អន្តរជាតិ
ខេត្ត​ចិន​ចំនួន​៦ ទម្លាក់​កម្រិត​ឆ្លើយតប​នឹង COVID-19
24, Feb 2020 , 9:19 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ខេត្ត​របស់​ចិន​ចំនួន​៦ មាន​កាន​ស៊ូ លាវ​នី​ង យូ​ណាន គ័ង​តុង គួ​យ​ចូ​វ និង​សាន​ស៊ី (Shanxi) បាន​ទម្លាក់​ជា​បន្តបន្ទាប់​កម្រិត​ឆ្លើយតប​នឹង​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​បង្កដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19) ។ ការទម្លាក់​កម្រិត​ឆ្លើយតប​បែបនេះ ទំនងជា​សញ្ញា​បង្ហាញថា ការ​រាលដាល​វីរុស​នៅ​ខេត្ត និង​តំបន់​ក្រៅពី​ខេត្ត​ហ៊ូ​ប៉ី ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​។ យ៉ាងណាមិញ សភាពការណ៍​វីរុស​ប្រភេទ​ថ្មី​នេះ​នៅ​ចិន នៅតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់​ដដែល​។​

 
​ក្រោយ​ការ​ផ្ទុះឡើង​កូ​រ៉ូ​ណា​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ខេត្ត​នានា​របស់​ចិន បាន​ដំឡើង​កម្រិត​ឆ្លើយតប​របស់ខ្លួន​ទៅកាន់​កម្រិត​ទីមួយ ដែលជា​កម្រិត​ឆ្លើយតប​ខ្ពស់បំផុត​។ នៅ​ចិន កម្រិត​ឆ្លើយតប មាន​ចំនួន​៤​កម្រិត ហើយ​ដែល​កម្រិត​នីមួយៗ កំណត់​ពី​វិធានការ​នានា​ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​ចំពោះមុខ​។ កាលពី​ខែ​មុន ខេត្ត និង​ទីក្រុង​ធំ​ទាំង​៣១ បាន​ដំឡើង​កម្រិត​ឆ្លើយតប​ទីមួយ គ្រា​ដែល​កូ​រ៉ូ​ណា​វីរុស​កំពុង​រាលដាល​ខ្លាំង​។ 
 
​កាន​ស៊ូ ជា​ខេត្ត​ចិន​ដំបូង​គេ​ដែល​ទម្លាក់​កម្រិត​ឆ្លើយតប​របស់ខ្លួន ពី​កម្រិត​ទីមួយ​មក​កម្រិត​ទៅ​បី​កាលពី​ចុង​សប្ដាហ៍​មុន​។ ខេត្ត​លាវ​នី​ង ក៏បាន​ប្រកាស​ពី​ការទម្លាក់​កម្រិត​អាសន្ន​របស់ខ្លួន​មក​កម្រិត​ទី​បីដូច​គ្នា​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ​។ បន្ទាប់​មកពី យូ​ណាន និង​គួ​យ​ចូ​វ ក៏​ទម្លាក់​មក​កម្រិត​បី​ចាប់ពី​ថ្ងៃទី​២៤ ខែកុម្ភៈ​តទៅ​។ សាន​ស៊ី បាន​ទម្លាក់​កម្រិត​ឆ្លើយតប​របស់ខ្លួន​មក​ថ្នាក់​ទី​២ ដូចគ្នា​នឹង​ខេត្ត​គ័ង​តុង​ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​ហុងកុង South China Morning Post ។   
 
​គ័ង​តុង ជា​ខេត្ត​មួយ​ដែល​រង​ការវាយប្រហារ​ធ្ងន់ធ្ងរ​ដោយសារ COVID-19 បន្ទាប់ពី​ហ៊ូ​ប៉ី ដែលជា​ទីតាំង​ផ្ទុះ​វីរុស​ដំបូង​គេ​។ ក្នុង​ខេត្ត​ភាគខាងត្បូង​នេះ ករណី​ឆ្លង​វីរុស​ប្រភេទ​ថ្មី មាន​ចំនួន​១៣៤៥ និង​ករណី​ស្លាប់​៨ ។ គិត​ត្រឹម​ថ្ងៃទី​២៤ ខែកុម្ភៈ ចំនួន​អ្នកស្លាប់​នៅ​ចិន​ដោយសារ COVID-19 មាន​ចំនួន ២៥៩៥ នាក់​ដែល​ភាគច្រើន​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ខណៈដែល​អ្នកមាន​ជំងឺ​នេះ​ឡើងដល់​ជាង ៧៧០០០ ទៅហើយ​ដែរ​។  
 
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ហៅ​ជំងឺ​មួយ​នេះ ជា​វិបត្តិ​សុខាភិបាល​ដ៏​ធំ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជាការ​សាកល្បង​ដ៏​ធំ​មួយ​សម្រាប់​ចិន​ទៀតផង​។ នា​ន​ជំនួប​មួយ​ដែល​ចូលរួម​ដោយ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ លោក ស៊ី បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម និង​ប្រឹងប្រែង​កាន់តែខ្លាំង​ថែមទៀត​ក្នុងការ​ទប់ស្កាត់ និង​គ្រប់គ្រង​កូ​រ៉ូ​ណា​វីរុស​នេះ ហើយ​យកឈ្នះ​សមរភូមិ​មួយ​នេះ​ឲ្យ​បាន​។ 
 
​វិធានការ​របស់​ចិន បានទទួល​ការសរសើរ​ខ្លាំង​ពី​អង្គការ​សុខភាព​ពិភពលោក ព្រោះ​ទទួលបាន​ផល​វិជ្ជមាន​ច្រើន​។ ប៉ុន្តែ​ចិន​ក៏​រង​ការរិះគន់​មិនតិច​ដែរ ព្រោះ​មិនបាន​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា ទោះជា​មានការ​ព្រមាន​ពី​ការផ្ទុះ​វីរុស​នេះ​ដោយ​គ្រូពេទ្យ​ម្នាក់​ក្ដី​។ ការមិន​អើពើ​លើ​ការព្រមាន​នេះ ធ្វើ​ឲ្យ​កូ​រ៉ូ​ណាវី​រុស រាលដាល​កាន់តែ​ឆាប់រហ័ស​នាពេល​កន្លងមក ហើយក៏​ឆ្លង​ដល់​ប្រទេស​ជិត​៣០​ហើយ​នៅ​ជុំវិញ​ពិភពលោក​៕

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com