ជាតិ
សង្គមជាតិ
​កាប់​ដើមឈើ​ដែល​ពុកផុយ ហើយ​ដាំ​ថ្មី​ជំនួស​វិញ​សម្រាប់​គម្រោង​ថ្មើរជើង តាម​បណ្តោយ​មហាវិថី​ម៉ៅ សេទុង
24, Feb 2020 , 9:39 pm        
រូបភាព
ប្លង់​សម្រាប់សាងសង់​ផ្លូវ​ថ្មើរជើង​នៅ​តាម​បណ្តោយមហាវិថី​ម៉ៅសេទុង រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
ប្លង់​សម្រាប់សាងសង់​ផ្លូវ​ថ្មើរជើង​នៅ​តាម​បណ្តោយមហាវិថី​ម៉ៅសេទុង រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ធ្វើ​ផ្លូវ​ថ្មើរជើង​នៅ​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង ដែល​រាប់​ចាប់តាំងពី​ខណ្ឌទួលគោក ខណ្ឌ​បឹង​កេងកង រហូតដល់​ខណ្ឌចំការមន​។ សម្រាប់​គម្រោង​នេះ អាជ្ញាធរ​សម្រេច​កាប់​ដើមឈើ​ដែល​ពុកផុយ​ខ្លះ ដោយ​ដាំ​ដើម​ថ្មី​ជំនួស​វិញ ដើម្បី​ធានា​ដល់​សុវត្ថិភាព​របស់​អ្នកធ្វើដំណើរ​នៅតាម​ដងផ្លូវ​។

   
 
​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ​កំពុងតែ​សហការ​ជាមួយ​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​សិក្សា និង​ចាត់ចែង​រៀបចំ​មហាវិថី​ម៉ៅ​សេទុង​ឲ្យ​មាន​ផ្លូវ​ថ្មើរជើង​មួយ​ខ្សែ​ដែល​ប្រកបដោយ​សុវត្ថិភាព​ដល់​ពលរដ្ឋ និង​សិស្សានុសិស្ស​។ 
 
​លើសពីនេះ សាលា​រាជធានី​ត្រៀម​រៀបចំ​ចិញ្ចើមផ្លូវ ផ្លូវ​សម្រាប់​ជិះ​កង់ និង​កន្លែង​ចំណតរថយន្ត​ឲ្យ​មាន​សណ្តាប់ធ្នាប់​ផងដែរ​។ ប៉ុន្តែ​មុននឹង​ឈានដល់​ការរៀបចំ​ឲ្យ​ទីក្រុង​ល្អ​បាន សាលា​រា​ធានី​ត្រូវ​កាប់​ដើមឈើ​ដែល​ទ្រុឌទ្រោម ចោល​ខ្លះ​សិន ដោយ​ជំនួស​វិញ​នូវ​ដើមឈើ​ថ្មី ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ហានិភ័យ​ដល់​អ្នកធ្វើដំណើរ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ម៉េ​ត មាស​ភក្តី បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ដើម្បី​រៀបចំ​ឲ្យ​ទីក្រុង​ស្អាត នៅក្នុង​ហ្នឹង​យើង​មាន​ករណី​ដែល​ដើមឈើ​ទ្រុឌទ្រោម ដែល​នៅតាម​ផ្លូវ​។ តាម​ការបញ្ជាក់​ពី​អ្នកបច្ចេកទេស វា​មាន​សភា​ពរៀង​ចាស់​ដែរ​។ ស្របពេល​យើង​រៀបចំ​ដង​វិថី​សម្រាប់ធ្វើ​ផ្លូវ​ថ្មើរជើង យើង​កំពុងតែ​សិក្សា​មើលថា​ត្រូវ​កាប់​ដើមឈើ​ចោល ឬ​ជំនួស​ដោយ​ដាំ​ដើមឈើ​ថ្មី​។ យើង​កាប់​តែ​ដើមឈើ​ដែល​ចាស់ ហើយ​វា​មាន​លក្ខណៈ​ទ្រុឌទ្រោម​ដែល​ឬ​សរប​ស់វា​មិន​មាំ ហើយ​ដើមឈើ​ដែលមាន​អាយុកាល​ចាស់ តែ​នៅតែ​រឹងមាំ យើង​នៅតែ​រក្សាទុក​ដដែល​»​។ 
 
​បើតាម​លោក ម៉េ​ត មាស​ភក្តី គម្រោង​ធ្វើ​ផ្លូវ​ថ្មើរជើង​នៅតាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង​នេះ សាលា​រា​ធានី​ភ្នំពេញ​កំពុង​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​ជាមុនសិន​។ លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖«​តាម​ការប្រជុំ​ពិភាក្សា​២​ទៅ​៣​ដង​ហើយ យើង​ចង់​ឲ្យ​ការសិក្សា​នេះ​ឆាប់​ដែរ ប៉ុន្តែ​យើង​ត្រូវការ​សិក្សា​លម្អិត​នៅ​ចុងក្រោយ​បន្តិចទៀត ដើម្បី​រៀបចំ​គន្លង​សម្រាប់​រថយន្ត ចិញ្ចើមផ្លូវ​សម្រាប់​ថ្មើរជើង មាន​ផ្លូវ​សម្រាប់​ជិះ​កង់ និង​មាន​ដើមឈើ​លម្អ​ផងដែរ​»៕ 

Tag:
 សាលាក្រុង​ភ្នំពេញ​
 ​ដើមឈើ​
 ​ផ្លូវ​ថ្មើរជើង​
 ​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com