កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ កីឡាករ Barcelona ត្រូវ​ពិនិត្យ​រក​ជំងឺ​គ្រុនក្តៅ មុន​ប៉ះ Napoli នៅ UCL
24, Feb 2020 , 9:59 pm        
រូបភាព
​កីឡាករ Barcelona ទាំងអស់​នឹងត្រូវ​ត្រួតពិនិត្យ​រក​ជំងឺ​គ្រុនក្តៅ​នៅពេល​ពួកគេ​ចុះចត​នៅ​ទីក្រុង Naples ថ្ងៃ​ចន្ទ​ទី​២៤ កុម្ភៈ​នេះ មុនពេល​ការប្រកួត Champions League ទល់នឹង Napoli។ វិធានការនេះ ធ្វេីឡេីងស្របពេល​ការផ្ទុះ​ឡើង​ខ្លាំង​នៃ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី​។ នេះ​បើតាម​ការផ្សាយ​របស់ ESPN​។


 
​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barca ត្រូវធ្វើ​ដំណើរ​ទៅ​ទឹកដី​អ៊ីតាលី​ដើម្បី​តតាំង​ជាមួយ Napoli ក្នុងជំនួប​ជើង​ទី​១ វគ្គ​១/៨​ផ្តាច់ព្រ័ត្រ ក្របខណ្ឌ​កំពូល​អឺរ៉ុប នា​រាត្រី​ថ្ងៃទី​២៥ ខែកុម្ភៈ​។ ក្រុង Naples ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​អ៊ីតាលី ជាទី​ដែល​ក្រុម​ទាំងពីរ​ត្រូវ​ប្រកួត​គ្នា​នោះ​នៅ​មិនទាន់​រកឃើញថា​មាន​ករណី​កូ​រ៉ូ​ណាវី​រុស​ឡើយ​។ ប៉ុន្តែ​នៅ​តំបន់ Lombardy និង Veneto ដែល​រកឃើញ​មាន​អ្នក​ឆ្លង ត្រូវ​បង្ខំ​ឲ្យ​ការប្រកួត​ចំនួន​បួន​គូ​នៅ​ក្របខណ្ឌ Serie A ត្រូវ​ពន្យារពេល​ដោយសារតែ​ការភ័យខ្លាច​ជំងឺ COVID-19 នេះ​។​
 
៤​គូ​ក្នុង​ក្របខណ្ឌ​កំពូល​អ៊ីតាលី​ដែល​ត្រូវ​លើក​ពេល​ប្រកួត​នៅ​ថ្ងៃទី​២៣ កុម្ភៈ​នោះ រួមមាន​ជំនួប Inter Milan ទល់ Sampdoria, Atalanta និង Sassuolo, Hellas Verona ទល់នឹង Cagliari និង Torino ជាមួយ Parma​។​
 
​ប្រភព​ច្បាស់ការ​មួយ​បាន​ប្រាប់ ESPN ថា​កីឡាករ​របស់ Barca ទាំងអស់​នឹងត្រូវ​ទទួល​ការត្រួត​ពិនិត្យមើល​កំដៅ​នៅពេល​ពួកគេ​ធ្វើដំណើរ​ដល់​ទឹកដី​អ៊ីតាលី ហើយ​ប្រសិនបើ​កីឡាករ​រូប​ណា​បង្ហាញ​សញ្ញា​ថា​មាន​បញ្ហា​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាម​តែម្តង​។​
 
​ករណី COVID-19 នេះ​ក៏​ធ្វើ​ឲ្យ​មានការ​ភ័យខ្លាច​ដល់​សាមី​កីឡាករ​ផ្ទាល់​ផងដែរ ដ្បិត​វីរុស​ឆ្លង​ដ៏​កាច​សាហាវ​នេះ​បាន​រាលដាល​ទៅកាន់​ប្រទេស​៣១​ហើយ​។ អ៊ីតាលី បាន​ក្លាយជា​ប្រទេស​ដែល​រាលដាល​ខ្លាំងជាងគេ​នៅ​អឺរ៉ុប​លើ​ករណី​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ក្នុងនោះ​តួលេខ​អ្នក​ឆ្លង​ជិត​២០០​នាក់ ហើយ​អ្នកស្លាប់​ឡើងដល់​៤​នាក់​។​
 
​សព្វថ្ងៃ ទីក្រុង​ចំនួន ១២ នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី ក៏ត្រូវ​បាន​បិទ​ផងដែរ ដើម្បី​រក្សា​កុំ​ឲ្យ​មានការ​កើនឡើង​ចំនួន​អ្នក​ឆ្លង និង​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​។ ចំណែក​ព្រឹត្តិការណ៍​កីឡា​មួយចំនួន​បានចាប់ផ្តើម​ផ្អាក និង​ពន្យារពេល​បណ្តើរៗ​ហើយ​ដែរ​៕

Tag:
 UEFA Champions League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com