ជាតិ
កម្ពុជា ចង់ឱ្យ​អង់គ្លេស​ក្លាយជា​ដៃគូ​សន្ទនា​គ្រប់​ជ្រុងជ្រោយ និង​យុទ្ធសាស្ត្រ​របស់​អាស៊ាន​
24, Feb 2020 , 11:19 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា ចង់ឱ្យ​អង់គ្លេស​ក្លាយជា​ដៃគូ​សន្ទនា​គ្រប់​ជ្រុងជ្រោយ និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​អាស៊ាន​។ សម្ដេច ហ៊ុន សែន ថ្លែង​បែបនេះ នៅក្នុង​សន្និសីទកាសែត​ស្តីពី​«​ស្ថានការណ៍​ចុងក្រោយ​នៅ​កម្ពុជា​» នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០​។​


 
​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា អង់គ្លេស​ធ្លាប់បាន​ស្នើឱ្យ​កម្ពុជា ជួយ​គាំទ្រ​ខ្លួន​ឱ្យ​ក្លាយជា​ដៃគូ​របស់​អាស៊ាន​កន្លង​មក​ដែរ ។ កម្ពុជា​យល់ព្រម​តាម​សំណើ​អង់គ្លេស ប៉ុន្តែ​ក៏ត្រូវ​រង់ចាំ​សម្រេច​ជា​ឯក​ច្ឆ័​ន​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​សិន​។​
 
«​យើង​នឹង​ពិភាក្សា​ជាមួយ​ដៃគូ​ដទៃទៀត​របស់​អាស៊ាន​របស់​យើង ដើម្បី​ផ្ដល់នូវ​ការគាំទ្រ​សម្រាប់​ការធ្វើ​ភាពជា​ដៃគូ​រវាង​អាស៊ាន​ជាមួយនឹង​អង់គ្លេស ក្នុងពេលដែល​អង់គ្លេស​ចាក​ចេញពី​អឺរ៉ុប​។ ហើយ​ខ្ញុំ​មិន​ត្រឹមតែ​គាំទ្រ​អង់គ្លេស​ជា​ដៃគូ​សន្ទនា​គ្រប់​ជ្រុងជ្រោយ​ទេ ខ្ញុំ​ចង់ឱ្យ​អង់គ្លេស​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន និង​អង់គ្លេស​ថែម​ទៀតផង ក្នុងពេលដែល​អឺរ៉ុប​មិនទាន់​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន និង​អឺរ៉ុប​ទេ ដោយសារតែ​អាស៊ាន​មិន​សប្បាយចិត្ត​(​ជាមួយ​អឺរ៉ុប​)»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បន្ថែមថា ការ​សាង​ភាពជា​ដៃគូ​រវាង​អាស៊ាន និង​អង់គ្លេស វា​នឹង​ផ្ដល់​ផល​វិជ្ជមាន​ដល់​ប្រទេស​ក្នុង​តំបន់​ផងដែរ ខណៈ​អង់គ្លេស​គឺជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក្រៅពី​ចិន អាមេរិក បារាំង និង​រុស្ស៊ី​។​
 
​អង់គ្លេស បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៣១ មករា ឆ្នាំ​២០២០ ក្រោយពី​ពន្យា​ពេល​៣​ដង ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។ ការសម្រេចចិត្ត​ចាកចេញ​របស់​អង់គ្លេស​នេះ គឺជា​ការផ្ដាច់​ខ្លួន​ពី​សមាហរណកម្ម​នយោបាយ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ពី​ប្លុក​តំបន់​ដ៏​ធំ​មួយ​នេះ​។​
 
​បើតាម​សម្ដេច ហ៊ុន សែន អង់គ្លេស​អាចមាន​លទ្ធភាព​ច្រើន​ក្នុងការ​ក្លាយជា​ដៃគូ​សន្ទនា​គ្រប់​ជ្រុងជ្រោយ និង​យុទ្ធសាស្ត្រ​របស់​អាស៊ាន ក្រោយ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នេះ​។​
 
​សហភាព​អឺរ៉ុប ក៏​ចង់​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​អាស៊ាន​ដែរ ប៉ុន្តែ​ត្រូវបាន​បដិសេធ​

