ជាតិ
ករណី​ភ្លើង​ឆេះ​ព្រៃ​តំបន់​ប្រាសាទសំបូរព្រៃគុក​ពុំ​ធ្វើ​ឲ្យ​ខូចខាត​វត្ថុ​បុរាណ​ក្នុង​រមណីយដ្ឋាន​ឡើយ​
24, Feb 2020 , 10:39 pm        
រូបភាព
រូបភាពពីនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
រូបភាពពីនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ពុំបាន​ធ្វើ​ឲ្យ​មានការ​ខាតបង់​វត្ថុ​បុរាណ​ក្នុង​រមណីយដ្ឋាន​ក៏ដូចជា​ប្រាសាទ និង​ព្រៃឈើ​ធំៗ​ឡើយ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក មួយថ្ងៃ​ក្រោយ​ករណី​អគ្គិភ័យ​។​

 
​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា​៖ «​ការឆេះ​ព្រៃ​នេះ​គឺ​បណ្ដាលមកពី​ការធ្វេសប្រហែស​របស់​ប្រជាពលរដ្ឋ​ពី​ការដុត​គល់​ជ​ញ្ច្រាំ​ង ក្នុងពេល​កំពុងមាន​ខ្យល់​បក់​ខ្លាំង និង​បាន​បណ្ដាល​ឲ្យ​ឆេះ​ព្រៃ​ល្បាស់​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​។ ក្នុងករណីនេះ​បណ្ដាល​ឲ្យ​ឆេះ​ព្រៃ​ទំហំ​ប្រមាណ​២០​ហិកតា ប៉ុន្តែ​មិនបាន​ធ្វើ​ឲ្យ​មានការ​ខូចខាត​ខ្លាំង​ដល់​ប្រាសាទ ក៏ដូចជា​វត្ថុ​បុរាណ និង​ព្រៃឈើ​ធំៗ​នៅ​តំបន់​ប្រាសាទ​ទេ​»​។​
 
​ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម ឬ​អ្នក​ដែល​រស់​នៅតាម​តំបន់​ក្បែរ​ប្រាសាទបុរាណ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ដុត​ព្រៃ​ទាំងឡាយ ដែល​វា​បាន​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​បរិស្ថាន​៕

Tag:
 ​ភ្លើង​ឆេះ​ព្រៃ​
  សំបូរ​ព្រៃ​គុក
© រក្សាសិទ្ធិដោយ thmeythmey.com