រថយន្ត
អន្តរជាតិ
ចរាចរណ៍​យានយន្ត​នៅ​ក្រុងប៉ារីស ថយចុះ​៨,១​ភាគរយ ប៉ុន្តែ​ការកកស្ទះ​នៅតែ​ជា​បញ្ហា​
24, Feb 2020 , 8:39 pm        
រូបភាព
ដោយ: ធីតា
​នា​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ ចរាចរណ៍​យានយន្ត​នៅតាម​ដងផ្លូវ​ក្នុង​ក្រុងប៉ារីស បាន​បន្ត​ថយចុះ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ Les Echos ដោយ​ផ្អែកលើ​ទិន្នន័យ​របស់​អង្គភាព​ផ្លូវថ្នល់ និង​ដឹកជញ្ជូន​ក្រុងប៉ារីស​។​

 
​ទិន្នន័យ​បានបង្ហាញ​ថា ចរាចរណ៍​យានយន្ត​នៅ​ប៉ារីស បាន​ថយចុះ ៤,៨​ភាគរយ​នៅ​ឆ្នាំ​២០១៧ ថយ ៥​ភាគរយ​នៅ​ឆ្នាំ​២០១៨ ហើយ​បន្ត​ថយ ៨,១​ភាគរយ​ទៀត​នៅ​ឆ្នាំ​២០១៩​។ តួលេខ​នេះ ផ្តល់នូវ​ភាព​រីករាយ​សម្រាប់​លោក​ស្រី Anne Hidalgo ដែលជា​អភិបាល​ក្រុងប៉ារីស ដោយ​លោកស្រី បាន​អនុវត្ត​ការផ្តល់​អាទិភាព​ការធ្វើ​ចរាចរណ៍​ទៅតាម​ប្រភេទ​យានយន្ត​។​
 
​តាម Les Echos ដដែល ក្រោម​អណ​ត្តិ​របស់លោក Anne Hidalgo ចរាចរណ៍​យានយន្ត បាន​ថយចុះ​ក្នុង​រង្វង់​១៩​ភាគរយ ដែលជា​និន្នាការ​ថ្មី​មួយនា​រយៈពេល​ជិត​៣០​ឆ្នាំ​ចុងក្រោយ​។ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩២​មក ចរាចរណ៍​នៅ​ក្រុង​បារី​ស ក៏បាន​ថយចុះ ៥២​ភាគរយ​ផងដែរ​។​
 
​អត្រា​ថយចុះ​នេះ បណ្តាលមកពី​ការអនុវត្ត​គោលការណ៍​ចំណត​ចាប់តាំងពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ ការបិទ​ចរាចរណ៍​នៅតាម​ដង​ទន្លេ (​ឆ្នាំ​២០១៦) ក៏ដូចជា​ការបង្កើត​ផ្លូវ​អាទិភាព​ផ្សេងៗ​សម្រាប់​អ្នកជិះ​កង់ និង​ថ្មើរជើង ជាដើម​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ កម្រិត​នៃ​ការកកស្ទះ​ចរាចរណ៍​ក៏​មិនទាន់មាន​ភាព​វិជ្ជមាន​ផងដែរ ដោយ​ការកកស្ទះ​កើន ៣៩​ភាគរយ ពោលគឺ​កើន​៣​ពិន្ទុ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​។ នៅ​បារាំង ប៉ារីស មានការ​កកស្ទះ​ចរាចរណ៍​ជាង​ក្រុង Marseille, Bordeaux, Grenoble និង Nice​។​
 
​របាយការណ៍​ក៏​បង្ហាញ​ផងដែរ​ថា ការកកស្ទះ​នៅ​ឲ្យ​អ្នកបើកបរ ខាត​ម៉ោង​ការងារ​សរុប​ចំនួន​១៦៣​ម៉ោង​នៅ​ឆ្នាំ​២០១៩ ដែល​លើសពី​ឆ្នាំ​២០១៨៕

© រក្សាសិទ្ធិដោយ thmeythmey.com