ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
រដ្ឋាភិបាល ឈប់​យកពន្ធ​មួយឆ្នាំ លើ​អ្នកទិញ​ផ្ទះ​ក្រោម​៧​ម៉ឺន​ដុល្លារ
25, Feb 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​យកពន្ធ​ប្រថាប់ត្រា​ពី​អ្នកទិញ​លំនៅដ្ឋាន​តម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លារ​។ វិធានការ​នេះ គឺ​ក្នុងចំណោម​វិធាន​ការមួយចំនួន ដែល​សម្ដេច បានដាក់​ចេញ ដើម្បី​លើ​កកម្ពស់​វិស័យ​សហគ្រាស​ធន​តូច​និង​មធ្យម សម្រាប់​ពង្រឹង​សេដ្ឋកិច្ចជាតិ ខណៈ​កម្ពុជា​ប្រឈម​នឹង​បញ្ហា EBA និង​ជំងឺ COVID-19​។

 
«​លើកលែង​ពន្ធ​ប្រថាប់ត្រា​សម្រាប់​អ្នកទិញ​ផ្ទះ ដែលមាន​តម្លៃ​ទាប​ជាង​៧​ម៉ឺន​ដុល្លារ​អា​មេ​រិក ក្នុង​រយៈពេល​មួយឆ្នាំ ដោយ​គិតពី​ខែកុម្ភៈ​ឆ្នាំ​២០២០ ដល់​ខែមករា​ឆ្នាំ​២០២១ សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន ដែល​ចុះបញ្ជី​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ និង​នៅ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថុ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​សម្ដេចនាយក​រដ្ឋ​ម​ន្ត្រី ក្នុង​ពិធី​ថ្លែង​សារ​ជូន​ប្រជាជន​កម្ពុជា​ពាក់ព័ន្ធ​ស្ថានភាព​ថ្មីៗ​ចុងក្រោយ នា​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព​។​
 
​ជាមួយគ្នានេះដែរ ប្រមុខ​រដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទាំងអស់ ឲ្យ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ប​ញ្ចុះថ្លៃ​ផ្ទះ​ទៅតាម​លទ្ធភាព ដែល​អាចធ្វើ​ទៅបាន​។ លើសពីនេះ ប្រមុខ​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែលមាន​លទ្ធភាព ទិញ​ផ្ទះ​ក្នុងឱកាស​នេះ ដោយ​មិន​យកពន្ធ​។ 
 
​ពាក់ព័ន្ធ​នឹង​សហ​គ្រាស​ធន​តូច និង​មធ្យម សម្ដេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា កម្ពុ​ជាមាន​សក្ដានុពល​ខាង​សហ​គ្រា​សធន​តូច និង​មធ្យម​ច្រើន តាមរយៈ​ការតាំងពិព័រណ៍​កន្លងមក​។ ការពង្រឹង​វិស័យ​សហគ្រាស​ធន​តូច​និង​មធ្យម​នេះ គឺជា​បង្កើន​ផលិតភាព​ការងារ និង​ប្រែក្លាយ​វិស័យ​សហគ្រាស​ធន​តូច​និង​មធ្យម ឲ្យ​ក្លាយ​ឆ្អឹងខ្នង​សេដ្ឋកិច្ចកម្ពុជា​។ 
 
​សម្តេច មានប្រសាសន៍ថា​៖«​បើ​យើង​ទៅ​មើល​ការតាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក គឺ​ពិត​ជាមាន​ច្រើន ហើយ​ផលិតផល​ទាំងអស់ គឺមាន​លទ្ធភាព​ដើម្បី​ពង្រីក​កាន់តែ​ធំ​។ ហើយ​ផលិតផល​ទាំងនោះ មួយផ្នែក​ជំនួស​ឲ្យ​ការ​នាំចូល ហើយ​មួយផ្នែក​ទៀត​ក៏​សម្រាប់​ការនាំចេញ​ដែរ ដោយ​យើង​មិន​ពឹងពាក់​តែ​វិស័យ​កាត់ដេរ ដែល​នាំទៅដល់​ការដែល​គេ​រឹតបន្តឹង​លើ​បញ្ហា​នេះ បញ្ហា​នោះ​។ សេដ្ឋកិច្ចកម្ពុជា​ត្រូវតែ​សម្បូរបែប អ៊ីចឹង​បញ្ហា​ដែល​ត្រូវធ្វើ គឺ​លើកទឹកចិត្ត​ឲ្យ​សហគ្រាស​ធន​តូច​និង​មធ្យម ដើរតួនាទី ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​ប្រទេស​របស់​យើង​»៕

Tag:
 សម្ដេច ហ៊ុន សែន​
  លំនៅដ្ឋាន​
  ពន្ធ​ប្រថាប់ត្រា​
© រក្សាសិទ្ធិដោយ thmeythmey.com