កីឡាអន្តរជាតិ
អន្តរជាតិ
ដោយសារ COVID-19 លី​គ​បាល់ទាត់​កូរ៉េខាងត្បូង ត្រូវ​ពន្យារពេល​បើក​រដូវ​កាល​ថ្មី​
24, Feb 2020 , 10:59 pm        
រូបភាព
​ក្របខណ្ឌ​លី​គ​កីឡាបាល់ទាត់​កំពូល​កូរ៉េខាងត្បូង (K-league) នៅ​ថ្ងៃ​ច័ន្ទ​ទី​២៤ កុម្ភៈ បាន​ពន្យារពេល​ការចាប់ផ្តើម​ប្រកួតប្រជែង​រដូវ​កាល​ថ្មី ដោយសារ​ការរីក​រាល​ដាល​យ៉ាង​ខ្លាំងក្លា​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) នៅ​ប្រទេស​ខ្លួន​។


 
«K-league បានសម្រេច​ចិត្ត​ពន្យារពេល​ជា​បណ្តោះអាសន្ន​អំពី​ការចាប់ផ្តើម​រដូវ​កាល​ថ្មី ឆ្នាំ ២០២០ រហូតដល់​ការ​រាលដាល​នៃ COVID-19 បាន​ធូរស្រាល​វិញ​»​។ នេះ​ជា​សេចក្តីប្រកាស​របស់ K-league ដែល​ដឹកនាំ​ការប្រកួត​លី​គ​បាល់ទាត់​លំដាប់​កំពូល​របស់​កូរ៉េខាងត្បូង​។​
 
K-league ដែលមាន​ក្រុម​សរុប​ចំនួន​១២​ចូលរួម​ប្រកួតប្រជែង​នៅ​ឆ្នាំនេះ គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ចុង​សប្តាហ៍​នេះ​។ ប៉ុន្តែ​អ្វីៗ​មិនអាច​ធ្វើបាន​តាម​វេលា​កំណត់​ឡើយ​ក្រោយពី COVID-19 ចាប់ផ្តើម​វាយលុក​ខ្លាំង​ក្នុងប្រទេស​នេះ​។​
 
​កូរ៉េខាងត្បូង បន្ត​រកឃើញ​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ជា​បន្តបន្ទាប់​។ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ក្រសួងសុខាភិបាល​កូរ៉េខាងត្បូង បានប្រកាស​ពី​ការ​តេស្ត​វិជ្ជមាន​មនុស្ស​៧០​នាក់​ទៀត​នៅ​កូរ៉េខាងត្បូង​រកឃើញ​វិជ្ជមាន COVID-19 ដែល​ក្នុងនោះ​៤១​នាក់​នៅ​ក្រុង Dae-gu, ១២​នាក់​នៅ​ប៊ូសាន ១២​នាក់​នៅ Gyeongbuk និង​៥​ករណី​ទៀត​នៅ​ក្រុង​ផ្សេងទៀត​។​
 
K-league បន្ថែម​ជុំវិញ​ការផ្អាក​នេះ​ទៀតថា​៖«​នេះ​ជា​វិធានការ​ដើម្បី​ការពារ​សុខភាព និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ រួមទាំង​កីឡាករ​របស់​យើង​ក្នុងការ​ទប់ស្កាត់ និង​ប្រឆាំងនឹង​ការផ្ទុះ​ឡើង​នៃ COVID-19 ដែល​ឈានដល់​ដំណាក់​ការ​ដ៏​ធ្ងន់ធ្ងរ​នេះ​»​។ 
 
​រហូតមកដល់​ពេលនេះ តួលេខ​ថ្មី​បង្ហាញថា​ករណី​ឆ្លង​វីរុស​ប្រល័យ​លោក​ថ្មី​មួយ​នេះ បានធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​នៅ​កូរ៉េខាងត្បូង​កើនឡើង​ដល់​៨៣៣​នាក់ ដែល​ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន ៧​នាក់​៕

Tag:
 K-league
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com