ជាតិ
ករណីភ្លើងឆេះព្រៃតំបន់ប្រាសាទសំបូរព្រៃគុកពុំធ្វើឲ្យខូចខាតវត្ថុបុរាណក្នុងរមណីយដ្ឋានឡើយ រូបភាពពីនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
× ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ករណីភ្លើងឆេះព្រៃនៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ពុំបានធ្វើឲ្យមានការខាតបង់វត្ថុបុរាណក្នុងរមណីយដ្ឋានក៏ដូចជាប្រាសាទ និងព្រៃឈើធំៗឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងអាជ្ញាធរជាតិសំបូរព្រៃគុក មួយថ្ងៃក្រោយករណីអគ្គិភ័យ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា៖ «ការឆេះព្រៃនេះគឺបណ្ដាលមកពីការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋពីការដុតគល់ជញ្ច្រាំង ក្នុងពេលកំពុងមានខ្យល់បក់ខ្លាំង និងបានបណ្ដាលឲ្យឆេះព្រៃល្បាស់ក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។ ក្នុងករណីនេះបណ្ដាលឲ្យឆេះព្រៃទំហំប្រមាណ២០ហិកតា ប៉ុន្តែមិនបានធ្វើឲ្យមានការខូចខាតខ្លាំងដល់ប្រាសាទ ក៏ដូចជាវត្ថុបុរាណ និងព្រៃឈើធំៗនៅតំបន់ប្រាសាទទេ»។
ជាមួយគ្នានេះ អាជ្ញាធរជាតិសំបូរព្រៃគុក បានរំលឹកដល់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ឬអ្នកដែលរស់នៅតាមតំបន់ក្បែរប្រាសាទបុរាណឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបញ្ឈប់រាល់សកម្មភាពដុតព្រៃទាំងឡាយ ដែលវាបានបង្ករឲ្យមានគ្រោះថ្នាក់ និងប៉ះពាល់ដល់បរិស្ថាន៕
Tag:
ភ្លើងឆេះព្រៃ
សំបូរព្រៃគុក
© រក្សាសិទ្ធិដោយ thmeythmey.com