​សហភាព​អឺរ៉ុប បាន​ភ្ជាប់​ទំនាក់ទំនង​ភាពជា​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន តាំងពី​ឆ្នាំ​១៩៧២​មកម្ល៉េះ​។ កន្លងមក​សហភាព​អឺរ៉ុប ក៏​ចង់​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​អាស៊ាន​ដែរ ប៉ុន្តែ​ត្រូវបាន​រដ្ឋ​នៃ​សមាជិក​អាស៊ាន​បដិសេធ​។ មូលហេតុ​ដែល​រដ្ឋ​នៃ​បណ្ដា​អាស៊ាន មិន​សម្រេច​ឱ្យ​សហភាព​អឺរ៉ុប ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​អាស៊ាន​នោះ ដោយសារ​សមាជិក​មួយ​ចំនួន មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​អឺរ៉ុប ដែល​ធ្វើ​មកលើ​ខ្លួន​។ តួយ៉ាង​ដូចជា ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ដែលមាន​បញ្ហា​ពាណិជ្ជកម្ម​ដូងប្រេង​ជាមួយ​អឺរ៉ុប​, បញ្ហា​បង្ក្រាប​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក ឌឺ​ទ័​រ​តេ​, បញ្ហា​ជនភៀសខ្លួន​របស់​មី​យ៉ាន់​ម៉ា និង​បញ្ហានយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ឈានដល់​ការសម្រេចចិត្ត​ដល់​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជាដើម​។​
 
​សម្ដេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖«​នៅពេល​ឆ្នាំ​២០១៨ អឺរ៉ុប បានស្នើ​សុំឱ្យ​ក្លាយទៅជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​អឺរ៉ុប ប៉ុន្តែ​ប្រទេស​អាស៊ាន បាន​គ្រាន់តែ​និយាយថា នឹង​បន្ត​ពិភាក្សា​ដើម្បី​ឈាន​ខ្ពស់​ទៅរក​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​»​។​
 
​ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ប្រទេស​អាស៊ាន​ខ្លះ មិន​សប្បាយចិត្ត​ចំពោះ​វិធានការ​របស់​អឺរ៉ុប ដែល​បាន​អនុវត្ត​ច្បាប់​មកលើ​ពួកគេ​ឡើយ រួមទាំង​កម្ពុជា​ផងដែរ​។ បើតាម​សម្ដេច ហ៊ុន សែន ច្បាប់​នៅក្នុង​ប្រទេសមួយ ឬ​តំបន់​មួយ មិនអាច​យកមកអនុវត្ត​លើ​ប្រទេស ឬ​ក្រុម​មួយទៀត​បាន​នោះទេ​។ «​សុំឱ្យ​(​អឺរ៉ុប​)​មាន​ការគិត​ឱ្យបាន​ច្បាស់ ប៉ះពាល់​ជាមួយ​កម្ពុជា មានតម្លៃ​ស្មើនឹង​ប៉ះពាល់​ជាមួយ​អាស៊ាន​, ប៉ះពាល់​ជាមួយ​ឥណ្ឌូណេស៊ី មានតម្លៃ​ស្មើនឹង​ប៉ះពាល់​ចំពោះ​អាស៊ាន​,​ប៉ះពាល់​ចំពោះ​ម៉ាឡេស៊ី មានតម្លៃ​ស្មើនឹង​ប៉ះពាល់​ចំពោះ​អាស៊ាន , ប៉ះពាល់​ជាមួយ​ថៃ ឬ​ប៉ះពាល់​ជាមួយ​មី​យ៉ាន់​ម៉ា គឺមាន​តម្លៃ​ស្មើនឹង​ប៉ះពាល់​ជាមួយ​អាស៊ាន ព្រោះ​អាស៊ាន​ធ្វើការ​តាម​កុងសង់ស៊ីស (​មតិរួម​តែមួយ ឬ​ការសម្រេច​ចិត្តជា​លក្ខណៈ​ឯក​ច្ឆ័​ន​)»​។ នេះ​ជាការ​អះអាង​របស់​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា​។​
 
