ការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី២ មានការស៊ុតបញ្ចូលទីគ្នាចំនួន២៣គ្រាប់ ដែលគ្រាប់បាល់ភាគច្រើនសម្រេចដោយកីឡាករបរទេស។ សម្រាប់ការប្រកួតសប្តាហ៍ទី២នេះ ជំនួបបឹងកេតយកឈ្នះវិសាខា ១-០ ជាប់ចំណាត់ថ្នាក់លេខ១មានអ្នកគាំទ្រទៅទស្សនាផ្ទាល់ច្រើនជាងគេ ដែលឈរពីក្រោយដោយជំនួបរវាងសូលទីឡូអង្គរជាមួយអង្គរថាយហ្គឺរ។
គ្រាប់បាល់ចំនួន២៣គ្រាប់ត្រូវបានកីឡាករបរទេសនិងកម្ពុជានៃក្រុមនីមួយៗបានស៊ុតបញ្ចូលទីគ្នាទៅវិញទៅមកនាជំនួបសប្តាហ៍ទី២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគប្រចាំឆ្នាំ២០២០។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងចំណោមគ្រាប់បាល់ទាំងនេះមានការរួមចំណែកតែ៥គ្រាប់ប៉ុណ្ណោះពីកីឡាករកម្ពុជា ក្រៅពីនេះសម្រេចបានដោយកីឡាករបរទេស។ តាមរយៈគ្រាប់បាល់នេះ អាចបញ្ជាក់បានថា ការបញ្ចប់ទីរបស់កីឡាករកម្ពុជានៅមានកម្រិតនៅឡើយ។
គ្រាប់បាល់ទាំង៥របស់កីឡាករកម្ពុជា រកបានម្នាក់១គ្រាប់ដោយកីឡាករ ឡុង ភារ៉ាត (អង្គរថាយហ្គឺរ), សេត រ៉ូហ្សាក់ (ភ្នំពេញក្រោន), ដាវ នីម (គីរីវង់សុខសែនជ័យ), ស៊ុះ ស៊ូហាណា (ណាហ្គាវើល) និង សុផល ឧត្តម (អគ្គស្នងការដ្ឋាននគរបាលជាតិ)។
គ្រាប់បាល់ទាំង១៨គ្រាប់របស់កីឡាករបរទេស រកបានដោយ Dzarma Bata (អង្គរថាយហ្គឺរ) ៣គ្រាប់, Timothy Chiemerie Okereke (ភ្នំពេញក្រោន) ៣គ្រាប់, Araujo Pinheiro Augusto ពីរគ្រាប់, Jean Marie Privat Befolo Bbarga ពីរគ្រាប់, Santirad Waing-In, Booysen Shane, Gopane Mothusi, Ideguchi Masaaki, Omogba Esoh, Rafael Adres Nieto Rondon, Raseed Omokafe Adeyanuu និង Romario Reginal Do Alves សម្រេចបានម្នាក់១គ្រាប់។
ជំនួបបឹងកេតយកឈ្នះវិសាខា ១-០ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េជាប់ចំណាត់ថ្នាក់លេខ១មានអ្នកគាំទ្រច្រើនជាងគេប្រចាំសប្តាហ៍ទី២នៃពានរង្វាន់លីគកំពូល បន្ទាប់ពីទាក់ទាញអ្នកគាំទ្រឲ្យមកទស្សនាផ្ទាល់ចំនួន២,៥០០នាក់។ ចំណែកជំនួបអង្គរថាយហ្គឺរយកឈ្នះសូលទីឡូអង្គរ ៤-០ ឈរលំដាប់ទី២ក្រោយទាក់ទាញអ្នកគាំ១,៩៩៥នាក់ឲ្យមកទស្សនាផ្ទាល់នៅកីឡដ្ឋាន S.R.U។ ជាមួយគ្នានេះជំនួបគីរីវង់សុខសែនជ័យចាញ់ព្រះខ័នរាជស្វាយរៀង ៤-២ ឈរលេខរៀងទី៣ជាមួយអ្នកទស្សនាផ្ទាល់៧៦៣នាក់។
ដោយឡែកការប្រកួតក្រសួងការពារជាតិយកឈ្នះអាស៊ីអឺរ៉ុប ២-០ មានអ្នកទស្សនាផ្ទាល់ចំនួន៧៣៥នាក់ ខណៈជំនួបណាហ្គាវើលយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិមានអ្នកគាំទ្រចំនួន២១៥នាក់ និងជំនួប U18 បាទីចាញ់ភ្នំពេញក្រោន ៧-០ មានអ្នកគាំទ្រចំនួន១៥០នាក់។
កាលពីសប្តាហ៍មុនជំនួបអង្គរថាយហ្គឺរស្មើ ១-១ ជាមួយបឹងកេតឈរចំណាត់ថ្នាក់លេខ១ ក្រោយទាក់ទាញអ្នកគាំទ្រមកទស្សនាផ្ទាល់នៅកីឡដ្ឋាន S.R.U ចំនួន២,៦៥៩នាក់។ ចំណែកជំនួបវិសាខាយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ២-១ ឈរលំដាប់លេខពីរក្រោយទាក់ទាញអ្នកគាំទ្រ២,៥៧៣នាក់។ រីឯជំនួបព្រះខ័នរាជស្វាយរៀងយកឈ្នះសូលទីឡូអង្គរ ៥-១ ឈរលេខ៣ជាមួយអ្នកគាំទ្រចំនួន១,២៥៣នាក់។
ដោយឡែក ជំនួបភ្នំពេញក្រោនយកឈ្នះអគ្គិសនីកម្ពុជា ៣-០ មានអ្នកទស្សនាផ្ទាល់ចំនួន១,០៧៦នាក់ ខណៈជំនួបអាស៊ីអឺរ៉ុបយកឈ្នះគីរីវង់សុខសែនជ័យ ១-០ មានអ្នកគាំទ្រចំនួន៥២៥នាក់ និងជំនួបគ្មានការស៊ុតបញ្ជូលទីគ្នារវាងយុវជនអាយុក្រោម១៨ឆ្នាំបាទី និងក្រសួងការពារជាតិមានអ្នកគាំទ្រចំនួន១៥០នាក់៕