ជាតិ
សង្គមជាតិ
កាប់ដើមឈើដែលពុកផុយ ហើយដាំថ្មីជំនួសវិញសម្រាប់គម្រោងថ្មើរជើង តាមបណ្តោយមហាវិថីម៉ៅ សេទុង 
ប្លង់សម្រាប់សាងសង់ផ្លូវថ្មើរជើងនៅតាមបណ្តោយមហាវិថីម៉ៅសេទុង រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
×![]()
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងធ្វើផ្លូវថ្មើរជើងនៅបណ្តោយមហាវិថីម៉ៅសេទុង ដែលរាប់ចាប់តាំងពីខណ្ឌទួលគោក ខណ្ឌបឹងកេងកង រហូតដល់ខណ្ឌចំការមន។ សម្រាប់គម្រោងនេះ អាជ្ញាធរសម្រេចកាប់ដើមឈើដែលពុកផុយខ្លះ ដោយដាំដើមថ្មីជំនួសវិញ ដើម្បីធានាដល់សុវត្ថិភាពរបស់អ្នកធ្វើដំណើរនៅតាមដងផ្លូវ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញកំពុងតែសហការជាមួយមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីសិក្សា និងចាត់ចែងរៀបចំមហាវិថីម៉ៅសេទុងឲ្យមានផ្លូវថ្មើរជើងមួយខ្សែដែលប្រកបដោយសុវត្ថិភាពដល់ពលរដ្ឋ និងសិស្សានុសិស្ស។
លើសពីនេះ សាលារាជធានីត្រៀមរៀបចំចិញ្ចើមផ្លូវ ផ្លូវសម្រាប់ជិះកង់ និងកន្លែងចំណតរថយន្តឲ្យមានសណ្តាប់ធ្នាប់ផងដែរ។ ប៉ុន្តែមុននឹងឈានដល់ការរៀបចំឲ្យទីក្រុងល្អបាន សាលារាធានីត្រូវកាប់ដើមឈើដែលទ្រុឌទ្រោម ចោលខ្លះសិន ដោយជំនួសវិញនូវដើមឈើថ្មី ដើម្បីបង្ការកុំឲ្យមានហានិភ័យដល់អ្នកធ្វើដំណើរ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ម៉េត មាសភក្តី បានបញ្ជាក់ដូច្នេះថា៖ «ដើម្បីរៀបចំឲ្យទីក្រុងស្អាត នៅក្នុងហ្នឹងយើងមានករណីដែលដើមឈើទ្រុឌទ្រោម ដែលនៅតាមផ្លូវ។ តាមការបញ្ជាក់ពីអ្នកបច្ចេកទេស វាមានសភាពរៀងចាស់ដែរ។ ស្របពេលយើងរៀបចំដងវិថីសម្រាប់ធ្វើផ្លូវថ្មើរជើង យើងកំពុងតែសិក្សាមើលថាត្រូវកាប់ដើមឈើចោល ឬជំនួសដោយដាំដើមឈើថ្មី។ យើងកាប់តែដើមឈើដែលចាស់ ហើយវាមានលក្ខណៈទ្រុឌទ្រោមដែលឬសរបស់វាមិនមាំ ហើយដើមឈើដែលមានអាយុកាលចាស់ តែនៅតែរឹងមាំ យើងនៅតែរក្សាទុកដដែល»។
បើតាមលោក ម៉េត មាសភក្តី គម្រោងធ្វើផ្លូវថ្មើរជើងនៅតាមបណ្តោយមហាវិថីម៉ៅសេទុងនេះ សាលារាធានីភ្នំពេញកំពុងសិក្សាឲ្យបានស៊ីជម្រៅជាមុនសិន។ លោកមានប្រសាសន៍ដូច្នេះថា៖«តាមការប្រជុំពិភាក្សា២ទៅ៣ដងហើយ យើងចង់ឲ្យការសិក្សានេះឆាប់ដែរ ប៉ុន្តែយើងត្រូវការសិក្សាលម្អិតនៅចុងក្រោយបន្តិចទៀត ដើម្បីរៀបចំគន្លងសម្រាប់រថយន្ត ចិញ្ចើមផ្លូវសម្រាប់ថ្មើរជើង មានផ្លូវសម្រាប់ជិះកង់ និងមានដើមឈើលម្អផងដែរ»៕
Tag:
សាលាក្រុងភ្នំពេញ
ដើមឈើ
ផ្លូវថ្មើរជើង
ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com