​បច្ចុប្បន្ន​អាស៊ាន ដែលមាន​រដ្ឋ​ចំនួន​១០​ប្រទេស​ជា​សមាជិក ហើយ​មាន​ប្រជាជន​ប្រមាណ​ជា​៦៤០​លាន​នាក់​នេះ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ទី​៣ របស់​អឺរ៉ុប បន្ទាប់ពី​ចិន និង​អាមេរិក​។ ទំហំ​ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​អឺរ៉ុប មាន​ជាង​២៦៣​ពាន់​លាន​ដុល្លារ​អាមេរិក នៅត្រឹម​ឆ្នាំ​២០១៨​។ នេះ​បើតាម​របាយការណ៍​រប​ស់​សហភាព​អឺរ៉ុប​។​
 
​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ផ្ដល់​ភាព​វិជ្ជមាន​ដល់​ពាណិជ្ជកម្ម​កម្ពុជា និង​អង់គ្លេស​
 
​អង់គ្លេស​បាន​នាំចូល​ទំនិញ​ពី​កម្ពុជា​ច្រើនជាងគេ ក្នុងចំណោម​ប្រទេស​នៃ​សមាជិក​អឺរ៉ុប​។ ទំនិញ​ដែល​កម្ពុជា​នាំ​ចូលទៅ​អង់គ្លេស​នោះ មាន​ទំហំ​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​។ អង់គ្លេស​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៣១ មករា ឆ្នាំ​២០២០ ។ ការសម្រេចចិត្ត​ចាកចេញ​របស់​អង់គ្លេស​នេះ គឺជា​ការផ្ដាច់​ខ្លួន​ពី​សមាហរណកម្ម​នយោបាយ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ពី​ប្លុក​តំបន់​ដ៏​ធំ​មួយ​នេះ​។​
 
​នៅពេល​អ្នកកាសែត​សួរថា តើ​កម្ពុជា អាច​នឹងមាន​ចរចា​ពាណិជ្ជកម្ម​សេរី​ទ្វេរ​ភាគី​ជាមួយ​អង់គ្លេស​ដែរ​ទេ​? សម្ដេច ហ៊ុន សែន មិនបាន​ឆ្លើយតប​ឱ្យចំ​សំនួរ​ឡើយ ដោយ​គ្រន់​តែ​បញ្ជាក់ថា កម្ពុជា​ពិតជា​ចង់បាន​ទំនាក់ទំនង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​ប្រទេស​នានា​។ «​ហើយ​ប្រសិនបើ​អង់គ្លេស​ចង់​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា កម្ពុជា​ស្វាគមន៍​។ យើង​អត់​មាន​យល់​ទាស់​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា​។​
 
​បើតាម​សម្ដេច ហ៊ុន សែន បច្ចុប្បន្ន​កម្ពុជា​កំពុង​ចរចា​ជាមួយ​ចិន លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​ត្រូវបាន​រំពឹងថា អាចឈាន​ដល់​ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង​អំឡុង​ខែវិច្ឆិកា​ខាងមុខ ក្នុងពេលដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១៣​។ ក្រៅពីនេះ​កម្ពុជា ក៏​កំពុង​ចរចា​កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េខាងត្បូង រួមទាំង​ប្រទេស​ជា​សមាជិក​អាស៊ី​-​អឺរ៉ុប ដូចជា រុស្ស៊ី និង​បេឡា​រ៉ុ​ស​ជាដើម​។ នេះ​ជាការ​អះអាង​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​ទំហំ​ពាណិជ្ជកម្ម​នាំចេញ​របស់​កម្ពុជា ទៅកាន់​បណ្ដា​ប្រទេស​នានា មាន​១៤​ពាន់​លាន​ដុល្លារ  ដោយ​ក្នុងនោះ​សហភាព​អឺរ៉ុប​មាន​ជាង​៤​ពាន់​លាន​ដុល្លារ ។ 
 
​កន្លងមក​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​លោក ស៊ា​ង ថៃ បាន​បញ្ជាក់ថា ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​ទេ ។ ផ្ទុយទៅវិញ វា​ផ្ដល់​ភាព​វិជ្ជមាន​ដល់​ទំនាក់ទំនង​ទ្វេភាគី រវាង​កម្ពុជា និង​អង់គ្លេស​។ បើតាម​លោក ស៊ា​ង ថៃ ទំនាក់ទំនង​ទ្វេរ​ភាគី​រវាង​កម្ពុជា និង​អង់គ្លេស​កាន់តែ​ល្អ​ថែមទៀត​៕

Tag:
 ហ៊ុន សែន​
  អាស៊ាន​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com