ជាតិ
បុណ្យ​ទន្លេ​លើក​ទី​៦ នឹង​រៀបចំ​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ នៅ​ខេត្តបាត់ដំបង​
25, Feb 2020 , 7:59 am        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នឹង​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​ឡើង ក្រោម​ប្រធានបទ​«​ទន្លេ​នៃ​សន្តិភាព​ទន្លេ​នៃ​វិបុលភាព​» ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់​បាន​ចូលរួម​កម្សាន្ត​ជាមួយនឹង​សកម្មភាព​មួយចំនួន​ដូចជា កីឡា​ប្រណាំង​កង់ រត់ប្រណាំង កីឡាប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ ការសម្ដែង​ទស្សនីយភាព​សិល្បៈ ពី​សិល្បៈករ​-​សិល្បៈការ​នី ជាតិ​និង​អន្តរជាតិ និង​មានការ​ដាក់តាំង​ពិព័រណ៍​ផលិតផល​ក្នុងស្រុក និង​ក្រៅ​ស្រុក ក៏ដូចជា​មហោរស្រព​ម្ហូបអាហារ​ផងដែរ​។​


 
​បើតាម​ក្រសួងទេសចរណ៍ បុណ្យ​ទន្លេ​លើក​ទី​៦​នេះ នឹង​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០ នៅ​ខេត្តបាត់ដំបង​។ លោក ជួន ជ័យ​សត្យា ប្រធាន​នាយកដ្ឋាន​ជំរុញ​ទេសចរណ៍​ក្នុងស្រុក បាន​លើកឡើងថា​«​ក្រៅពី​សកម្មភាព​កម្សាន្ត​ទាំងអស់​នេះហើយ គោលដៅ​ទេសចរណ៍​ជាច្រើន​នៅ​ខេត្តបាត់ដំបង បាន​ត្រៀម​រួចរាល់​សម្រាប់​ទទួល​ប្រជាពលរដ្ឋ ពិសេស​តំបន់​អាគារ​បេតិកភណ្ឌ ដូចជា​ភ្នំ​សំពៅ ភ្នំ​បាណន់ និង​ការ​ជិះ​ឡូរី​តាម​ជើងភ្នំ រូង​ប្រចៀវ និង​តំបន់​ប្រវត្តិសាស្ត្រ ដូចជា​ប្រាសាទភ្នំ​ឯក​ផងដែរ​»​។​
 
​លើសពីនេះទៅទៀត ក្រសួង​ក៏បាន​រៀបចំ​ការ​ទស្សនៈ​កិច្ច​ទៅកាន់​តំបន់​គោលដៅ​ទេសចរណ៍​នានា ជា​កញ្ចប់​សម្រាប់​ភ្ញៀវទេសចរ រយៈពេល​៤​ថ្ងៃ ដែល​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែកុម្ភៈ ក្នុងពេល​នៃ​ពិធីបុណ្យ​ទន្លេ​នេះ​ផងដែរ​។ ក្នុង​ពិធីបុណ្យ​ទន្លេ​នេះ ប្រជាពលរដ្ឋ​ទាំងអស់​អាច​ចូលរួម​កម្សាន្ត​ឲ្យ​បាន​ច្រើន និង​រក្សា​អនាម័យ ក៏ដូចជា​បរិស្ថាន​ឲ្យ​បានល្អ​។ សូមបញ្ជាក់ថា ពិធីបុណ្យ​លើក​ទី​៦​នេះ នឹង​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

Tag:
 បុណ្យ​ទន្លេ​
© រក្សាសិទ្ធិដោយ thmeythmey.com