០១៩ រាប់ទាំងស្ពានពីរនេះមានស្ពាន៤ហើយត្រូវបានភ្លើងឆេះក្នុងតំបន់អភិរក្សដែនជម្រកសត្វភ្នំត្នោតនិងភ្នំពកនេះ។ ទន្ទឹមនឹងបង្ហាញការសោកស្តាយលោក នេត្រ ភក្ត្រា ស្នើឲ្យអាជ្ញាធរស្វែងរកជនបង្កក្នុងហេតុការណ៍ភ្លើងឆេះព្រៃនេះយកមកផ្តន្ទាទោសតាមច្បាប់៕
Tag:
ក្រសួងបរិស្ថាន
នេត្រ ភក្ត្រា
បេន ដាវីស
© រក្សាសិទ្ធិដោយ thmeythmey.com